Connect with us

ព័ត៌មានជាតិ

ការ​រីក​រាលដាល​រប​ស់ Omicron នឹង​ធ្វើ​ឲ្យ​រំខាន​ទៅដល់​ការ​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ

បានផុស

នៅ

លោកស្រី ឆាយ សៀវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​ណ៏​កម្ពុជា​បាន​មាន​ប្រសា​ស​ន៍​ប្រាប់​កម្ពុ​ជាថ្មី​ថា ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ឬ Omicron នេះ បើ​ទោះបី​ជា​មិន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត ប៉ុន្តែ​វា​ធ្វើ​ឲ្យ​រំខាន​ទៅដល់​ការ​បើកទ្វា​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ ហើយក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​មួយចំនួន​របស់​សមាគម​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ឆាយ សៀវ​លីន បញ្ជាក់ថា ជុំវិញ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ឬ Omicron នេះ ធ្វើអោយ​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ជាមួយគ្នា​នោះ សមាគម​ក៏បាន​លុបចោល​នូវ​ផែនការ​សកម្មភាព​មួយចំនួន​ផងដែរ ដូចជា​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់ភ្នំ តំបន់ឆ្នេរ​ជាដើម ដោយ​សម្រេចចិត្ត​លើក​ពេល​សិន​។ ដូច្នេះ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Omicron នេះ ពិតជា​បានធ្វើ​ឲ្យ​រំខាន​ដល់​ផែនការ​សកម្មភាព​រប​ស់​សមាគម​។

បើ​តាម​លោកស្រី ឆាយ សៀវ​លីន មានការ​លើកឡើង​ពី​សមាជិក​របស់​សមាគម ដោយ​ពួកគាត់​បារម្ភ​ខ្លាច​មានការ​លុបចោល​នូវ​ការ​កក់​របស់​ភ្ញៀវ ពីព្រោះ​ចាប់តាំងពី​ប្រទេស​យើង​បើកទ្វារ​ទទួល​ទេសចរ​ឡើងវិញ យើង​ទទួលបាន​ការចាប់អារម្មណ៍ ហើយ​ទទួល​បានការ​កក់​ជា​ហូរហែរ​នូវ​កញ្ចប់​ទស្សនកិច្ច បើទោះបីជា​ភ្លាមៗ​មិនទាន់មាន​ច្រើន​ក៏ដោយ ប៉ុន្តែ​ទទួលបាន​ការ​កក់​ទុក​សម្រាប់​នាពេល​អនាគត​ច្រើន​។

ជាមួយគ្នា​នោះ​លោកស្រី ឆាយ សៀវ​លីន បាន​អះអាងថា ការរីក​រាលដាល​នៃ​ជំងឺ​ប្រភេទ​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ នៃ​ការបើកទទួល​ទេសចរ​របស់​កម្ពុជា ហើយ​នៅពេលដែល​មានការ​លុប​ការ​កក់​នោះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​មូលដ្ឋាន ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ផងដែរ ដូច្នេះ​យើង​អាច​នឹង​ជួប​វិបត្តិ​ម្ដងទៀត​។

ជាមួយគ្នា​នោះ ​លោកស្រី​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល សូម​ឲ្យ​រឹត​បន្តឹង​ដល់​ការ​ជួបជុំ​ខ្នាត​ធំ ពីព្រោះ​ការផ្ទុះ​ចេញ នៃ​ការ​រីក​រាលដាល​នេះ ភាគច្រើន គឺ​ផ្ដើមឡើង​ពី​ការ​ជួបជុំ​ខ្នាត​ធំ ដែល​មាន​មនុស្ស​រាប់​ពាន់នាក់​ចូលរួម ហើយ​នៅពេល​មានកម្ម​វិធី​ធ្វើ​ឲ្យ​ពួកគាត់​ភ្លេចខ្លួន​មិនបាន​អនុវត្ត​វិធានការ​របស់​សុខាភិបាល ដែល​មាន​៣​កុំ ៣​ការពារ​ជាដើម​។ លោកស្រី​ថា បើទោះបីជា​ការរីក​រាល​ដាល នៃ​ប្រភេទ​មេរោគ​កន្លែង​ថ្មី​នេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​បាត់បង់​អាយុជីវិត​ក៏ពិតមែន ប៉ុន្តែ​វា​បាន​រំខាន​ទៅដល់​ការបើកទ្វារ​ប្រទេស​ឡើងវិញ​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម