Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

បានផុស

នៅ

“អ៊ុយក្រែនមិនមែនត្រូវការតែអាវុធមួយមុខប៉ុណ្ណោះទេ ឯការកែនកងទ័ពយកមកប្រើប្រាស់អាវុធទាំងនោះក៏ចាំបាច់ដូចគ្នា” ។ នេះបើយោងតាមការលើកឡើងរបស់ប្រធាន​គណៈកម្មាធិការ​យោធាអង្គការ​ណាតូលោក Rob Bauer​ និងចុះផ្សាយដោយសារព័ត៌មាន Kyiv Post កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ។

លោក Rob Bauer

លោក Rob Bauer ​បាន​និយាយ​នៅ​ក្នុង​វេទិកា​សន្តិសុខទីក្រុងកៀវថា “អ៊ុយក្រែនមិនត្រឹមតែត្រូវការគ្រាប់បែកដៃថ្មីៗ រថក្រោះ និងរថពាសដែកប៉ុណ្ណោះទេ អ៊ុយក្រែនក៏ត្រូវការកម្លាំងទ័ពថ្មីផងដែរ ដោយសារតែមានទាហានស្លាប់ និងត្រូវរបួសជាច្រើន ដូច្នេះជំហានដំបូងយើងត្រូវនិយាយពីការកែនទ័ព បន្ទាប់មកពិភាក្សាពីការចុះចូល” ។

ប្រមុខយោធាអង្គការណាតូរូបនេះបញ្ជាក់បន្ថែមថា មុខព្រួញមួយទៀតសម្រាប់ការការពារប្រទេស គឺមិនត្រឹមតែអាវុធ ឬលុយកាក់បណ្ណោះទេ ប៉ុន្តែក៏ត្រូវមានជំនួយគាំទ្រពីសង្គមជាតិផងដែរ ដោយសារតែការរក្សាទឹកដីកុំឲ្យបាត់បង់ក្នុងទំហំណាមួយ គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នាក្នុងប្រទេសរបស់ខ្លួន ពោលមិនមែនត្រឹមតែប្រមុខរដ្ឋ ឬរដ្ឋមន្ត្រីការពារជាតិតែម្នាក់ឯងនោះទេ ។

ថ្លែងក្នុងជំនួបពិភាក្សាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba, លោក Bauer បានលើកឡើងទៀត “ខណៈពេលដែលពិភពលោកមានសុទិដ្ឋិនិយមឈ្នះសង្គ្រាមខ្លាំងពេកកាលពីឆ្នាំ ២០២៣ កន្លងទៅ ដូច្នេះចំពោះឆ្នាំ ២០២៤ នេះវិញ យើងមិនគួរបង្កកំហុសដូចពេលមុនៗឡើយ ពោលកុំដាក់ក្ដីសង្ឃឹមឈ្នះសង្គ្រាមខ្លាំងពេក ។ ទោះយ៉ាងណា យើងមាន​ហេតុផល​គ្រប់​បែបយ៉ាង​លើ​សមត្ថភាព​អ៊ុយក្រែន​ក្នុង​ការ​សម្រេច​បាន​ជោគជ័យលើសមរភូមិប្រយុទ្ធ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី ចាប់ផ្តើមផលិតគ្រាប់បែកគួរឲ្យខ្លាចខ្នាតធំ ទុកប្រើក្នុងសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម