ព័ត៌មានជាតិ
ក្រុមមន្ត្រីពាក់ព័ន្ធជិត៨០០នាក់ ចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការការពាររមណីយដ្ឋានអង្គរ
ក្រុមមន្ត្រីចំនួនជិត៨០០នាក់ មកពីក្រសួងស្ថាប័នចំនួន៣បានចាប់ផ្តើមចុះប្រមូលទិន្នន័យ កំណត់និយាមការលើសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ។
យុទ្ធនាការបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ដោយមានកម្លាំងសរុបចំនួន៧៧៩រូប ចែកចេញជា៣២ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ចំនួន៤៣៩រូប, មន្ដ្រីរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បះ ចំនួន២៣២ រូប និងមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន១០៨រូប ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ឯកសារស្ថិតិប្រជាពលរដ្ឋស្ថិតក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានាឆ្នាំ២០០៤-២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់ស្របច្បាប់ ឬមិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា យុទ្ធនាការនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវ រក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល ។ ក្នុងពេលថ្មីៗនេះ នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមកក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។ សំណង់ខុសច្បាប់អស់ទាំងនេះត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តិផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត។

យោងតាមរបាយការណ៍របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាដោយសារកំណើននៃសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ មានការកើនឡើងខ្លាំងនោះ ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានទទួលលិខិតព្រមាន និងស្នើសុំឲ្យបកស្រាយចំនួន២ដង ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ។

បច្ចុប្បន្នសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានមានចំនួន៨ពាន់៤៤៨សំណង់ ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានហៅសំណង់ខុសច្បាប់ទាំងនោះថា ជាសំណង់ដ៏គួរឲ្យខ្មាសអៀន។ ក្នុងថ្ងៃបើកយុទ្ធនាការវាស់វែងនោះដែរឯកឧត្តម ជា សុផារ៉ា អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលខេត្ត ព្រមទាំងឯកឧត្តម អស់លោក លោកស្រីក្រុមការងារ បានចុះពិនិត្យស្ថានភាព និង សកម្មភាពរបស់ក្រុមការងារប្រមូលទិន្នន័យ កំណត់និយាមការ លើសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ព្រមទាំងបានធ្វើការណែនាំមួយចំនួនដល់ក្រុមការងារទៀតផង ៕
អត្ថបទ៖ គឿនវេត


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


