Connect with us

ព័ត៌មានជាតិ

ឆមាសទី​ ១ ឆ្នាំ ២០២៦ នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី ផ្តល់សេវាជូនពលរដ្ឋជាង ១២ ម៉ឺនសេវា

បានផុស

នៅ

លោក ឃួង ស្រេង លើកឡើងថា អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បង្កើតឡើង ៨ ឆ្នាំហើយ ហើយសេវាប្រមាណ ៩៨% បានចូលមកតាមច្រកនេះ ជាមួយនឹងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆមាសទី ១ ឆ្នាំ ២០២៦ នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវាជូនពលរដ្ឋជាង ១២ ម៉ឺនសេវា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីការចុះពិនិត្យ និង វាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងអភិបាលខណ្ឌទាំង ១៤ មន្ទីរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បន្តថា ក្រៅពីអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ក៏មានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំង ១៤ និង សង្កាត់ទាំង ១០៥ ផងដែរ។ ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ នឹងបន្តការងារនេះកាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។ ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤ ត្រូវពិនិត្យជាប្រចាំនៅតាមច្រកចេញចូលតែមួយខណ្ឌ និង សង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្តពីប្រជាពលរដ្ឋ។ សូមអនុវត្តការងារនេះឱ្យបានព្រមៗ គ្នា។

លោក សួស ប្រាថ្នា លើកឡើងដែរថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងពិនិត្យមើលអំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលយកបញ្ហាប្រឈម សេសសល់មួយចំនួន មកពិភាក្សា ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ មានរយៈពេលខ្លី សាមញ្ញា និង មានភាពងាយស្រួលជាងមុន កាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោក សួស ប្រាថ្នា បានបន្តថា ដើម្បីឱ្យការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុនថែមទៀតនោះ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យឯកសារដែលត្រូវផ្តល់ជូនពីប្រជាពលរដ្ឋ មានភាពសាមញ្ញ ខ្លី និង ងាយស្រួលជាងមុន។ ត្រូវប្រជុំលើការងារនេះឱ្យបាន ៣ ដង ក្នុង ១ ខែ ជាមួយនឹងការចាត់មន្ត្រី ឱ្យចុះតាមដាន ពិនិត្យមើលជាប្រចាំ នៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ។

តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានមានប្រសាសន៍ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ មានសេវា ២ ប្រភេទ ដែលចាំបាច់ និង សំខាន់ នោះគឺ សេវាសុរិយោដី និង សេវាសំណង់ ព្រោះវាពាក់ព័ន្ធធំជាមួយប្រជាពលរដ្ឋ និង អ្នកវិនិយោគ មិនថានៅក្នុងស្រុក ឬ នៅក្រៅស្រុក។ ថ្ងៃនេះ ត្រូវពិនិត្យរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ រកគន្លឹះដោះស្រាយឱ្យកាន់តែល្អ ខ្លី សាមញ្ញ ជូនពលរដ្ឋ៕
អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម