Connect with us

ព័ត៌មានជាតិ

តុលាការ​កាត់ទោស​អ្នកជំនួញ​ចិន​បើក​កន្លែង​សេព​គ្រឿង​ញៀន

បានផុស

នៅ

ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ លោកស្រី​ យិច ឈាណាវី​ នៅ​ព្រឹកថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ​​២០២២នេះ ​បានបើក​សវនា​ការកាត់​ទោស​បុរសជន​ជាតិចិន​ម្នាក់​ដែល​ជាប់ពាក់ព័ន្ធ​​ជំនួញ​គ្រឿង​ញៀន​ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បុរសជនជាប់ចោទ​ដែល​តុលាការ​កម្ពុជាកាត់ទោស​ឈ្មោះ Chen xin zhuang អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅប្រទេសចិន ជាម្ចាស់ខុនដូជួលមួយកន្លែងស្ថិតនៅផ្លូវលេខ ៩៥ ​សង្កាត់​បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក Chen xin zhuang ត្រូវបានតុលាការ​សម្រេច​ចោទ​ប្រកាន់ពីបទ «ជួញដូរ បទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទ​រក្សា​ទុកកាន់កាប់អាវុធគ្មានច្បាប់អនុញាត បទបំពានវិធានការរដ្ឋបាល​ដើម្បីការពារ​ការឆ្លង​ជំងឺ​កូវីដ​១៩»។

ជនជាប់ចោទបានបដិសេធ​ចំពោះការរកឃើញគ្រឿងញៀន និងកាំភ្លើងនៅក្នុងខុនដូ ប៉ុន្តែទទួលស្គាល់ការបំពានបំរាមវិធានការរដ្ឋបាល។

លោក Chen xin zhuang បានសារភាពថា ខ្លួនបានជួលខុនដូមួយកន្លែងចំនួន៣ ជាន់ គឺជាន់ទី ៧ ទី ៨ និងទី ៩​ដើម្បី​បើកខារ៉ាអូខេ ក្នុងនោះនៅជាន់ទី៧ បើកកន្លែងទទួលភ្ញៀវផឹកតែនៅជាន់ទី៨ និងបើកកន្លែងវាយ​កូន​ហ្គោល​នៅជាន់ទី៩ ក្នុងតម្លៃ១ខែ ១៣ ០០០ដុល្លារ។ លុះដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ ក៏ត្រូវ​បាន​សមត្ថកិច្ចកម្ពុជាចុះទៅចាប់ខ្លួនខណៈកំពង់រៀបចំខួបកំណើតឱ្យមិត្តភ័ក្រនៅជាន់ទី៧។

នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀននៅខាងក្រោយវាំងដើម្បីទុកប្រើប្រាស់ខ្លួនឯង និងបានទិញកាំភ្លើងខ្លីមួយដើម​ពីបុរសម្នាក់ក្នុងតម្លៃ ​៥០០ដុល្លារ ​មកទុក​ក្នុង​ទូរដែក ប៉ុន្តែសូមបដិសេធចំពោះគ្រឿងញៀនមួយចំនួន​ទៀតដែលសមត្ថកិច្ចរកឃើញ​នៅក្នុងខុន​ដូរ​នោះ ព្រោះខ្លួនគេបានជួលបន្ទប់ខារ៉ាអូខេឱ្យអ្នកផ្សេងធ្វើអាជីវកម្ម។

​កញ្ញា សុង​ ឆវ័ន្ត​ ជា​តំណាងអយ្យការ​បានបញ្ជាក់ថា ជនជាប់​ចោទមិន​មានភស្តុតាង​ផ្ទុយ​ដើម្បី​បង្ហាញ​​ពី​ភាពសុច្ចរិតទេ និងស្នើឱ្យ​ក្រុមប្រឹក្សា​តុលាការ​សម្រេចតាមច្បាប់​។

​លោកស្រីចៅក្រម​ យិច​ ឈាណាវី​ បាន​កំណត់យកថ្ងៃទី​ ១១ ឧសភា​ ឆ្នាំ​ ២០២២ ​ខាងមុខដើម្បី​ប្រ​កាស​សាលក្រម៕

អត្ថបទ៖មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម