ព័ត៌មានជាតិ
ទិវាជាតិលើកកម្ពស់អនាម័យជនបទ សម្ដេចធិបតី ផ្ដល់ណែនាំ១០ចំណុចក្នុងការបន្តជំរុញសកម្មភាពអនាម័យជនបទ
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីជាសារក្រើនរំលឹកដល់ពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីសារៈសំខាន់ និងចូលរួមធ្វើឱ្យប្រសើរឡើងស្ថានភាពអនាម័យនៅជនបទ។ ឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៤ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍មួយចំនួនក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យកាន់តែប្រសើរ។

សារលិខិត ថ្លែងក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទិវាជាតិនេះ នឹងចូលរួមចំណែកឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់៩០% នៅឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០៣០ សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា។
ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៤នេះ សម្ដេចធិបតី បានផ្តល់ជាអនុសាសន៍ដល់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យស្ថានភាពអនាម័យជនបទកាន់តែប្រសើរឡើងបន្ថែមទៀត។ សម្ដេចធិបតី ក៏បានជំរុញដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តការចូលរួមឱ្យបានសកម្មថែមទៀត និងគ្រប់រូបភាព ដោយធ្វើយ៉ាងណាពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទឱ្យមានភាពប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញដោយឡែកបន្ថែមដល់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាវិស័យឯកជន ក្នុងការចូលរួមការងារលើកកម្ពស់អនាម័យជនបទ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្តប់អនាម័យជនបទឱ្យបានច្បាស់លាស់ និងទុកចិត្តបាន ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។
សម្រាប់នៅថ្នាក់ក្រោមជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសារលិខិតដដែលនេះ បានបន្តជំរុញលើកទឹកចិត្ត និងគាំទ្រដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលមានអត្រាអនាម័យខ្ពស់ឱ្យសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក៏ដូចជាការបន្តខិតខំជំរុញ និងគាំទ្រតាមគ្រប់រូបភាពដល់បណ្ដាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមានអត្រាគ្របដណ្ដប់ទាបឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរឡើង និងឈានទៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដូចគ្នា។

សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ ឱ្យមានការបន្តការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម និងបន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូនៅក្នុងសហគមន៍ តាមសាលារៀន និងស្ថាប័នសាធារណៈ ទាំងអស់ តាមរយៈការអប់រំ និងបង្កើតកន្លែងលាងសម្អាតដៃ។
លើសពីនេះ សម្ដេចធិបតី ក៏បានណែនាំឱ្យមានការបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្តិអនាម័យនៅពេលស្ត្រី និងកុមារីអាយុពេញវ័យមានរដូវ ដោយត្រូវមានយន្តការអប់រំក្នុងសហគមន៍ និងសាលារៀន ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថនៃការគ្រប់គ្រងអនាម័យពេលមានរដូវឱ្យកាន់តែប្រសើរឡើង រួមទាំងត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានសេវា និងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់ លាមក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា