Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន រម្លឹកប្រាប់ លោក Jonh Sanderson អំពីសមិទ្ធផល UNTAC

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រាប់ Jonh Sanderson អំពីសមិទ្ធផលដែល UNTAC សម្រេចបាន ដោយរម្លឹកឡើងវិញពីបេសកកម្មរបស់ អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់-UNTAC) ក្នុងការអនុវត្តគោលដៅសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមទាំងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ បើទោះបីជាមានការធ្វើពហិការបស់ក្រុមខ្មែរក្រហម និងការបន្តសង្រ្គាមបែបឧទ្ទាមរបស់ពួកនេះក៏ដោយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងពីសមិទ្ធផលមួយចំនួន ដែលសម្រេចបាននាសម័យ អ៊ុនតាក់នោះ បានធ្វើឡើង នៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកឧត្ដមសេនីយ៍ឯក ចន សេនដឺសុន អតីតមេបញ្ជាការរបស់កងកម្លំាងអន្តរជាតិ UNTAC អតីតមេបញ្ជាការកងទ័ពអូស្រ្ដាលី និងជាអតីតអភិបាលរដ្ឋ Western Australia ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី និងខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើត UNTAC ។  

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ក្រោយការដកចេញពីកម្ពុជារបស់ UNTAC សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញ និងស្ថិរភាពទាំងស្រុងនៅក្នុងប្រទេស នៅឆ្នាំ១៩៩៨។

លោកបានគូសបញ្ជាក់ពីការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា ដោយមានប្រសាសន៍ថា កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាមធ្យមលើសពី ៧ ភាគរយ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក បានធ្វើឱ្យប្រទេសកម្ពុជាងើបចេញពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ ២០១៥។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូន ឧត្ដមសេនីយ៍ឯក សេនដឺសុន ផងដែរ អំពីមោទនភាពរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេស ដែលទទួលយកកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសមួយ ដែលរហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំង ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមសេនីយ៍ឯក សេនដឺសុន បានសម្តែងការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរអង្វែង ចាប់តាំងពីការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ១៩៥១ មក។

លោកឧត្តមសេនីយ៍ឯក សេនដឺសុន បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សនៅកម្ពុជា និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយជោគជ័យ ក៏ដូចជាការបញ្ជូនកងកម្លាំងកម្ពុជារាប់ពាន់នាក់ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម