ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំឱ្យរក្សាសន្តិសុខ បរិស្ថាន និងសម្រួលការដំឡើង LED ទាំង ៧ទីតាំង
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការតុបតែងរាជធានីភ្នំពេញឱ្យកាន់តែមានសោភណ្ឌភាព ពិសេសគឺការបង្កលក្ខណៈងាយស្រួលឱ្យក្រុមហ៊ុនដំឡើង LED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យបានល្អ។

ការណែនាំរបស់ លោក ឃួង ស្រេង បែបនេះបានធ្វើឡើង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីទ្បាជនពិការប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាឱ្យបានល្អនូវអនាម័យ បរិស្ថាន ដើម្បីឱ្យរាជធានីភ្នំពេញនៅតែមានសោភណ្ឌភាពស្អាតជានិច្ច។ បន្ថែមពីនេះទៀតសម្រាប់អាជ្ញាធរខណ្ឌ ត្រូវបង្កលក្ខណៈងាយស្រួលឱ្យក្រុមហ៊ុនតំឡើង LED ទាំង ៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យបានល្អ ជាមួយនឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់។

លោក ឃួង ស្រេង បានបន្តទៀតថា ការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ មានការប្រកួតចំនួន ១៥ថ្ងៃ ដូច្នេះយើងត្រូវរៀបចំវេនប្រចាំការឱ្យបានច្បាស់លាស់។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន៖ ១ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ២ សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ ៣ ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ៤ ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ ៥ សូនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ។ ៦ សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៧ ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

គួរបញ្ជាក់ទៀតថា កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង ដោយនៅល្ងាចថ្ងៃទី២៨ ខែមេសា ស្អែកនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានេះ នឹងមកដល់ផ្សារព្រែកអញ្ចាញស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញរង់ចាំទទួលស្វាគមន៍ នៅស្ពានទី១២នោះ ដើម្បីដង្ហែមកវេទិកានៅរមណីយដ្ឋានវត្តភ្នំ។ បន្ទាប់ពីប្រារព្ធពិធីនៅវត្តភ្នំរួច អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡាពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្ក ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ។ លុះព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ប្រគល់ព្រះអគ្គិជ័យកីឡាជូន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យកីឡាពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី ហើយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តប្រគល់ជូន បេសកជនពិសេស CAMSOC និងបន្តប្រគល់ជូន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡានេះ ចេញពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខអង្គភាពប្រឆាំងអំពើពុករលួយ ទើបប្រគល់ជូនតំណាង CAMSOC និងបន្តប្រគល់ជូន តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភទាំង១៤ ដង្ហែមករមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយ ប្រគល់ត្រលប់មកជូន តំណាង CAMSOC ដើម្បីប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងតាមផ្លូវជាតិលេខ៥៕
អត្ថបទ៖ ស្រីរ័ត្ន

-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


