ព័ត៌មានជាតិ
មេប៉ុស្តិ៍ព្រំដែនបាវិត ណែនាំមន្ត្រីពង្រឹងការត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់
ក្នុងកិច្ចប្រជុំប្រចាំខែ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានណែនាំដល់មន្ត្រីជំនាញក្រោមឱវាទរបស់លោក ត្រូវពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាជនអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់។

ក្រោយបានស្ដាប់របាយការណ៍ស្តីពីលទ្ធផលការងារដែលបានអនុវត្តកន្លងទៅ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន បានផ្ដល់មតិណែនាំសំខាន់ៗមួយចំនួន ដើម្បីឱ្យមន្ត្រីជំនាញក្រោមឱវាទបន្តអនុវត្តការងារនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពថែមទៀត។ ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី បានជំរុញឱ្យមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងគោរពវិន័យឱ្យកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជាកងកម្លាំងនគរបាលជាតិ ស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាត កាត់សក់ឱ្យបានសមរម្យ និងគោរពពេលវេលាក្នុងពេលបំពេញការងារ។

លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់លោកទាំងអស់ត្រូវមានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ប៉ុន្តែម៉ឺងម៉ាត់ក្នុងការបម្រើការងារប្រកបដោយចំណេះ និងជំនាញជូនភ្ញៀវជាតិ-អន្តរជាតិ នៅពេលចូល-ចេញប្រទេស ហើយត្រូវប្រាប់ភ្ញៀវឱ្យបំពេញសលាកបត្រឱ្យបានពេញលេញ ជាពិសេសលេខទូរសព្ទ និងអាសយដ្ឋាននៅកម្ពុជា។ ទន្ទឹមនេះ ជំរុញឱ្យផ្នែកសេនាធិការ និងផ្នែកបែបបទ បន្តយកចិត្តទុកដាក់ និងសហការគ្នាឱ្យបានល្អជាមួយពាក់ព័ន្ធ នៅពេលមានគណៈប្រតិភូបានធ្វើដំណើរឆ្លងកាត់ព្រំដែន។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ក៏ណែនាំឱ្យមានការពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ តាមរយៈការត្រួតពិនិត្យ និងស្កែនលិខិតឆ្លងដែនមុន នឹងប្រថាប់ត្រាជូនភ្ញៀវ ហើយត្រូវបញ្ចូលទិន្ន័យ និងប្រើប្រាស់ប្រព័ន្ធ CBMS ឱ្យអស់ពីលទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញ។

ទាក់ទងនឹងបងល្មើសតាមព្រំដែន លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនបាវិតរូបនេះ បានបញ្ជាដល់កម្លាំងនគរបាលជំនាញរបស់ប៉ុស្តិ៍ព្រំដែន ត្រូវបន្តពង្រឹងលើការត្រួតពិនិត្យបង្ការ ទប់ស្កាត់ រាល់បទល្មើសឆ្លងដែនខុសច្បាប់ ការរត់ពន្ធមនុស្សឆ្លងដែន គ្រឿងញៀន ការធ្វើចរាចររូបិយវត្ថុក្លែងក្លាយ វត្ថុបុរាណ និងអាវុធខុសច្បាប់ ឱ្យខានតែបានតាមបណ្តាគោលដៅស្របតាមខ្សែបន្ទាត់ព្រំដែនដែលប៉ុស្តិ៍គ្រប់គ្រង ជាពិសេសបន្តសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធដែលឈរជើងក្នុងភូមិសាស្រ្តសម្រាប់ប្រតិបត្តិការនានា រួមទាំងភាគីមិត្តវៀតណាមផងដែរ។
អនុវត្តតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ក៏បានរំលឹកដល់គ្រប់កងកម្លាំងទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីការប្រើប្រាស់ និងការជួញដូរគ្រឿង ញៀន ព្រមទាំងហាមលេងល្បែងស៊ីសងគ្រប់ប្រភេទទាំងក្នុង និងក្រៅកាស៊ីណូ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


