ព័ត៌មានជាតិ
ចិន បានផ្តល់ឥណទានសម្បទានសាងសង់គម្រោងស្ពានធំៗនៅកម្ពុជាទាំងអស់ចំនួន១៦ហើយ
គិតមកដល់ពេលនេះ ចិនបានផ្តល់ឥណទានសម្បទានអភិវឌ្ឍគម្រោងសាងសង់ស្ពាននៅកម្ពុជា បានចំនួន ១៦ហើយ ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាស។ នេះបើតាមការបញ្ជាក់របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ពោធបើកការដ្ឋាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

បើតាមលោក ប៉េង ពោធិ៍នា ស្ពានទាំង ១៦ ដែលទទួលបានឥណទានសម្បទាន និងជំនួយរបស់ចិន រួមមាន ស្ពានមិត្តភាពកម្ពុជា ចិន , ស្ពានសេកុង ស្ពានស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែកតាមាក់ ស្ពានជ្រោយចង្វាទី២ ស្ពានមេគង្គ ស្ពានស្ទឹងត្រែង ស្ពានតាខ្មៅ ស្ពានកោះធំ ស្ពានអាកាកម្ពុជាចិនសែនសុខ ស្ពានស្ទឹងត្រង់ក្រូចឆ្មា ស្ពានកោះអន្លង់ចិន ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ , ស្ពានរំលង ឬស្ពានអាកាសចំនួន៤កន្លែង៖ ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១ ដែលជាផ្នែកនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលកំពុងបើកការដ្ឋានសាងសង់នេះ។

ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នឹងជំរុញបន្ថែមនូវតំបន់អភិវឌ្ឍភូមិសាស្រ្តពាណិជ្ជកម្មរាជធានីភ្នំពេញ ឱ្យមានវិសាលភាពកាន់តែទូលំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ គម្រោងនេះ គ្រោងបញ្ចប់ឆ្នាំ ២០២៧ ដោយចំណាយថវិកាសាងសង់ប្រមាណ ៦២,២លានដុល្លារអាមេរិក ជាឥណទានសម្បទានរបស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសៀងហៃ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៥ឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយជាច្រើន ដោយសម្រេចបានគោលនយោបាយធំៗ រួមទាំងសមិទ្ធផលហេដ្ឋរចនាសម្ព័នផ្លូវ ស្ពានខ្វាត់ខ្វែងប្រទាក់ក្រឡានៅទូទាំងប្រទេស ដែលបានជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងផ្លាស់ប្តូរមុខមាត់កម្ពុជា កាន់តែល្អប្រសើរឡើង។
ការអភិវឌ្ឍសាងសង់ស្ពាននេះ អនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗឱ្យមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែប្រសើរឡើងដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន និងសម្រាប់បម្រើឱ្យសង្គមសេដ្ឋកិច្ច ដែលកំពុងមានការលូតលាស់រីកចម្រើន។ នេះជាការបន្ថែមរបស់លោក ប៉េង ពោធិ៍នា។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មិត្តចិនជានិច្ចជាកាល តែងតែជួយអភិវឌ្ឍហេដ្ឋរចនាសម្ព័នផ្លូវស្ពាននៅកម្ពុជា ដើម្បីបម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋទៅដល់គ្រប់ទីកន្លែង ជាពិសេសបានតភ្ជាប់ជាមួយប្រទេសជិតខាងស្របតាមតម្រូវការ និងការរីកចម្រើនរបស់ប្រទេសជាតិ។ បើតាមសម្តេចធិបតី ការជួយជ្រោមជ្រាយនិងឧបត្ថម្ភគាំទ្រទាំងនេះ បានធ្វើឱ្យមិត្តចិនក្លាយជាប្រទេសលំដាប់ទី១ ដែលបានផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនសម្រាប់អភិវឌ្ឍ និងកសាងហេដ្ឋរចនាសម្ព័ន្ធឱ្យរីកចម្រើននៅកម្ពុជា។

ជាមួយគ្នានេះ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា កម្ពុជា ចិន គឺជាមិត្តដែកថែបជាយូរមកហើយ។ លោកបានបន្តថា ចិនរីករាយបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ចិននឹងបន្តពង្រីកការវិនិយោគមកកាន់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងត្រួសត្រាយផ្លូវលើការអភិវឌ្ឍឱ្យកាន់តែច្រើន សម្រាប់អ្នកជំនាន់ក្រោយ។

មហិច្ចតាគ្មានព្រំដែនរបស់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន នឹងបន្តជាបន្តបន្ទាប់ទៀត។ ជាក់ស្តែងថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបឱ្យដឹងថា កម្ពុជា កំពុងសិក្សាសាងសង់ស្ពានវែងជាងគេ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាពេលខាងមុខនេះ។ ក្រៅពីនេះ ក៏មានគម្រោងសាងសង់ស្ពានពីរបន្ថែមទៀតផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


