Connect with us

ព័ត៌មានជាតិ

មន្រ្តីថាផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ នឹងផ្តោតលើអភិក្រម ៣

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានមានប្រសាសន៍ឲ្យដឹងអំពី ក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ នឹងផ្តោតលើអភិក្រមចំនួន ៣។

លោកបានមានប្រសាសន៍ឲ្យដឹងនៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់លើការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ និងទស្សនវិស័យសេដ្ឋកិច្ច ក្នុងរយៈមធ្យម និងប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធដែលបានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​

អភិក្រមចំនួន ៣ គឺ៖ ទី១.យុទ្ធសាស្រ្ត ដើម្បីរស់ (Survival) ដើម្បីជំរុញការងើបឡើងវិញ​នៃ​សេដ្ឋកិច្ចផង និងដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផង ព្រមទាំងដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម និងធុរកិច្ច ពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងក្នុងវិស័យថ្មីៗដែលមានសក្តានុពល ព្រមទាំងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងការជំរុញការប្រើប្រាស់ និងការចំណាយក្នុងស្រុក។

នៅក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវរាល់​កម្មវិធីជំនួយសង្គមនានាដែលមានស្រាប់ ក៏ដូចជាបន្តនូវ​អន្តរាគមន៍​ផ្សេងៗ​របស់រាជរដ្ឋាភិបាល ដូចជាការបន្តអនុវត្ត​នូវ​កម្មវិធី​សាច់ប្រាក់ពលកម្មជាដើម។

ទី២.ការកែទម្រង់ (Reform) សំដៅពន្លឿនការធ្វើពិពិធកម្ម ទាំងផ្នែកផលិតកម្ម សេវាកម្ម និងទីផ្សារ ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង ដោយផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩  ឱ្យក្លាយទៅ​ជាឱកាស។

ទី៣. ការកសាងភាពធន់ (Resilience) ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគន្លឹះ, ការបង្កើនការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសុខាភិបាល, ការធានាធនធានក្នុងស្រុកគ្រប់គ្រាន់ ដោយការបង្កើនលំហរថវិកា, ការធានាភាពធន់ក្នុងវិស័យហិរញ្ញវត្ថុ តាមការអភិវឌ្ឍយន្តការឆ្លើយតបទៅនឹងវិបត្តិ និងការបង្កើនប្រភពហិរញ្ញប្បទានក្នុងស្រុក (ដូចជា ការបោះផ្សាយមូលបត្ររដ្ឋ), ការកាត់បន្ថយភាពពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ ដោយការជំរុញការធ្វើពិពិធកម្ម និងការពង្រឹងភាពប្រកួតប្រជែង និងការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ, ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍបៃតង (Green Growth) ដែលធានាតុល្យភាពរវាងតម្រូវការអភិវឌ្ឍន៍ និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ជាដើម។

គួរបញ្ជាក់ផងដែរថា កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ ត្រូវបានវាយតម្លៃថាអាចនឹងធ្លាក់មកក្នុងអត្រា -៤,៤% ដោយសារការដាក់ចេញនូវវិធានការនានាសំដៅ​​ទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ចសកល ទាំងលើសកម្មភាពផលិតកម្ម, ការប្រើប្រាស់ និងការវិនិយោគ។

យ៉ាងណាមិញ កំណើនត្រូវបានរំពឹងថានឹងងើបឡើងវិញមកក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ ២០២១ ក្រោមការរំពឹងទុកថាវ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើមចែកចាយក្នុងឆ្នាំ ២០២១ ស្របពេល​ដែលសកម្មភាពសេដ្ឋកិច្ចបន្តងើបឡើងវិញជាបណ្តើរៗ។

ទោះជាយ៉ាងនេះក្តី ការព្យាករថាកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២១ នឹងងើបឡើងវិញនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ព្រមទាំងអាស្រ័យស្ទើរតែទាំងស្រុងលើប្រសិទ្ធភាព និងលទ្ធភាពក្នុងការចែកចាយវ៉ាក់សាំងកូវីដ-១៩។

ស្របគ្នាទៅនឹងនិន្នាការសកលនេះ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ក៏បានទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។

តាមការវាយតម្លៃចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ អាចមានកំណើនទាបជាងការព្យាករកាលពីពាក់កណ្តាលឆ្នាំ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះជាងការរំពឹងទុកនៃវិស័យកាត់ដេរ, វិស័យកសិកម្ម និងការធ្លាក់ចុះខ្លាំង​នៃវិស័យទេសចរណ៍ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថានឹងទទួលរងផលប៉ះទង្គិច​តិចជាង​ការរំពឹងទុកបន្តិច។

ទន្ទឹមនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថានឹងអាចរក្សាបានកំណើនល្អប្រសើរ។ គួរឱ្យកត់សម្គាល់ផងដែរ វិស័យហិរញ្ញវត្ថុទាំងធនាគារ និងមិនមែនធនាគារនៅរក្សាបានស្ថិរភាព និងពុំមានសញ្ញាណប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ។

ក្នុងឆ្នាំ ២០២១, សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងងើបឡើងវិញ ក្រោមការរំពឹងទុកការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រ និងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជារួម​ ដៃគូអភិវឌ្ឍន៍បានបង្ហាញ​នូវ​ជំហរ​យល់ស្រប​លើ​លទ្ធផល​​នៃការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០ និងទស្សនវិស័យសេដ្ឋកិច្ចរយៈមធ្យម និង​​បាន​ផ្តល់​នូវ​មតិយោបល់​បន្ថែម​ ដើម្បី​បង្កើន​​សុក្រិតនៃ​ការ​ព្យាករណ៍​ ព្រមទាំង​​បាន​ចែក​រំលែកពី​ការ​វិវឌ្ឍចុងក្រោយ​នៃស្ថានភាពសេដ្ឋកិច្ច​ និង​សង្គម​ ក្នុង​កម្រិត​តំបន់​ និង​សកល។

ជាមួយគ្នា​នេះ​ តំណាង​ដៃគូ​អភិវឌ្ឍន៍បាន​សម្តែង​នូវ​ការ​សារ​ទរ​ចំពោះ​កិច្ច​ខំខិតប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​គិតគូរ​រៀបចំ​​សេចក្តីព្រាង​ក្របខណ្ឌផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេស​បាន​ផ្តល់នូវ​យោបល់​ល្អៗជា​ច្រើន​សំដៅ​កែលម្អសេចក្តីព្រាង​ក្រខណ្ឌនេះ ​ឱ្យ​កាន់​តែ​គ្រប់ជ្រុង​ជ្រោយ និង​អាចអនុវត្តបាន​។​

បន្ថែម​លើនេះ​ ដៃគូអភិវឌ្ឍន៍​បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការរីករាលដាលនៃជំងឺកួវីដ-១៩ និងប្រសិទ្ធភាពនៃការអនុវត្តវិធានការអន្តរាគមន៍ទាន់ពេលវេលា ប៉ុន្តែបាន​លើកទឹក​ចិត្ត​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជាបន្ត​លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន​ក្នុងបន្ត​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩៕

អត្ថបទ៖វត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម