ព័ត៌មានជាតិ
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត លោកលី ធុជ បានធ្វើបទបង្ហាញជូនម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
ភ្នំពេញ ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានធ្វើបទបង្ហាញជូនប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍សកម្មភាពមីន ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។

លោកទេសរដ្ឋមន្ត្រី បានជម្រាបប្រាប់ម្ចាស់ជំនួយថា ការជ្រើសតាំងកម្ពុជាជាប្រធាននៃអនុសញ្ញា គឺជាការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន ក៏ដូចជាសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាច្រើន។ ភាពជាប្រធានរបស់កម្ពុជា មិនត្រឹមតែឆ្លុះបញ្ចាំងពីការលះបង់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនេះគឺជាសមិទ្ធផលរួមក្នុងការរួមចំណែកជំរុញឱ្យពិភពលោកមួយប្រកបដោយសុវត្ថិភាព និងរួចចាកផុតពីគំរាមដោយសារមីន។ ជាងនេះទៅទៀត វឌ្ឍនភាពនេះ ក៏ស្របតាមកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងសកម្មភាពមីនរបស់កម្ពុជា ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងទៀតថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ស្ថិតក្នុងតំបន់អាស៊ី ដែលទទួលបានការគាំទ្រ និងសិទ្ធិក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដោយមានប្រទេសប្រមាណជា ២០០ និងអ្នកចូលរួមប្រហែល ៧០០ នាក់មកពីជុំវិញពិភពលោក។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ អាជ្ញាធរមីន កំពុងបង្កើតគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការយ៉ាងសកម្ម ដើម្បីរៀបចំយុទ្ធសាស្ត្រ និងសម្របសម្រួលគ្រប់ផ្នែកទាំងអស់នៃព្រឹត្តិការណ៍នេះ។ ការធ្វើផែនការយ៉ាងម៉ត់ចត់នេះ ត្រូវគិតចាប់ពីផ្នែកដឹកជញ្ជូន រដ្ឋបាល សន្តិសុខ សុខភាព បដិសណ្ឋារកិច្ច និងហិរញ្ញវត្ថុ ដោយធានាថារាល់ព័ត៌មានលម្អិតទាំងអស់ត្រូវបានបំពេញតាមតម្រូវការចាំបាច់។

ក្នុងនាមជាប្រធាន កម្ពុជាមានទំនួលខុសត្រូវសំខាន់ៗ ដោយធ្វើជាអធិបតីកិច្ចប្រជុំទៀងទាត់នៃគណៈកម្មាធិការចំនួនប្រាំ និងក្រុមសម្របសម្រួលសកលភាវូបនីយកម្មនៃអនុសញ្ញា ប្រកបដោយភាពច្បាស់លាស់ និងការយកចិត្តទុកដាក់ខ្ពស់។ កិច្ចសហប្រតិបត្តិការជាមួយសមាជិកមកពីប្រទេសចម្រុះ គឺមានសារៈសំខាន់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកាតព្វកិច្ចអនុសញ្ញា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែង និងការសម្រេចបានរបស់ប្រទេសអាឡឺម៉ង់ អតីតប្រធានអនុសញ្ញាឆ្នាំ២០២៣។ កម្ពុជាបានគូសបញ្ជាក់ពីការងារអាទិភាពសំខាន់ៗចំនួនបី រួមមាន ទី១.សកលភាវូបនីយកម្មនៃអនុសញ្ញា ទី២.ការអនុវត្តមាត្រា៥នៃអនុសញ្ញា(ការបោសសម្អាតមីន) និងទី៣.កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងមានការត្រួតពិនិត្យផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ កែលម្អផែនការយុទ្ធសាស្ត្រ និងការបង្កើតសេចក្តីថ្លែងការណ៍កម្រិតខ្ពស់សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ៥ ឆ្នាំ ដែលឯកសារទាំងនេះនឹងណែនាំឱ្យរដ្ឋភាគី និងភាគីពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តសម្រាប់រយៈពេល ៥ឆ្នាំ តទៅមុខទៀត សម្រាប់ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។

ដើម្បីភាពជោគជ័យក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះឆ្នាំ២០២៤ នៃអនុសញ្ញា ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឱ្យមានការចូលរួមគាំទ្រប្រកបដោយសប្បុរស និងស្មោះស្ម័គ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាមិត្តល្អរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ជំរុញការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវការផ្លាស់ប្តូរយូរអង្វែងនៅលើឆាកសកលក្នុងចក្ខុវិស័យរួម៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


