ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជាស្នើឲ្យដៃគូអភិវឌ្ឍន៍នានា ជួយផ្តល់ជំនួយសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩បន្ថែម
ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើដល់ ដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និង ពហុភាគីជួយផ្តល់ជំនួយបច្ចេកទេស ឬ ហិរញ្ញប្បទានឥតសំណង ឬ ជាកម្ចីដែលមានសម្បទានខ្ពស់សម្រាប់លទ្ធកម្មទិញវ៉ាក់សាំងជំងឺកូវីដ១៩បន្ថែម។
ការលើកឡើងរបស់លោកបានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល, តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ទាំងពហុភាគី និងទាំងទ្វេភាគី ដែលរួមមាន៖ អង្គការសុខភាពពិភពលោក (WHO), អង្គការយូនីសេហ្វ (UNICEF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុបប្រចាំកម្ពុជា (EU), មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើម។

លោកបានបន្តទៀតថា កម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនឲ្យបានប្រមាណ ១០ លាននាក់ ដោយក្នុងនោះ “មជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសកល” (COVAX Facility) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាននាក់។ ដោយឡែក នៅសល់ប្រមាណ ៦ ទៅ ៧ លាននាក់ទៀតដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយផ្គត់ផ្គង់ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងដោយការធ្វើលទ្ធកម្មទិញដោយរាជរដ្ឋាភិបាលផ្ទាល់។
លោកបានបន្ថែមថា «ក្នុងន័យនេះខ្ញុំសុំឲ្យដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និង ពហុភាគី ចូលរួមសហការឲ្យកាន់តែជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីវាយតម្លៃ និងកំណត់ចំនួនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវទិញ និងជួយកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា»។
លោកបានបន្តថា «រាជរដ្ឋាភិបាលសូមស្វាគមន៍ ចំពោះការចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ ទាំងក្នុងរូបភាពជាជំនួយបច្ចេកទេស ឬហិរញ្ញប្បទានឥតសំណង ឬ ជាកម្ចីដែលមានសម្បទានខ្ពស់ ចំពោះថវិកាសម្រាប់លទ្ធកម្មទិញវ៉ាក់សាំង និងថវិកាសម្រាប់ចំណាយប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង ហើយរាជរដ្ឋាភិបាលនឹងធ្វើការបំពេញបន្ថែម ក្នុងករណីមានការខ្វះខាត»។
លោកបានបន្តទៀតថា «ការមកដល់នៃ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនត្រឹមតែជួយធ្វើឲ្យយើងអាចកម្ចាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនោះទេ តែថែមទាំងនឹងបើកឱកាសឲ្យប្រទេសកម្ពុជាយើងអាចវិលត្រឡប់ទៅកាន់សភាពធម្មតាវិញ ពោលគឺអាចស្តារ និងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ប្រកបដោយកំណើនខ្ពស់, ធន់នឹងវិបត្តិ និងកាន់តែភាពប្រកួតប្រជែងខ្លាំង ជាងមុន ក៏ដូចអាចកសាងនូវប្រព័ន្ធបែងចែកឡើងវិញនូវផលនៃកំណើនឲ្យកាន់តែប្រសើរឡើង ពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលដៅធានាឲ្យបាននូវស្ថិរភាព និងភាពរីកចម្រើនរុងរឿងនៃប្រទេសយើង»។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំ និងអនុវត្តគម្រោងទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។
លោកបានបន្តថា ប៉ុន្តែកិច្ចការទិញវ៉ាក់សាំងបង្ការកូវីដ-១៩នេះ ចាំបាច់ត្រូវតែធ្វើដោយប្រុងប្រយ័ត្នដើម្បីធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទាំងនេះ ចាំបាច់ត្រូវតែមានពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់អំពីបរិការណ៍ និងកត្តាសត្យានុម័តគន្លឹះមួយចំនួនផងដែរ។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ពី អង្គការសុខភាពពិភពលោក តែប៉ុណ្ណោះ ទោះបីទិញតាមរយៈ COVAX Facility ក្តី ឬតាមរយៈការទិញផ្ទាល់ពីក្រុមហ៊ុនផលិត និងតាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?