ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ សន្តិភាពនិងសុខដុមរមនាខាងសាសនាគឺជា«ទ្រព្យព្រេងទ្រព្យសំណាង»របស់កម្ពុជា
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយមដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។

លោក ប៉ែន បូណា បានសរសេរបន្ថែមថា ក្រឡេកមកមើលកម្ពុជា សន្តិភាពដែលរកបានដោយលំបាកកំពុងចាក់ឫសកាន់តែជ្រៅនៅទូទាំងប្រទេសក្រោមការការពារ និងពូនជ្រុំយ៉ាងយកចិត្តទុកដាក់និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបន្តថា សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេសដែលធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរ និងចាត់ទុកជាប្រទេសដ៏ក្សេមក្សាន្តនិងជាគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា បើទោះបីជាព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ហើយកម្ពុជាបើកទូលាយខាងជំនឿសាសនាផ្សេងទៀតក៏ដោយ។ សុខដុមនីយកម្មខាងសាសនាមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាកើតចេញពីភាពឈ្លាសវៃរបស់មេដឹកនាំក្នុងការបង្រួបបង្រួមសាសនិកគ្រប់សាសនាទាំងអស់ឱ្យរួមរស់ជាមួយគ្នាដោយសុខសាន្ត។

លោក ប៉ែន បូណា បន្ថែមថា នៅលើទិដ្ឋភាពនយោបាយវិញ មនោគមន៍វិជ្ជាជ្រុលនិយមបាននិងកំពុងសាបរលាបនិងឈានទៅរកការបាត់បង់ក្រោមឥទ្ធិពលនៃការបង្រួបបង្រួមជាតិដើម្បីរក្សាសន្តិភាពនិងស្ថិរភាពសង្គម។ ប្រជាពលរដ្ឋខ្មែរដែលកំពុងទទួលផលពីសន្តិភាពនិងភាពស្ងប់សុខខាងសាសនានៅលើទឹកដីរបស់ខ្លួនគាំទ្រយ៉ាងពេញទំហឹងនូវទិសដៅលុបបំបាត់នយោបាយជ្រុលនិយមនៅកម្ពុជាដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

សរុបទៅ ប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរពិតជាមានភ័ព្វសំណាងណាស់ដែលអាចរស់នៅក្នុងសន្តិភាព និងភាពឥតសៅហ្មងខាងសាសនាពីព្រោះវត្ថុដ៏ពិសិដ្ឋទាំងពីរយ៉ាងនេះអាចបញ្ចៀសបាននូវសង្គ្រាម ជម្លោះប្រដាប់អាវុធ និងអំពើហិង្សា ហើយរក្សាបាននូវស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ដូច្នេះ សន្តិភាពនិងសុខដុមរមនាខាងសាសនាគឺជាទ្រព្យព្រេងទ្រព្យសំណាងរបស់កម្ពុជាដែលខ្មែរទាំងអស់គ្នាត្រូវថែរក្សាការពារកុំឱ្យបាត់បង់ជាដាច់ខាត៕
ដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


