ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ការប្រកបវិជ្ជាជីវៈជាគ្រូពេទ្យ មិនមែនជាការធ្វើជំនួញរកស៊ីទេ
លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការប្រកបវិជ្ជាជីវៈជាគ្រូពេទ្យគឺជាករណីកិច្ចមិនមែនចង់ធ្វើ ហើយធ្វើបាននោះទេ ហើយក៏មិនមែនជាការធ្វើជំនួញរកស៊ីនោះដែរ។

ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី៤ ខែមេសានេះ លោកសាស្ត្រាចារ្យមានប្រសាសន៍បន្តថា គ្រូពេទ្យមិនអាចប្រើពាក្យថារកស៊ីនោះទេ ព្រោះថាជាការប្រកបវិជ្ជាជីវៈបែបករណីកិច្ច មិនមែនចង់ធ្វើធ្វើបាននោះដែរ គឺតម្រូវឱ្យមានលក្ខខណ្ឌត្រឹមត្រូវនិងច្បាស់លាស់។ ទោះបីជាមិនចង់ធ្វើ ក៏ត្រូវតែធ្វើ ទោះជាមានការហត់នឿយ ឬមានភារកិច្ចចាំបាច់ណាក៏ដោយ ក៏ត្រូវតែធ្វើឱ្យបានត្រឹមត្រូវដែរ ប្រៀបដូចជាម្តាយមើលថែទាំកូន។

លោកសាស្ត្រាចារ្យបានបន្តទៀតថា៖ “អីចឹងអស់លោកជាគ្រូពេទ្យគឺជាអ្នកប្រកបវិជ្ជាជីវៈបែបករណីកិច្ច សំដៅមុនគេគឺកង្វល់របស់ខ្លួនជាពេទ្យដើម្បីសុខភាពអ្នកជំងឺដែលមកទទួលសេវាពីយើង។ អីចឹងប្រយោជន៍ដែលយើងផ្តល់គឺមិនមែនផ្តល់ខ្លួនឯងមុនទេ គឺផ្តល់អ្នកមកទទួលសេវាពីយើងមុន។ បើកាលណាយើងផ្តល់សេវាដល់យើងមុន គេហៅថា រកស៊ី ហើយប្រែទៅជាឈ្មួញ។ ដូចនេះពេទ្យយើងមិនមែនដូចពួកឈ្មួញទេ គឺជាអ្នកប្រកបវិជ្ជាជូវៈបែបករណីកិច្ចដែលមានទំនួលខុសត្រូវខ្ពស់”។

លោកសាស្ត្រាចារ្យបានពន្យល់បន្ថែមថា ពេទ្យឆ្មប គិលានុបដ្ឋាក ពេទ្យធ្មេញ និងវេជ្ជបណ្ឌិត សុទ្ធតែជាអ្នកទទួលខុសត្រូវខ្ពស់ណាស់ ព្រោះថាអ្វីៗដែលបានផ្តល់ដល់អ្នកជំងឺ ពាក់ព័ន្ធនឹងសុខភាពរហូតដល់គ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមានការធ្វេសប្រហែស។

លោកសាស្ត្រាចារ្យបានឱ្យដឹងទៀតថា៖ “នៅពេលដែលកង្វល់របស់អ្នកជំងឺក្លាយជាកង្វល់របស់គ្រូពេទ្យគ្រូពេទ្យ នោះជាគ្រូពេទ្យដ៏ល្អធ្វើឱ្យអ្នកជំងឺមានភាពកក់ក្តៅបើទោះបីជាអ្នកជំងឺបាត់បង់សមាជិកគ្រួសារ ឬសាច់ញាតិរបស់ខ្លួនក៏ដោយ ក៏អ្នកជំងឺអរគុណដល់គ្រូពេទ្យដែរ ដោយសារគ្រូពេទ្យបានខិតខំព្យាយាមជួយសង្គ្រោះអស់ពីសមត្ថភាពហើយ តែមិនអាចសង្គ្រោះបាន មកពីស្ថានភាពជំងឺធ្ងន់ធ្ងរពេក”។

លោកសាស្ត្រាចារ្យបានណែនាំដល់និស្សិតពេទ្យត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពិសេសពេលសាលាបញ្ជួនទៅធ្វើកម្មសិក្សានៅតាមមន្ទីរពេទ្យនានា។ ការសិក្សាផ្ទាល់នៅតាមមន្ទីរពេទ្យមានសារៈសំខាន់ណាស់ និងជាឱកាសមាសសម្រាប់ពេលបញ្ចប់ពីការសិក្សាចេញទៅបម្រើការងារ ព្រោះថាបើយើងមិនអាចអនុវត្តបានល្អនៅពេលចុះកម្មសិក្សាទេ យើងមិនអាចអនុវត្តការងារបានល្អដែរ ហើយពេលចង់ត្រឡប់ទៅសិក្សាម្តងទៀត គេក៏មិនអនុញ្ញាតដែរ។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានគាំទ្រ និងបានលើកទឹកចិត្តដល់និស្សិតពេទ្យបន្តគោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីចូលរួមលើកម្ពស់គុណភាព នៃការរៀន និងបង្រៀនផងក៏ដូចជាដើម្បីឱ្យប្អូនៗអាចក្លាយជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដ៏ល្អ ប្រកបដោយសីលធម៌ និងគុណធម៌ប្រពៃនាពេលអនាគត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


