Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ប្រមាណ​២០​ស្ថាប័ន ស្វែងយល់​ពី​ការ​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡ​ស៊ី

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ប្រមាណ​៣០​នាក់ មកពី​២០​ស្ថាប័ន ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​សាធារណជន​អំពី​ការអនុវត្ត​សាកល្បង​គម្រោង​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី (Payment for Ecosystem Services) ឬ​ហៅ​កាត់​ថា ភី​អ៊ី​អេស (PES) ដែល​ជា​យន្តការ​ហិរញ្ញវត្ថុ សំដៅ​ដល់ “​អ្នកប្រើប្រាស់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ត្រូវ​បង់ថ្លៃ​ជា​សាច់ប្រាក់​ដល់​អ្នក​ដែល​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​សេវាកម្ម​ដែល​ផលិត​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ណាមួយ​” ដែល​ដំណើ​ទស្សនកិច្ច​នេះ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ពី​គោលបំណង នៃ​ដំណើរ​ទស្សនកិច្ច​ក្រុម​អ្នកសារព័ត៌មាន​នេះ​ថា គឺ​ដើម្បី​ឲ្យ​ការអនុវត្ត​សាកល្បង​ការ​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​អាច​ប្រព្រឹត្ត​ទៅ​បាន ចាំបាច់​ត្រូវមាន​ការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន និង​អ្នក​ពាក់ព័ន្ធ​បាន​យល់ដឹង​អំពី​៖ ១)​សារៈសំខាន់​នៃ​សេវាកម្ម​ប្រព័ន្ធ​អ​កូ​ឡូ​ស៊ី​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន ២)​គោលបំណង​នៃ​ការអនុវត្ត PES ៣)​យន្តការ​នៃ​ការអនុវត្ត​PES ៤)​ថវិកា​ប៉ាន់ស្មាន​ពី​ការអនុវត្ត PES និង៥)​ការប្រើប្រាស់​ថវិកា​ដែល​ប្រមូលបាន​ពី​ការអនុវត្ត PES​។

លោក​រដ្ឋលេខាធិកា​រ​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ភារកិច្ច​ដល់​ក្រសួងបរិស្ថាន​ពិនិត្យ​និង​សិក្សា​អនុវត្ត​សាកល្បង​ការ​បង់ថ្លៃ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ជាមួយ​អ្នកពាក់ព័ន្ធ និង​រៀបចំ​គោល នយោបាយ​នៃ​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ដើម្បី​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​។

លោក​រដ្ឋលេខាធិការ​បា​ន​ពន្យល់​ថា ប្រព័ន្ធ​អេកូឡូស៊ី សំដៅ​ដល់​អន្តរ​ទំនាក់ទំនង​រវាង​ភាវៈ​មានជីវិត និង​មជ្ឈដ្ឋាន ឬ​ទីជម្រក​ដែល​ពួកវា​រស់នៅ ហើយ​លំហូរ​នៃ​អន្តរ​ទំនាក់ទំនង​នេះ​បង្កើត​បាន​ជា​ប្រយោជន៍​ជាច្រើន​សម្រាប់​មនុស្ស ដែល​យើង​ហៅថា “​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​” ហើយ​ចាំបាច់​បំផុត​ត្រូវការ​ការពារ​និង​អភិរក្ស​ឲ្យ​បាន​គង់វង្ស​ដូចជា​ការពារ​ប្រភព​ទឹក​ក្រោម​ដី​សម្រាប់​ការប្រើប្រាស់​យូរអង្វែង​។ ទឹក​គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី​។ បើ​គ្មាន​ទឹក នោះ​មនុស្ស​សត្វ រុក្ខជាតិ​នឹង​ស្លាប់​។

លោក​នេត្រ ភក្ត្រា បាន​បន្ថែមថា ការកើនឡើង​នៃ​ចំនួន​មនុស្ស នៅលើ​ពិភពលោក បាន​បង្កើត​នូវ​សេចក្តីត្រូវការ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី តែ​ការផ្គត់ផ្គង់​របស់​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​មានការ​ថយចុះ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព្រោះ​មនុស្ស​ភ្លេច​គិតថា​មនុស្ស​យើង​មាន​ទំនាក់ទំនង​ទៅ​នឹង​ធម្មជាតិ ហើយ​យើង​ក៏​មិនបាន​យកចិត្តទុកដាក់​ដល់​សុខភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​បាន​ផ្តល់​សេវា​និង​ផលប្រយោជន៍​ដល់​យើង​ដែរ​។ ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​គាំទ្រ​កិច្ចការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅមានកម្រិត​កំណត់ ដូច្នេះ​យើង​ត្រូវ​ចូលរួម​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ពី​អ្នក​ដែល​បាន​ប្រើប្រាស់​វា ជា​ប្រយោជន៍​។

លោក​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា «​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់លាស់​ពី​គម្រោង​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ព្រោះ​វា​មាន​តួនាទី​ចាំបាច់​ក្នុងការ​ចូលរួម​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​។ តាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន យើងខ្ញុំ​សង្ឃឹម​និង​ជឿជាក់​ថា សាធារណជន​នឹង​យល់​កាន់​តែ​ច្បាស់​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ភព​ផែនដី​ជា ពិសេស​សម្រាប់​មនុស្ស ហើយ​អ្នក​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​នឹង​ចូលរួម​អនុវត្ត​គម្រោង​សាកល្បង​នេះ​ឱ្យបាន​ជោគជ័យ​»​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម