Connect with us

ព័ត៌មានជាតិ

 ឧប វង្សី វិស្សុត៖ ការប្រែប្រួលអាកាសធាតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុបំផុត ក្នុងតំបន់ប្រឈមនឹងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាបន្តបន្ទាប់ហើយការប្រែប្រួលអាកាសធាតុនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពកសិករខ្មែរ និងកំណើតសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេឹសពឹងផ្អែកលើវិស័យកសិកម្ម។ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ថ្លែងដូច្នេះក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ  ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព»  នាព្រឹកថ្ងៃទី៣០ ខែតុលា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញអន្តរជាតិជាច្រើនរូប ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងដូច្នេះ៖«ដោយសារវិស័យកសិកម្មនៅតែជាចំណុចស្នូលនៃសេដ្ឋកិច្ចរបស់យើង ការប្រែប្រួលអាកាសធាតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។»។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត អះអាងថា ដើម្បីប្រឈមមុខនឹងបញ្ហានេះ ភាគីពាក់ព័ន្ធត្រូវជំរុញពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការអនុវត្តអាជីវកម្មបៃតង និងគោលនយោបាយឆ្លាតវៃខាងអាកាសធាតុ ដើម្បីការពារបេតិកភណ្ឌធម្មជាតិ និងធានាបាននូវអនាគតដ៏រឹងមាំ។នៅជុំវិញបញ្ហានេះ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាង «ការការពារអាកាសធាតុនិយម» ព្រោះគោលនយោបាយអាកាសធាតុគួរតែលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិនមែនរឹតត្បិតពាណិជ្ជកម្ម ឬការអភិវឌ្ឍនោះទេ។ កម្ពុជាជឿជាក់ថាអនាគតនឹងជាកម្មសិទ្ធិរបស់ប្រទេសដែលចាត់វិធានការជាក់ស្តែង និងក្លាហានឆ្ពោះទៅរកនិរន្តរភាព។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត  អះអាងថា ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ ប៉ុន្តែសន្ទុះកំណើនថាមពលបៃតងកំពុងកើនឡើង។ លទ្ធផលនៃ COP29 នៅទីក្រុងបាគូ (ឆ្នាំ 2024) រួមមានវឌ្ឍនភាពលើទីផ្សារកាបូន ការផ្តល់មូលនិធិសម្រាប់ការខាតបង់ឬការខូចខាត និងការចូលរួមពីវិស័យឯកជនបង្ហាញពីការប្តេជ្ញាចិត្តជាសកលឡើងវិញចំពោះគោលដៅអាកាសធាតុ។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ប្រទេសកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមសកលដូចជាកិច្ចព្រមព្រៀងបៃតងអាស៊ាន យន្តការកែតម្រូវព្រំដែនកាបូនរបស់សហភាពអឺរ៉ុប (CBAM) និងថាមពលកកើតឡើងវិញ 100 (RE100)។ កម្ពុជាចាត់ទុកគំនិតផ្ដួចផ្ដើមទាំងនោះជាឱកាសសម្រាប់ភាពជាដៃគូ និងការកសាងសមត្ថភាព មិនមែនជាឧបសគ្គចំពោះកំណើនសេដ្ឋកិច្ចនោះទេ។

ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕  

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម