ព័ត៌មានជាតិ
ខេត្តរតនគីរី បានបន្ថែមអភិបាលរង៤រូបទៀត ខណៈអភិបាលរង២រូបត្រូវបានផ្ទេរទៅកាន់ខេត្តផ្សេង
អភិបាលរងខេត្តរតនគិរីចំនួន៤រូប ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលរង៤រូបបន្ថែមនេះ ត្រូវបានតែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២។
អនុក្រឹត្យនេះ បានសរសេរថា សម្រេចតែងតាំងមន្រ្តីរាជការចំនួន៤រូប ឲ្យកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី៖ ១- លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។
២- លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។ ៣- លោក ម៉ា វិចិត្រ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។ និង ៤- លោក វ៉ាន់ សោភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ ជាអភិបាលរងខេត្ត។
ចំណែក យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលមួយទៀត ចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ គឺត្រូវបានផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន២រូប រួមមាន លោក គិត ទ្រី ពីអភិបាលរងខេត្តរតនគិរី ទៅជាអភិបាលរងខេត្តស្ទឹងត្រែង និងលោក យឹម ផែន ពីអភិបាលរងខេត្តរតនគិរី ទៅជាអភិបាលរងខេត្តស្ទឹងត្រែង។ រីឯ លោក ជា ថាវរិទ្ធ ពីអភិបាលរងខេត្តស្ទឹងត្រែងមកជាអភិបាលរងខេត្តរតនគិរី និងលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ មកជាអភិបាលរងខេត្តរតនគិរី។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការស្វាគមន៍ការចូលកាន់តំណែងអភិបាលរងនៃគណ:អភិបាលខេត្ត និងផ្តាំផ្ញើដល់លោកអភិបាលរងខេត្តដែលត្រូវបានតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារ:កិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ជាពិសេស ត្រូវសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង,ស្រុក,ឃុំ,សង្កាត់ប្រកបដោយមនសិការវិជ្ជាជីវ: មានការទទួលខុសត្រូវ និងប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
ដោយឡែក លោក ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ មានប្រសាសន៍សម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំរួមគ្នាយ៉ាងសកម្មបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវសម្រេចបានសមិទ្ធផលល្អ ក្នុងការធានាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ។ ជាពិសេស ថែរក្សាបាននូវសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទី៥កន្លងមក ដែលមជ្ឈដ្ឋានជាតិ អន្តរជាតិវាយតម្លៃថា ជាការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមច្បាប់។ សមិទ្ធផល និងស្មាដៃដែលខេត្តរតនគិរី សម្រេចបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។
លោក រដ្ឋលេខាធិការបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឲ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ៕
ដោយ៖ វុទ្ធឦសាន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់