Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា គាំទ្រ​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ត្រៀម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​លោក កឹម សុខា អតីត​ម​ដឹកនាំ​គណបក្សប្រឆាំង ដែល​កំពុង​រង​ការចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​នោះ បាន​ប្រកាស​គាំទ្រ​ដល់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​គម្រោង​ផែនការ​ក្នុងការ​ត្រៀម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង ហើយ​លោក​ក៏បាន​អបអរសាទរ និង​កោតសរសើរ​ផងដែរ ចំពោះ​សប្បុរសជន ដែល​បាន​ចូលរួម​ជា​ថវិកា​ដោយ​ទឹកចិត្ត​ជ្រះថ្លា ជូនទៅ​រាជរដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ​។

លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​រសៀល​នេះ​ថា “​ខ្ញុំ​សូម​ចូលរួម​គាំទ្រ​ដល់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាពិសេស​នៅពេល​ថ្មីៗ​នេះ ខ្ញុំ​សូម​គាំទ្រ​នូវ​គម្រោង​ផែនការ​ដែល​ដាក់​ចេញមក​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទាន់ពេលវេលា​ក្នុងការ​ត្រៀម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​យើង​ដោយ​ឥតគិតថ្លៃ​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កឹម សុខា លើកឡើង​ទៀតថា “​ខ្ញុំ​សូម​អបអរសាទរ និង​កោតសរសើរ​ក្រៃលែង ចំពោះ​សប្បុរសជន ដែល​បាន​ចូលរួម​ជា​ថវិកា​ដោយ​ទឹកចិត្ត​ជ្រះថ្លា ជូន​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​នឹង​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ចូលរួម​ជា​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​នេះ ដោយ​ទឹកចិត្ត​សប្បុរសធម៌ សាមគ្គី​ជាតិខ្មែរ ខ្មែរ​ជួយ​ខ្មែរ ក្នុង​គ្រា​មាន​អាសន្ន​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​។

ទន្ទឹម​នឹង​នេះ ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អំពាវនាវ​ដល់​សហ​គម​ន៍​អន្តរជាតិ ប្រទេស​អភិវឌ្ឍន៍​មាន​ធនធាន មាន​មធ្យោបាយ សូម​ជួយ​ផ្ដល់​នូវ​វ៉ាក់សាំង​ការពារ​នឹង​កូ​វីដ​-១៩​នេះ ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ តាម​លទ្ធភាព ប្រកបដោយ​មនុស្សធម៌​”​។

​សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០​នេះ ថវិកា​សប្បុរសជន​ចូលរួម​ជាមួយ​សម្តេច ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​ជាង​១៨ លាន​ដុល្លារ​អាមេរិក​ហើយ​។ ក្នុង​នោះ ភាគច្រើន​បានមកពី​ឧកញ៉ា​ល្បីៗ​នៅ​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា សប្បុរសជន​ដែល​ចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល អាច​ចូល​តាម​ប្រភព​ចំនួន​ពីរ​រួម​មាន​៖ ចូល​តាមរយៈ​លោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​លេខ​ទូរ​សព្ទ 012 961 971 ប្រចាំ​ការទទួល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​តាមរយៈ​ធានា​គារ ABA លេខ​គណនេយ្យ (001249176) Tep Sothy​។

​ជា​ជំហាន​ដំបូង​រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​សម្រាប់​ការទិញ​១​លាន​ដូ​ស (​មួយ​លាន​ដូ​ស​) ក្នុងដំណាក់កាល​ដំបូង ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង ដែល​មាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែលមាន​ហានិភ័យ​។ មួយ​លាន​ដូ​ស​ចាក់​បានត្រឹមតែ​មនុស្ស​៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ (​ព្រោះ​ម្នាក់​ត្រូវ​ការ​ចាក់​២​ដង​) ក្នុង​ពេល​កម្ពុ​ជាមាន​ប្រជាជន​១៦ លាន​នាក់ ទាំងចាស់ទាំងក្មេង ដែល​ក្នុង​នោះ​មនុស្ស​ប្រមាណ​១០​លាន​នាក់​ត្រូវ​ការ​ចាក់​វ៉ាក់សាំង៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម