ព័ត៌មានជាតិ
ពលរដ្ឋកោះស្ដេច បារម្ភគ្រោះថ្នាក់អគ្គិភ័យ គ្រាទីតាំងលក់ហ្គាស់នៅចំកណ្តាលភូមិ
ប្រជាពលរដ្ឋនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ បានបង្ហាញក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់អគ្គិភ័យ គ្រាមានទីតាំងលក់ដូរហ្គាស់នៅកណ្តាលភូមិដែលងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ។

លោក អ៊ុ ស្រីចំរើន អតីតមេភូមិកោះស្តេច តំណាងពលរដ្ឋទាំងមូលរស់នៅទាំងជាង ៤០០ គ្រួសារ លើកឡើងថា ការធ្វើអាជីវកម្មលក់ដូរហ្គាស់នៅចំកណ្តាលភូមិ ជាបញ្ហាធំមួយដែលងាយនឹងបង្កអគ្គិភ័យណាស់ ករណីខុសបច្ចេកទេសបញ្ចូលហ្គាស់។

ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ លោក អ៊ុ ស្រីចំរើន បន្ថែមថា កាលពី ១០ ឆ្នាំមុន ភូមិកោះស្តេច ធ្លាប់ជួបគ្រោះអគ្គិភ័យម្តង ដែលបណ្តាលឲ្យលំនៅដ្ឋានពលរដ្ឋស្ទើរតែពាក់ភូមិឆាបឆេះខូចខាតគ្មានសល់ ខណៈគ្មានឡានទឹក និងប្រភពទឹកសាប ដើម្បីអន្តរាគមន៍ពន្លត់។ ដូច្នេះតំណាងពលរដ្ឋ ស្នើសុំឲ្យទីតាំងលក់ដូរហ្គាស់រុះរើទៅទីកន្លែងដែលនៅឆ្ងាយពីភូមិ។

អ្នកស្រី សុភ័ក្ត្រ ពលរដ្ឋកោះស្តេច ក៏ស្នើរដ្ឋបាលខេត្ត និងមន្ទីរជំនាញ តផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្រាន់ពេលរដូវប្រាំងដល់ពលរដ្ឋ ក៏ដូចជាអាជីវករ ដើម្បីបរិភោគ និងធ្វើអាជីវកម្មមិនខ្វះខាត។ រីឯលោក គង់ ឌីណាត សុំឲ្យមានការបង្ក្រាបបទល្មើសជលផលលើផ្ទៃសមុទ្រក្នុងតំបន់ការពារអភិរក្ស ព្រោះមានទូកនេសាទបរទេសចូលលុកលុយនេសាទយ៉ាងអនាធិបតេយ្យ ដែលធ្វើពួកគាត់រកចំណូលពីនេសាទមិនបានដូចពេលមុននោះទេ។

ទាក់ទិនបញ្ហាបារម្ភគ្រោះអគ្គិភ័យ គឺត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ទទួលយកសំណើដើម្បីពិនិត្យតាមស្ថានភាពជាក់ស្ដែង ដោយផ្តោតទៅលើបច្ចេកទេសធ្វើអាជីវកម្មហ្គាស់អំពីការរៀបចំទុកដាក់ប្រព័ន្ធសុវត្ថិភាពបានត្រឹមត្រូវកម្រិតណា។

ទន្ទឹមនោះ លោកស្រីអភិបាលខេត្តកោះកុង ក៏ស្នើដល់ពលរដ្ឋ និងអាជីវករពាក់ព័ន្ធ ទិញបំពង់ពន្លត់អគ្គិភ័យដាក់ផ្ទះ ដើម្បីបង្ការទប់ស្កាត់អគ្គិសនីបានទាន់ពេលវេលា ករណីមានអគ្គិភ័យកើតមានប្រការណាមួយ។

ចំពោះបទល្មើសនេសាទវិញ លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អះអាងថា លោកនឹងចាត់កម្លាំងជលផលបន្ថែមតាមដានល្បាតទប់ស្កាត់ និងអនុវត្តច្បាប់ទៅក្រុមទូកនេសាទខុសច្បាប់។ បច្ចុប្បន្នតំបន់កោះស្តេច ក៏មានទីតាំងការពារអភិរក្សជាច្រើនផងដែរ។ ហើយបទល្មើសនេសាទ តែងធ្វើឡើងពេលយប់ជ្រៅ។

លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ថ្លែងថា បញ្ហាទឹកស្អាត គឺលោកបានសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់រុករកទីតាំងជីកអណ្តូងបន្ថែមយកទឹកដែលល្អ និងមានសុវត្ថិភាព។ ករណីការខ្វះខាតតបណ្ដាញទឹកជូនពលរដ្ឋ លោកនឹងជំរុញឲ្យក្រុមហ៊ុនចុះស្រង់ទិន្នន័យ ហើយតភ្ជាប់ជូនតែម្ដង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


