ព័ត៌មានជាតិ
ឯកអគ្គរាជទូត បេ្តជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងប្រទេសកម្ពុជា និងជប៉ុន
ការបង្ហាញនូវការប្តេជ្ញានេះ បានធ្វើឡើង ខណៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយលោក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដែលជំនួបនេះធ្វើឡើង ដើម្បីពិភាក្សាអំពីការអញ្ជើញលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុននាពេលខាងមុខ។
នៅក្នុងជំនួបនោះ លោក Mikami Masahiro បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលក្នុងនោះទំនាក់ទំនងលើវិស័យការពារជាតិ ក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សំខាន់មួយ គឺការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ហើយក៏ជាការបញ្ជូនកងស្វ័យការពារជប៉ុនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុនផងដែរ។
បើតាមលោក Mikami Masahiro ដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ២០២២ គឺចំពេលនៃការប្រារព្ធខួប ទី៣០ឆ្នាំ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការថែរក្សាសន្តិភាពនេះ។
ជាមួយគ្នានោះ លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេសការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ជា មេបញ្ជាការ។ លើសពីនេះ លោកឯកអគ្គរាជទូត ក៏បានបង្ហាញនូវការបេ្តជ្ញា បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ទោះបីជាមានការរំខានដោយសារកត្តាជំងឺកូវីដ-១៩ យ៉ាងណាក៍ដោយ។

ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះ សមេ្តចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតធ្វើឱ្យមានការកែលម្អស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ថា ប្រទេសជប៉ុនប្តេជ្ញាជួយដល់កម្ពុជាក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ឱ្យទទួលបានជោគជ័យ។ ទន្ទឹមនោះផងដែរ លោកឯកអគ្គរាជទូត ក៏បានអបអរសាទរ ដែលលោក ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អតាំងពីអតីតកាលមក ជាអាទិ៍ ការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួយក្នុងការកសាង និងអភិវឌ្ឍកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើន ក៏ដូចជាជំនួយឧបត្ថម្ភនានាក្នុងពេលចំពោះមុខ សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ លោកក៍បានថ្លែងអំណរគុណសម្រាប់ការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសស្របពេលនៃការប្រារព្ធខួបទី៣០ នៃប្រតិបត្តិការរក្សាសន្តិភាពជាប្រវត្តិសាស្ត្ររបស់ជប៉ុននៅកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ដែលមានដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម ហើយសង្ឃឹមថា សកម្មភាពទាំងនេះ នឹងចាប់ផ្តើមមានសន្ទុះឡើងវិញនៅក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


