ព័ត៌មានជាតិ
សម្តេចពិជ័យជំរុញដល់សមត្ថកិច្ចត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋ
សៀមរាប ៖ សម្ដេចពិជ័យបានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសការជួញដូរគ្រឿងញៀន និងត្រូវផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ស្រទាប់យុវវ័យ ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតកបំបាំងមុខដ៏សាហាវបំផុត។
ការជំរុញបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវការគ្រប់គ្រងដើម្បីឆ្លើយតបនៃវិបត្តិ បញ្ហាប្រឈមនានាប្រកបដោយសុខភាព ដើម្បីស្ដារផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដែលបណ្ដាលមកពីជំងឺកូវីដ១៩ គ្រោះទឹកជំនន់ និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើន ៧.២% នៅឆ្នាំ២០២២។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅក្នុងឆ្នាំ២០២២ កម្ពុជាក៏សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ប្រកបដោយលក្ខណៈ សេរីត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងបទបញ្ជា ពីការបោះឆ្នោត ព្រមទាំងរក្សាការពារ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតយ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀត ប្រទេសយើងមានតួនាទីជាប្រធានអាស៊ាន ដែលបានសម្រេចដោយជោគជ័យ និងជាប្រវត្តិសាស្ត្រ នៃការរៀបចំ ប្រជុំសភាអាស៊ាន លើកទី ៤០,៤១។
សម្ដេចពិជ័យសេនា បានថ្លែងថា ទន្ទឹមនឹងសមិទ្ធផលខាងលើនេះក៏បានកត់សម្គាល់ អំពីបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមទាំងកិច្ចការជាច្រើន ដែលត្រូវបន្តខិតខំពុះពារ និងអនុវត្តឱ្យបានល្អជាបន្តទៀត។ ក្នុងនោះដែរសម្ដេចពិជ័យសេនា ក៏បានកោតសរសើរ និងឯកភាព តាមរបាយការណ៍របស់អភិបាលខេត្តសៀមរាប ដែលបានគូសបញ្ជាក់អំពីខ្លឹមសារសំខាន់ៗ ដែលសន្និបាតយកទៅពិភាក្សាចំណុចទាំងនេះ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការរៀបចំក្រុងសៀមរាប ក្នុងការចូលរួម អនុវត្តគម្រោង ទីក្រុងវៃឆ្លាត និងការងារវឌ្ឍនភាព នៃការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន និងក្រុង ស្រុក នៅទូទាំងខេត្តសៀមរាប។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានចូលរួមគាំទ្រ និងឯកភាពតាមស្មារតីនៃអង្គសន្និបាតបានលើកឡើង ហើយសម្ដេចបានសង្ឃឹម និងជឿជាក់ថា បញ្ហាខាងលើនេះ រដ្ឋបាលគ្រប់ថ្នាក់តាំងពីថ្នាក់ខេត្ត ស្រុក ក្រុង ឃុំសង្កាត់ និងបន្តខិតខំអនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ដោយច្បាប់បទដ្ឋានគតិយុត្តិ ដែលរដ្ឋបាលនីមួយៗ មានការទទួលខុសត្រូវទៅតាមច្បាប់ជាធរមាន ហើយក៏ដូចជាចូលរួមគាំទ្រ ដល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីការងាររបស់រដ្ឋបាលខេត្ត ហើយក៏ជឿជាក់លើក្រុមការងារ របស់យើង ក្នុងការគាំទ្របញ្ហានេះ។
សម្តេចក៏បានលើកផងដែរ អំពីបញ្ហាការឯកភាពគ្នា លើព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដោយខេត្តសៀមរាប បានត្រូវកាត់ប្រជាពលរដ្ឋមួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងដែនសមត្ថកិច្ចដល់រដ្ឋបាលខេត្តឧត្តរមានជ័យ។
សម្ដេចក៏បានលើកនូវចំណុចសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ លើកការអនុវត្តចំពោះមុខក្នុងឆ្នាំ២០២៣ មានទាក់ទងទៅនឹងការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នឹងត្រូវបន្តខិតខំថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបន្តលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋជាដើម។ ម្យ៉ាងទៀតការរៀបចំទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅឋាន នៅរមណីដ្ឋានអង្គរ ព្រមទាំងការងារកាត់ឆ្វៀលដីតំបន់៣ បឹងទន្លេសាប សំខាន់លើកិច្ចសហការល្អជាមួយអាជ្ញាធរអប្សរា ក្នុងការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ សម្រាប់បងប្អូនស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅទីនោះ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចៀសការដកចេញសម្បតិ្តបេតិកភណ្ឌជាតិចេញពីបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់អំពីភារកិច្ចចំពោះមុខរបស់រដ្ឋបាលខេត្ត លើការទទួលស្វាគមន៍នូវខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម ២០២៣។
ជាមួយនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសការបរិច្ឆេទ ឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងមូលដ្ឋានខ្លួន ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ ៖ គឿនវេត
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៦ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព