ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ចាត់ទុក សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាគំរូបណ្តុះបណ្តាលវិស័យសុខាភិបាល
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានចាត់ទុកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាសាកលវិទ្យាល័យមួយគំរូនិងឈានមុខគេ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលនៅប្រទេសកម្ពុជា។

ថ្លែងបើក បវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅព្រឹកថ្ងៃទី៤ មេសានេះ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទទួលបាននូវការទទួលស្គាល់គុណភាពពីសាធារណជន និងជាសាកលវិទ្យាល័យគំរូនៅព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់ការបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល។

លោកសាស្ត្រាចារ្យ បានបន្តថា ការទទួលស្គាល់នេះបានឆ្លុះបញ្ចាំងតាមរយៈការដាក់ពាក្យប្រឡងចូលរៀនរបស់សិស្សដោយជ្រើសរើសសាកលវិទ្យាល័យជាជម្រើសទីមួយដែលក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះបេក្ខភាពសិស្សដាក់ពាក្យចូលរៀនកម្រិតបរិញ្ញាបត្រដោយជ្រើសរើសសាកលវិទ្យាល័យជាជម្រើសទីមួយ មានចំនួនរហូតដល់ទៅ ៥ ៣៩៦ នាក់ក្នុងពេលដែលកូតាសម្រាប់សាកលវិទ្យាល័យមានត្រឹម ១ ១៥៥ នាក់ប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ជាការពិតណាស់សមិទ្ធផលទាំងនេះពុំអាចកើតឡើងដោយឯកឯងនោះទេ វាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការបុគ្គលិកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់រួមផ្សំ និងលក្ខខ័ណ្ឌផ្សេងៗ ជាពិសេសគឺសុខសន្តិភាពទូទាំងប្រទេស ការអភិវឌ្ឍប្រទេសជាតិក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងឱកាសនោះ លោកសាស្រ្តចារ្យបានណែនាំឱ្យសាកលវិទ្យាល័យពង្រឹងគុណភាពបណ្ដុះបណ្ដាលតាមរយៈបន្តពង្រឹងគុណភាពគរុកោសល្យសាស្ត្រាចារ្យ បន្តកែលម្អកម្មវិធីសិក្សាដោយផ្ដោតលើសមត្ថភាពបន្តពង្រឹងគុណភាព នៃការវាយតម្លៃព្រមទាំងបន្តពង្រឹងគុណភាពកកម្មសិក្សានិស្សិត។ បន្តគៀរគរបញ្ញវន្តកម្ពុជាដែលមានសញ្ញាបត្រកម្រិតបណ្ឌិតឯកទេស និងមានបទពិសោធន៍ជាក់ស្តែងក្នុងវិស័យសុខាភិបាលមកបង្រៀននៅសាលា។ ជំរុញបន្ថែមនូវការលើកទឹកចិត្តដល់សាស្ត្រាចារ្យ និស្សិតឱ្យធ្វើការសិក្សាស្រាវជ្រាវជាប្រចាំដើម្បីសម្រួចទាំងចំណេះដឹង ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងឱ្យកាន់តែប្រសើរ និងបន្តកៀរគរធនធានផ្សេងៗដើម្បីជំរុញអភិវឌ្ឍសាកលវិទ្យាល័យឱ្យកាន់តែលឿនទៅមុខឈានទៅរកការទទួលស្គាល់កម្រិតតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានក្រើនរំលឹកដល់ក្មួយៗ និងនិស្សិតទាំងអស់ សូមខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីកម្លាំងកាយចិត្ត និងបន្តខិតខំលើកកម្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈពេលចេញទៅប្រកបវិជ្ជាជីវៈ។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល មានប្រសាសន៍ថា សាកលវិទ្យាល័យបានបន្តពង្រឹងគុណភាពបណ្តុះបណ្តាលផ្តោតលើសមត្ថភាពស្របតាមគោលដៅរបស់ក្រសួងសុខាភិបាលក្នុងការផលិតធនធានមនុស្សប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងនោះមានបណ្តុះបណ្តាលជំនាញទុន់ថ្មីៗសម្រាប់ការលើកម្ពស់បន្ថែមលើកម្មវិធីសិក្សាឆ្លើយតបទៅនឹងតម្រូវការសមត្ថភាពនៃសតវត្សទី២១ និងបដិវត្តន៍ឧស្សាហកម្មទី៤។

លើសពីនេះទៀត សាកលវិទ្យាល័យបានរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីបន្ថែមចំនួន១គឺ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលថែទាំ ដែលបានដាក់ស្នើសុំការពិនិត្យអនុម័តពីក្រសួងសុខាភិបាលខណៈ សាកលវិទ្យាល័យបានដំណើរការកម្មវិធីបណ្តុះបណ្តាលចំនួន ៤៧ កម្មវិធីដោយមាននិស្សិតសរុបចំនួន ៦ ៨៤៩ នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន ៣ ៩៦៦ នាក់។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យមាននិស្សិតសរុបចំនួន ៦ ០០៣ នាក់ ស្រី ៣ ៤៤៧ នាក់ ក្នុងនោះមាននិស្សិតដែលទើបចូលៀនថ្មីកម្រិតបរិញ្ញាបត្រចំនួន ១ ០៦៤ នាក់។ដោយឡែកនិស្សិតថ្មីកម្រិតបរិញ្ញាបត្ររងមិនទាន់បានចូលរៀននៅឡើយទេ ដោយរង់ចាំការប្រកាសលទ្ធផលប្រឡងថ្នាក់ជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


