Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ៖ ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បា​​នលើកឡើងថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ។ ការលើកឡើង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ខាងលើនេះ គឺនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតក្នុងនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២នេះ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសំណង់ព្រះវិហារថ្មីៗ និងសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួម នៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរ របស់ប្រជាពលរដ្ឋយើង។

ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់សព្វថ្ងៃនេះ កម្ពុជាមានវត្តព្រះពុទ្ធសាសនាជាង ៥,០០០វត្តទៅហើយ ដែលនេះជាការបញ្ជាក់បានថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុង ទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានក្នុងរយៈពេលជាង ៤០ កន្លងមកនេះ។ បើមានការដឹកនាំខុស គឺវិស័យសាសនា និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការគោរពប្រតិបត្តិសាសនា នឹងត្រូវរលាយបាត់បង់។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងសង្គមប្រជាធិបតេយ្យ មិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសនានាលើសាកលលោក ការលេចឡើងនូវអ្នកដឹកនាំ ដែលត្រូវទទួលកាន់ចង្កូតនាវាប្រទេសជាតិ គឺអាចនឹងមានបេក្ខជនច្រើន ដូចនឹងការរីកដុះដាលស្អេកស្កះ នៃរុក្ខជាតិផ្សិតក្នុងរដូវភ្លៀងធ្លាក់ ដែលក្នុងនោះមានផ្សិតខ្លះពោរពេញដោយជីវជាតិផ្តល់ ឲ្យអ្នកហូបទទួលបានសុខភាពល្អ ហើយក៏អាចមានផ្សិតខ្លះទៀត ជាផ្សិតពុលអាចបង្កជម្ងឺ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតក៏ថាបាន។ ដូច្នេះការជ្រើសរើសឱ្យបានត្រឹមត្រូវ គឺមានតែពឹងទៅលើការពិចារណាឱ្យបានហ្មត់ចត់ល្អិតល្អន់ តាមរយៈមេរៀន បទពិសោធន៍ ឬលទ្ធផលស្រាវជ្រាវពិសោធន៍ជាក់ស្តែង ដែលយើងធ្លាប់បានឆ្លងកាត់ផ្ទាល់ ឬអ្នកដទៃចែករំលែកឱ្យបានដឹង និងស្គាល់តែប៉ុណ្ណោះ។

ក្នុងន័យនេះ ជាក់ស្តែងណាស់ នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេ ក្នុងនាមជាអ្នកនយោបាយ ប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យ​ខ្ពង់ខ្ពស់ ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើន នៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ ដោយខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងស្រុកតំបែរ និងខេត្តត្បូងឃ្មុំទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋ ក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះ នៅក្នុងឆ្នាំ ២០២២ និង ២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម