ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបបើកសម្ពោធនេះ មានសេវាកម្មព្យាបាលជំងឺអ្វីខ្លះ ?
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

តាមព័ត៌មានពីមន្ទីរពេទ្យបានឲ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានបំពាក់នូវឧបករណ៏រូបភាពវេជ្ជសាស្រ្តបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីនស្កេនណែរ១២៨ស្លាយ (scanner 128slices), ម៉ាស៊ីន អឹមអរអាយ១.៥ តេស្លា(MRI 1.5 tesla ), ម៉ាស៊ីន ឆ្លុះសរសៃរឈាម ( angiography), ម៉ាស៊ីន កាំរស្មីអិច ឌីជីថាល់ (X-Ray ), ម៉ាស៊ីន អេកូសាស្រ្ត។
លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មន្ទីរពេទ្យនេះ មានបន្ទប់វះកាត់ចំនួន៩ ដែលមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រង់នោម វះកាត់បេះដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រោងនោម និងថ្លើម ជាដើម។ លោកថា មន្ទីរពេទ្យនេះ ត្រូវបានរៀបចំឡើងដោយស្របតាមនិយាមអន្តរជាតិ ហើយមានសមត្ថភាពព្យាបាលមិនចាញ់មន្ទីរពេទ្យក្រៅប្រទេសនោះឡើយ។
ជាមួយនឹងវត្តមានឧបករណ៍វេជ្ជសាស្ត្រទំនើបៗដែលបំពាក់ក្នុងមន្ទីរពេទ្យនេះ លោក តាន់ សុគន្ធ សម្តែងក្តីសង្ឃឹមថា នឹងធ្វើឱ្យការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងពិធីសម្ពោធ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់១១ជាន់ ជាមួយប្រវែង៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។ មន្ទីរពេទ្យនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ។

ចំណែកលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះសមិទ្ធផលនៃមន្ទីរពេទ្យព្រះកុសុមៈ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ដែលកើតចេញពីចំណងមិត្តភាពដ៏រឹងមាំរវាងចិន និងកម្ពុជា។ លោកសង្ឃឹមជឿជាក់ថា តាមរយៈមន្ទីរពេទ្យនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជនកម្ពុជា។
មានប្រសាសន៏នៅក្នុងពិធីសម្ពោធ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះការទទួលបានសមិទ្ធផលមន្ទីរពេទ្យនេះ ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាពអាចធ្វើបាន។ ទោះជាយ៉ាងណា សម្តេចតេជោ បានជំរុញបង្កើនសមត្ថភាពរបស់គ្រូពេទ្យ ពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព។
សូមបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (អតីតពេទ្យលោកសង្ឃ) ក៏មានសេវាព្យាបាលប្រជាពលរដ្ឋតាមរយៈប័ណ្ណ ប.ស.ស ផងដែរ ដែលមានដូចជា៖ ១, សេវាសង្រ្គោះបន្ទាន់២៤ម៉ោង ២, សេវាព្យាបាលវះកាត់ដោយវេជ្ជបណ្ឌិតឯកទេស: វះកាត់ ត្រចៀកច្រមុះបំពង់ក តំរង់នោម ប្រព័ន្ធប្រសាទ… ៣, សេវាពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅនិងឯកទេសដូចជា: សើស្បែក ពិនិត្យផ្ទៃពោះ ពិនិត្យបេះដូង ក្រពះ ពោះវៀន ថ្លើម… ៤, សេវាថតឆ្លុះដោយឧបករណ៏ទំនើប ៥, បន្ទប់សម្រាកព្យាបាលដែលប្រើប្រាស់សេវាបសស មានភាពស្អាតសមរម្យ មានម៉ាស៊ីនត្រជាក់ ៦, ទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់៕ កោះកែវ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


