Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត ព្រមានចាត់វិធានការជនខិលខូច លួចកាប់ព្រៃដុតរានយកដី ធ្វើកម្មសិទ្ធិខុសច្បាប់

បានផុស

នៅ

អាជ្ញាធរខេត្តស្ទឹងត្រែង ព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះជនខិលខូចណា ដែលលួចកាប់ព្រៃដុតរានយកដីធ្វើកម្មសិទ្ធិ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ព្រោះ​សកម្មភាព​ទាំងនេះ អាជ្ញាធរ​ធ្លាប់បាន​ណែនាំ​រួចមកហើយ​តែ​អ្នក​ទាំងនោះ​មិន​ស្តាប់​តាម​អាជ្ញាធរឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជា ថា​វរិ​ទ្ធ ​អភិបាលរង​ខេត្ត​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​នៅ​ថ្ងៃទី​២៨ ខែធ្នូ​ម្សិលមិញ​នេះ​ថា លោក​និង​ចាត់​វិធាន​ច្បាប់​ចំពោះ​ជនខិលខូច​ ដែល​ចេះតែ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យចូល​កាប់​ព្រៃ​ដុត​រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធមិន​គោរព​ច្បាប់ ទោះបី​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ណែនាំ​យ៉ាងណា​ក៏​ដោយ​។ លោក​អភិបាលរង​បន្តថា ​ប្រជាពលរដ្ឋ​មួយចំនួន​មិនមាន​ដីធ្លី​មែន តែ​ក្រៅពីនេះ​ក៏​មាន​អ្នក​លោភលន់​មួយចំនួនទៀត​មកពី​ខេត្ត​នានា​ឬ​នៅក្នុង​ខេត្ត​ផ្ទាល់​ទៅ​ចាប់យក​ដី​នឹង​លួច​សង់ផ្ទះ​ទៅលើ​ដី​ ដែល​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ហាមប្រាម នៅតែ​នាំគ្នា​ទៅធ្វើ​ទាំង​បំពាន ដូចនេះ​សូមឱ្យ​អាជ្ញាធរ​ស្រុក​នីមួយៗ​ចុះ​អនុវត្ត​នីតិ​វិធី​ជាក់ស្តែង​។​

លោក​ លី ​មីណា​ អភិបាល​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​បញ្ជាក់ថា​ រឿងនេះ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមច្បាប់​បើ​បុគ្គល​ណា ដែល​មិន​គោរព​តាម​ការណែនាំ​ហើយ​លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះខាត​ដី​ពិតប្រាកដ​នោះ ត្រូវដាក់​ពាក្យស្នើសុំ​មក​អាជ្ញាធរ​តាមរយៈ​ភូមិ​ឃុំ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្នែក​ជំនាញ​ស្នើសុំ​បន្តទៅ​ខេត្ត​ផ្តល់ជូន តាម​ការខ្វះខាត​ជាក់ស្តែង​។ លោក​បន្តថា អាជ្ញាធរ​ស្រុក​បានស្នើ​សុំ​សម្បទាន​ដី​សង្គមកិច្ច​ក្នុង​គម្រោង (LASED )III មាន​ទំហំ​៣៦០០​ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ ចំនួន​៣​រួមមាន​-​ភូមិ​អន្លង់​ស្វាយ​- ភូមិ​លើ​- ភូមិ​កណ្តាល​-​ក្នុង​ឃុំ​ព្រះ​រំកិល​ស្របតាម​បណ្តោយ​ផ្លូវ​លេខ​៩២(​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​សុ​ភ័​ក្រ​មិត្ត​) ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ពិតប្រាកដ​។

លោក​ មិញ​ស៊ីចាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោ​ដី​ខេត្ត​ស្ទឹ​ង​ត្រែង​បាន​បញ្ជាក់ថា ដី​ដែលមាន​ទំហំ​៣៦០០​ហិកតា នេះ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​ថ្នាក់​ខេត្ត បាន​ចុះ​សិក្សា​និង​កំណត់​អត្តសញ្ញាណ​កម្ម​ដី​រដ្ឋ​រួចហើយ ដើម្បី​ត្រៀម​ផ្តល់ជូន​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទូទៅ ក្នុង​គម្រោង​បែងចែក​ដី​សង្គមកិច្ច ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

សូមបញ្ជាក់ថា សកម្មភាព​ចាប់យក​ដី​ធ្វើជា​កម្ម​សិទ្ធ​នេះ​ ភាគច្រើន​កើតឡើង​នៅ​ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ជារឿយៗ​មកហើយ តែ​ពុំ​ទទួលបាន​លទ្ធផល​ល្អ​ទេ ព្រោះ​សង្កេតឃើញថា​ ការ​ចម្រុងចម្រាស់​រឿង​ដី​នេះ​ដោះស្រាយ​មិនចេះចប់​ឡើយ​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម