ព័ត៌មានជាតិ
ជនជាតិព្នង ក្នុងភូមិឃុំក្បាលរមាស នៅបន្តរំឭកពិធីសែនព្រេន បែបប្រពៃណីដូនតា
ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងបានរៀបចំពិធីសែនព្រេន តាមប្រពៃណីពីបុរាណ ដើម្បីសុំសេចក្តីសុខ ពីអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ទីភូមិករ ដែលផ្តល់សេចក្តីសុខចំរើនក្នុងការរស់នៅ ការដាំដំណាំលូតលាស់បានផ្លែផ្កាល្អចិញ្ចឹមកូនចៅ។

លោក សែ សាមី ជនជាតិព្នង នៅភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស បានបញ្ជាក់ថា ពិធីសែនព្រេនដូនតានេះ បានប្រារព្ធធ្វើនៅថ្ងៃទី ១៦ ខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីបួសសួងទៅដូនតានិងបារមីវត្ថុសក្ដិសិទ្ធិថែរក្សាទឹកដីភូមិករ សុំសេចក្តីសុខចម្រើនដល់ការរស់នៅរបស់ជនជាតិដើមភាគតិច និងរក្សាបានប្រពៃណីដើមមិនឲ្យបាត់បង់ផង។ លោកថា ពិធីនេះកាលពីជំនាន់ដើមបងប្អូនជនជាតិព្នង, ព្រៅ, គួយ, ចារាយ, ការវែត, ស្ទៀង, ខិ, លន់, កញ្ជាក់, ស្មូន។ល។ គឺសែនព្រេនម្តង ត្រូវកាប់ក្របី ខ្មៅ ក្របីស មាន់ ជ្រូក ផ្លែឈើ ស្រាពាង នំចំណីអាហារ ផ្សេងៗធ្វើនៅតាមទីតាំងព្រៃអារក្សអ្នកតាភ្នំ រៀងៗខ្លួនទៅតាមទម្លាប់។

លោកក៏បានបន្តថា បច្ចុប្បន្នពិធីនេះ បានកាត់បន្ថយខ្លះៗហើយ គឺមិនបានកាប់សម្លាប់ក្របី ជ្រូកទេ គឺគ្រួសារនីមួយៗ មកចូលរួមសែនយកតែអាហារ នំ ចំណី ស្រាដប ស្រាពាង រៀងៗខ្លួនមកសែនព្រេនប្រាប់ដល់ដូនតាជាដំណឹង សូមឱ្យកូនចៅរស់នៅក្នុងភូមិ សុំឲ្យមានសេចក្តីសុខចម្រើន។


លោកតា ញ៉យ សារ៉ូ អាយុ ១០៥ ឆ្នាំ ជាមេកន្ទ្រាញជនជាតិព្នងដឹកនាំពិធីសែនព្រាននេះ បានបញ្ជាក់បន្ថែមថា ជនជាតិព្នងមានជំនឿទៅលើដូនតា ព្រោះចាស់ទុំធ្លាប់ធ្វើបង្ហាញកន្លងមក ហើយពេលធ្វើនេះក៏មានបំណងឱ្យកូនចៅជំនាន់ក្រោយបន្តធ្វើតាម ដើម្បីតែសេចក្តីសុខសប្បាយក្នុងភូមិតែប៉ុណ្ណោះ។ លោកតា បានបន្តថា ពិធីនេះធ្វើឡើងនៅក្នុងខែកុម្ភៈ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៥ បងប្អូនរើសយកថ្ងៃណាមួយក៏បាន នៅពេលជិតបុណ្យចូលឆ្នាំ ព្រោះមានសមាជិកថ្មីចេញចូលមកលេងក្នុងភូមិ ហើយជាទម្លាប់មួយទៀតធ្វើនៅខែមិថុនា ជិតដល់ពេលចេញទៅធ្វើស្រែចម្ការ ដើម្បីសុំឲ្យអ្នកតាព្រៃភ្នំជួយថែរក្សាភោគផលឲ្យគង់វង្សកុំឲ្យសត្វព្រៃស៊ីបំផ្លាញ។

លោក សុវណ្ណ ពិសេដ្ខ អភិបាលស្រុកសេសាន បានលើកឡើងថា ពិធីសែនព្រេននេះ អាជ្ញាធររីករាយណាស់ ព្រោះបានឃើញសកម្មភាពស្រុះស្រួលគ្នារបស់បងប្អូនជនជាតិ បានមកជួបជុំសប្បាយហើយក្រុមការងារថ្នាក់ស្រុកក៏នៅតែបន្តគាំទ្របងប្អូនជានិច្ច។ លោកថា នេះជាការបង្ហាញឲ្យឃើញពីទឹកចិត្តបងប្អូនជនជាតិ ចេះរួមសាមគ្គីគ្នាថែរក្សាប្រពៃណីជនជាតិដើម-ទំនៀមទម្លាប់ និងបង្ហាញឱ្យកូនចៅជំនាន់ក្រោយ និងប្រជាពលរដ្ឋភ្ញៀវទេសចរ បានឃើញនិងបានស្គាល់បន្ថែមទៀត។

សូមបញ្ជាក់ថា នេះជាប្រពៃណីជនជាតិដើមភាគតិចដែលពួកគាត់បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីឱ្យកូនចៅជំនាន់ក្រោយជួយថែរក្សា និងធ្វើការប្រតិបត្តិទៅតាមតែប៉ុណ្ណោះ ព្រោះទំនៀមទម្លាប់មួយចំនួនត្រូវបានធ្វើកាត់បន្ថយហើយ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


