Connect with us

ព័ត៌មានជាតិ

ត្រឹមដើមឆ្នាំ ២០២៤ មាន​សហគ្រាស​ចុះ​បញ្ជី​ប្រមាណ ៤ ម៉ឺន​នៅ​ក្រសួង​ឧស្សាហកម្ម

បានផុស

នៅ

បើ​តាមរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍ ​​មាន​សហគ្រាស​ជាង ៤ ម៉ឺន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍​។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកសារ​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍​បាន​ឲ្យ​ដឹង​ថា ​បើតាម​ទិន្នន័យ​គិត​​ត្រឹម​ដើមឆ្នាំ ២០២៤ មាន​សហគ្រាស​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម​សរុប​ចំនួន ៤៤ ៥១៤ មូលដ្ឋាន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈអង្គភាព​សេដ្ឋកិច្ចទូទាំងប្រទេស​មាន​ប្រមាណ​​ ៧០ ម៉ឺន​មូលដ្ឋាន ចំនួន​សហគ្រាស​អាជីវកម្ម​ដែល​ចុះ​បញ្ជីនៅមាន​ចំនួន​តិច​តួច​នៅ​ឡើយ។

លោក ហែម វណ្ណឌី បានអះអាង​ថា នៅ​មាន​សហគ្រាស​ជា​ច្រើន​ទៀត​មិន​ទាន់​បាន​ចុះ​បញ្ជី ហើយ​ក្រសួង​កំពុង​ជំរុញ​ឲ្យ​មក​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ ការ​លើក​ទឹកចិត្ត​រួម​ទាំង​ការ​​កិច្ច​ការពារ​ផ្នែក​ផ្លូវ​ច្បាប់។

លោកថា ការ​ចុះបញ្ជី​អាជីវកម្ម​ ផ្តល់​ប្រយោជន៍​ដល់​សហគ្រាសងាយស្រួលក្នុង​ការ​ពង្រីកអាជីវកម្ម និង​​ទទួល​បាន​ការ​គាំទ្រពី​រដ្ឋាភិបាល។ លោករដ្ឋមន្រ្តី​​បានលើក​ក្នុង​ពេលផ្ទុះការរីក​រាលដាល​ជំងឺ​​កូវីដ​ ១៩ ​រដ្ឋាភិបាលបាន​​ផ្តល់​ការ​គាំទ្រ​ដល់​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់ដើម្បីជម្នះ​​​វិបត្តិ​ជំងឺ​ដែលបន្ត​​​អូសបន្លាយ។

ទាក់ទង​ការ​ជំរុញ​ដល់​សហគ្រាស​តូចធំ​ចុះបញ្ជីអាជីវកម្ម ថ្លែង​នៅ​ក្នុងឱកាសប្រកាស​ដាក់ឲ្យដំណើរការជាផ្លូវការ​នៃយុទ្ធសាស្ត្រជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ​២០២៣-២០២៨ កាលពី​ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២៣ ប្រមុខដឹកនាំ​កម្ពុជា​​​បាន​លើកទឹកចិត្ត​ដល់​​សហគ្រាស​ចុះ​បញ្ជីអាជីវកម្ម​ ដើម្បីទទួល​បានអត្ថប្រយោជន៍ផ្សេងៗ​ពី​រដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់​ថា សហគ្រាសធុនតូច និងមធ្យម ដែល​ស្ម័គ្រចិត្តចុះ​ឈ្មោះ​អាជីវកម្ម ក្រៅ​ពីទទួល​ការ​លើកលែងការផាកពិន័យបំណុល ការលើកទឹកចិត្តខាងពន្ធដារ ក៏នឹង​ទទួល​បានលទ្ធភាព​ក្នុងការបណ្តុះបណ្តាល​ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាល​ដល់បុគ្គលិក និងកម្មករនៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់​សមត្ថភាព​ផលិតផល និងសហគ្រាសកាន់តែរឹងមាំ។

ការចុះបញ្ជីដោយស្ម័គ្រចិត្តនេះ សហគ្រាស​ក៏​នឹងទទួល​បាននូវ​ហិរញ្ញប្បទានជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ។

ពាក់ព័ន្ធ​​ដល់​អ្នកដែលប្រកបរបរខ្លួនឯងរួមមានដូចជា ម្ចាស់ម៉ូតូកង់ ៣ អ្នក​លក់ដូរតាមផ្លូវ និងធ្វើអាជីវកម្មតូចតាចតាមផ្លូវ ប្រមុខ​រដ្ឋាភិលបាល​លើកឡើង​ថា ការចុះបញ្ជីគឺពិតជាល្អ​ដែល​ធ្វើឱ្យរដ្ឋ​បានដឹងពីជីវភាពនិងពី​ភាពងាយរងគ្រោះ ហើយ​រដ្ឋនឹងផ្តល់​ជូននូវ​ការថែទាំ​​សុខភាព​ដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៍សុខាភិបាល, ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ រួមទាំងការជួយផ្សេងៗទៀតផងដែរ។

យ៉ាងណាមិញ បើតាមប្រមុខ​រដ្ឋាភិបាលគូសបញ្ជាក់ថា​ ការ​ស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្មមិនទទួលការបង្ខិតបង្ខំនោះទេតែទទួលបានការលើកទឹកចិត្តខ្ពស់។ រាល់ពេលការចូលរួមចុះបញ្ជី​ដោយស្ម័គ្រចិត្តនឹងទទួលបានការលើកលែងពន្ធ ការអនុគ្រោះពិន័យពាក់ព័ន្ធនឹងការធ្វើអនុលោមភាពកន្លងមក និងពន្ធលើកទឹកចិត្តផ្សេងៗ​ទៀត។

រដ្ឋាភិបាល​បានដាក់ចេញគោលការណ៍​អនុគ្រោះ ៩ ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែល​ស្ម័គ្រចិត្ត​ចុះឈ្មោះអាជីវកម្ម។ គោលការណ៍អនុគ្រោះទាំង ៩ ចំណុច ចំពោះ​សហគ្រាស​ធុនតូច និងមធ្យម ដែល​ប្រមុខ​រដ្ឋាភិបាលប្រកាស​នៅ​​ក្នុងពិធី​ដាក់​ឲ្យ​​ដំណើរការជាផ្លូវការ​នៃយុទ្ធសាស្ត្រជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ​២០២៣-​២០២៨​ ​​រួមមាន៖

ទី១៖ ផ្តល់ការលើកលែងការផាកពិន័យនឹងបំណុលទាំងអស់នៅក្នុងឆ្នាំ២០២៣-២០២៨ ចំពោះ​ការ​មិន​បាន​បំពេញ​អនុលោមភាព​កន្លងមក

ទី២៖ ផ្ដល់ការ​លើកទឹកចិត្ត​ផ្នែកពន្ធដារ សម្រាប់​សហគ្រាសមីក្រូ ចំពោះការចុះបញ្ជី​ដោយស្ម័គ្រចិត្ត​នៅ​ក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃ​សេវាធ្វើ​បច្ចុប្បន្នភាព

ទី៣៖ ផ្តល់ការ​លើកទឹកចិត្ត​ផ្នែកពន្ធដារ​សម្រាប់​សហគ្រាសធុនតូច ចំពោះ​ការ​ចុះបញ្ជី​ដោយ​ស្ម័គ្រ​ចិត្ត​នៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈ(១) ការលើកលែងពិន័យទោសទណ្ឌ និង​បំណុល​ពន្ធ ចំពោះ​ការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងកម្រៃ​សេវាចុះបញ្ជី​ពន្ធដារ​នឹង​កម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី (៣) លើកលែងពន្ធលើប្រាក់​បំណុល និង​ប្រាក់​រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី។

ទី៤៖ ផ្តល់ការ​លើកទឹកចិត្ត​ផ្នែកពន្ធដារ​សម្រាប់សហគ្រាសធុន និងមធ្យម ចំពោះការ​ចុះបញ្ជីដោយ​ស្ម័គ្រ​ចិត្តក្នុង​ឆ្នាំ២០២៤- ២០២៥ តាមរយៈ (១) លើកលែងពិន័យទោសទណ្ឌ នឹងបំណុលពន្ធ ចំពោះ​ការ​មិនពេញ​អនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងពន្ធលើប្រាក់ចំណូល ប្រាក់​រំដោះ​ពន្ធលើប្រាក់ចំណូលពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី។

ទី៥៖ ផ្ដល់ការលើកទឹកចិត្ត​ផ្នែកពន្ធដារ​សម្រាប់​សហគ្រាសធុនតូច និងមធ្យម ចំពោះ​ការចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់​រយៈពេល ២ ឆ្នាំ បន្ទាប់ពី​ទទួលបាន​ការសម្រេចចុះបញ្ជី

ទី៦៖ កាត់បន្ថយថ្លៃ​សេវាសម្រាប់​ការផ្ដល់សេចក្ដីប្រកាស​ជូនដំណឹងបើកសហគ្រាស និង​ការចុះ​បញ្ជិកា​សៀវភៅ​បញ្ជី​ប្រចាំគ្រឹះស្ថាន និង​សៀវភៅបើកប្រាក់ខែ​សម្រាប់​សហគ្រាស​ដែល​មាន​ចំនួន​កម្មករ​និយោជិតតិចជាង ៨ នាក់

ទី៧៖ ពង្រឹង​យន្តការ​ស្វ័យ​ត្រួតពិនិត្យ និងពង្រឹងការ​អនុវត្តយន្តការ​ក្រុមអធិការកិច្ច​អន្តរក្រសួង នៅ​ថ្នាក់​ជាតិ​ ដើម្បីធានាការចុះធ្វើអធិការ​រួមគ្នាក្នុងពេលតែមួយ និង​មួយលើក​ក្នុងមួយឆ្នាំ

ទី៨៖ រៀបចំការ​ត្រួតពិនិត្យ និងការធ្វើការរួមគ្នាក្នុងពេលតែមួយ នឹងតែមួយ​លើក​ក្នុងមួយឆ្នាំ​នៅ​ថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើប័ណ្ណឬ​លិខិត​អនុញ្ញាត​ផ្សេងៗ

ទី៩៖ រៀបចំ​បង្កើតបទដ្ឋាន​គតិយុត្តក្របខណ្ឌយន្តការ ដែលមានសកម្មភាពស្របច្បាប់ ជា​សហគ្រាស​ធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗដូចជា ការលើកលែង​ការបង់ថ្លៃ​សេវា​រដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម