ព័ត៌មានជាតិ
រដ្ឋបាលជលផល ប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញា CQS ដល់ ៨សហគ្រាស
រដ្ឋបាលជលផល បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) សម្រាប់សហគ្រាសកែច្នៃជលផលទទួលបានជោគជ័យ ចំនួន៨ សហគ្រាស។ ការប្រគល់នេះ ធ្វើឡើងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ចំពោះសហគ្រាសដែលបានបំពេញតាមលក្ខខណ្ឌតម្រូវរបស់និមិត្តសញ្ញា CQS ដែលជាគំនិតផ្តួចផ្តើមមួយរបស់គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture)។

ពិធីប្រគល់នេះ មានការចូលរូមពីលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមន្ត្រី និងថ្នាក់ដឹកនាំក្នុងអង្គការ និងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។

CQS គឺជាប្រព័ន្ធវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុត សម្រាប់វិស័យជលផលនៅកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់រដ្ឋបាលជលផល តាមរយៈគម្រោង CAPFISH-Capture។ គម្រោងនេះ បានសហការ និងមានការគាំទ្រថវិកាពីសហភាពអ៉ឺរ៉ុប និងអង្គការ UNIDO។ គោលដៅចម្បងរបស់ប្រព័ន្ធវិញ្ញាបនបត្រ CQS គឺការធានាបាននូវគុណភាព និងសុវត្ថិភាពនៃផល ផលិតផលជលផល ដែលអាចនឹងរួមចំណែកអភិវឌ្ឍឧស្សាហកម្មជលផលឧស្សាហកម្មជលផលកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដាក់ចេញនូវប្រព័ន្ធនិមិត្តសញ្ញា CQSនេះ គឺជាការខិតខំប្រឹងប្រែងបន្ថែមរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហាររបស់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញផងដែរ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលជលផល ដែលមានបិតភ្ជាប់សញ្ញា CQS នឹងមានវត្តមានកាន់តែច្រើនចរាចរណ៍នៅលើទីផ្សារក្នុងស្រុក និងផ្សារទំនើបក្នុងប្រទេស ”។
ចំណែក លោកបណ្ឌិត ខូវ គួង អគ្គនាយករងរដ្ឋបាលជលផល បានបញ្ជាក់ថា សហគ្រាសដែលទទួលបានវិញ្ញាបនបត្រ គឺជាសហគ្រាសដែលគោរពលក្ខខណ្ឌតាមនិមិត្តសញ្ញា CQS សម្រាប់ឱ្យម្ហូបអាហារមានសុវត្ថិភាព និងស្តង់ដារ។ ប៉ុន្តែ ប្រសិនបើសហគ្រាសមួយណាមិនបានបន្តធ្វើតាមលក្ខខណ្ឌ CQS ក្នុងការធ្វើឱ្យម្ហូបអាហារមានស្តង់ដារល្អទេ នោះនឹងត្រូវដកវិញ្ញាបនបត្រនោះមកវិញ។

ជាមួយគ្នានេះ លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអ៉ឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា តាមរយៈការបំពេញការងារ និងសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់លោកកន្លងមក បានចូលរួមចំណែកនាធាឱ្យផលិតផលមានគុណភាពស្របតាមស្តង់ដារ មានសុវត្ថិភាព និងធ្វើឱ្យធុរកិច្ចកាន់តែប្រសើរឡើង ជាពិសេស គឺផ្តល់ការងារសមរម្យក្នុងអាជីវកម្មម្ហូបអាហារ។ ទាំងអស់នេះហើយ នឹងជួយការពារអ្នកប្រើប្រាស់ពីហានិភ័យសុខភាពផ្សេងៗ ក៏ជួយឱ្យផលិតផលជលផលកម្ពុជាបោះជំហានទៅមុខបណ្តើរៗ ទៅកាន់ទីផ្សារអ៉ឺរ៉ុប។
សូមជម្រាបថា សហគ្រាសកែច្នៃជលផលទទួលបានជោគជ័យជុំទី១ ទាំង៨ ដែលទទួលបានវិញ្ញាបនបត្រនេះមានដូចជា សហគ្រាសលាងឡេង សហគ្រាសផលិតទឹកត្រីនីអៀងណេង សិប្បកម្មសំណាង សុធា សហគ្រាសហូមថេសហ្វូត សហគ្រាសភ្នំពេជ្រប៊ុនឃា សហគ្រាសធឿនស្រីនី សិប្បកម្មកែច្នៃវង្សតារា និងសិប្បកម្មកែច្នៃហេងហ៊ត់ (សុខ ឃីម)។ វិញ្ញាបនបត្រដែលសហគ្រាសទាំង៨ ទទួលបាន គឺបែងចែកជា២ផ្នែក។ ផ្នែកទី១ ជាវិញ្ញាបនបត្រពេញលេញ មានសហគ្រាស៤ ទទួលបាន។ ផ្នែកទី២ វិញ្ញាបនបត្រមូលដ្ឋាន សម្រាប់សហគ្រាស ៤ផ្សេងទៀត៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


