Connect with us

កីឡា

តម្លៃ​ពលកម្ម​របស់ វឿន វាសនា បន្ត​កុងត្រា​ថ្មី​នៅ​តៃវ៉ាន់ ជាង ១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល

បានផុស

នៅ

កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានទម្លាយអំពីប្រាក់ពលកម្មជាផ្លូវការ ចំពោះការបន្តកុងត្រាថ្មី សម្រាប់ការលេងនៅក្លិប Win Streak រដូវកាលក្រោយ ២០២៦-២០២៧ ដោយទទួលបានរហូតដល់រាប់ម៉ឺនដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ ក្លិបបាល់ទះ Win Streak បានប្រកាសជាផ្លូវការអំពីការបន្តកិច្ចសន្យាថ្មីជាមួយស្មាត់ស្តាំ វឿន វាសនា នៅរដូវកាល ២០២៦-២០២៧ ខាងមុខមួយរដូវកាលទៀត បន្ទាប់ពីស្មាត់ស្តាំវ័យ ២៥ ឆ្នាំ កម្ពុជា ១.៩៦ ម៉ែត្ររូបនេះ បានលេងនៅទីនោះ ៣ រដូវកាលរួចមកហើយ។

នៅថ្ងៃទី ២៣ ខែ មិថុនា នេះ លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះកម្ពុជា បានទម្លាយច្បាស់ៗ ថា ការបន្តកិច្ចសន្យាថ្មីនេះ វឿន វាសនា នឹងទទួលបានថ្លៃពលកម្មជាង ១០ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។

គួរបញ្ជាក់ ថា វឿន វាសនា បានលេងនៅក្លិប Win Streak ៣ រដូវកាលហើយ ពោលគឺនៅរដូវកាល ២០២៣-២០២៤, ២០២៤-២០២៥ និង ២០២៥-២០២៦ ខណៈនៅរដូវកាល ២០២៦-២០២៧ ខាងមុខមួយទៀត គឺជារដូវកាលទី ៤។

អំឡុងពេលលេងនៅ តៃវ៉ាន់ ៣ រដូវកាលកន្លងមក ស្មាត់វ័យ ២៥ ឆ្នាំកម្ពស់ ១.៩៦ ម៉ែត្រ បានបង្ហាញគុណផលយ៉ាងអស្ចារ្យ ដោយបានជួយឱ្យក្លិប Win Streak ឈ្នះពានលីគ ២ រដូវកាលជាប់គ្នា នៅរដូវកាល ២០២៣-២០២៤ និង ២០២៤-២០២៥។

រដូវកាលមុន ២០២៥-២០២៦ រូបគេបានជួយឱ្យក្រុមឈ្នះពានលីគវគ្គរដូវកាលដំបូង ប៉ុន្តែឈានចូលការប្រកួតជុំផ្តាច់ព្រ័ត្រដណ្តើមជើងឯក កីឡាករមិនបានលេងនោះទេ ដោយសារបទបញ្ញត្តិរបស់ FIVB បានកំណត់មិនឱ្យកីឡាករជាប់ជម្រើសជាតិលេង។

ទោះបីជាយ៉ាងណា នៅរដូវកាល ២០២៥-២០២៦ វឿន វាសនា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេបំបែកកំណត់ត្រាក្លាយជាកីឡាករក្នុងលីគបាល់ទះតៃវ៉ាន់ដំបូងគេ ដែលអាចរកបានលើស ១ ពាន់ពិន្ទុក្នុងមួយរដូវកាល ពោលគឺចំនួន ១,០២៨ ពិន្ទុ។ ជាមួយគ្នានេះ កីឡាករបានឈ្នះពានឯត្តជន ២ គឺពានកីឡាកររកបានពិន្ទុច្រើនបំផុត និងអ្នកលេងស្មាត់ស្តាំល្អបំផុត៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម