ព័ត៌មានជាតិ
ទូតរុស្ស៊ី៖ កម្ពុជា គឺជាដៃគូដ៏យូរអង្វែងប្រកបដោយទំនុកចិត្តរបស់រុស្ស៊ី
«កម្ពុជា គឺជាដៃគូដ៏យូរអង្វែងប្រកបដោយទំនុកចិត្តរបស់រុស្ស៊ី» នេះ គឺជាការគូសបញ្ជាក់របស់លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាអំពីចំណងទាក់ទងរវាងកម្ពុជា និងរុស្ស៊ី។ លោកទូតរុស្ស៊ី គូសបញ្ជាក់យ៉ាងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកម្ពុជា-រស្ស៊ី។ លោក Anatoly BOROVIK ក៏បានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏យូរអង្វែងប្រកបដោយទំនុកចិត្តរបស់រុស្ស៊ីរហូតមក ដោយភ្ជាប់ជាមួយនឹងការថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលតែងបានសម្តែងនូវភាពកក់ក្តៅជូនប្រទេស និងប្រជាជនរុស្ស៊ី។ លោកបានបន្ថែមថា កន្លងមកប្រទេសទាំងពីរបានបន្តថែរក្សាពូនជ្រុំទំនាក់ទំនងឱ្យកាន់តែប្រសើរតាមរយៈកិច្ចសន្ទនានយោបាយទៀងទាត់ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ សំដៅធានាបាននូវសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ីក៏បានគាំទ្រផងដែរលើការខិតខំបន្តពង្រឹងរួមគ្នានូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែករវាងកងទ័ពជើងគោកតាមរយៈការរកឱ្យឃើញនូវកាលានុវត្តភាពថ្មីៗ និងយន្តការសហប្រតិបត្តិការថ្មីៗប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរឹងមាំ។

ជាការឆ្លើយតបវិញ លោកហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់អំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ។ ក្នុងនាមប្រជាជនកម្ពុជា និងយោធិននៃកងយោធពលខេមរភូមិន្ទ លោកបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រុស្ស៊ីក្នុងកាលៈទេសៈ ដែលកម្ពុជាជួបការលំបាក ដោយក្នុងនោះ រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង ស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម រួមទាំង ការកសាង និងពង្រឹងកងទ័ពកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបនេះ។
ក្នុងដំណាក់កាលថ្មីនេះ លោកហ៊ុន ម៉ាណែត បានគាំទ្រលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងរឹងមាំទាំងបច្ចុប្បន្ន និងតទៅអនាគត ដោយចាប់ផ្តើមពីអង្គភាពប្រតិបត្តិដូចជាកងទ័ពជើងគោក ជាពិសេស ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើសមិទ្ធិផលកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជាមូលដ្ឋាន និងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងកងទ័ព និងប្រទេសជារួម៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


