Connect with us

ព័ត៌មានជាតិ

ឧបការីរងការពារជាតិអាមេរិក បង្ហាញបំណងការកែលម្អកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

បានផុស

នៅ

ក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, លោក Jed Royal ឧបការីរងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីការចង់កែលម្អឱ្យមានភាពល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប នៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ដែលធ្វើឡើងនៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លោក Jed Royal បានថ្លែងការចាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការរីករាយដែលបច្ចុប្បន្ន អាមេរិក ក្លាយជាដៃគូជាមួយកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ាន។ លោកឧបការីរង បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក នាពេលនេះ គឺជាឱកាសដ៏ល្អមួយ ដែលកម្ពុជា និងសហរដ្ឋអាមេរិក អាចបន្តកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យនានាដែលមានស្រាប់ ជាពិសេសលើវិស័យដោះមីន និងការរុករុកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន តាមរយៈគណៈកម្មការ POW/MIA កម្ពុជា-សហរដ្ឋអាម៉េរិក។

តែយ៉ាងណាមិញ ឧបការីរងការពារជាតិអាមេរិករូបនេះ ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ដែលហាក់មិនសូវមានភាពល្អ ហើយដូច្នេះ ដើម្បីបង្ហាញពីភាពស្មោះត្រង់ លោក បានលើកឡើងនូវការងារអាទិភាពចំនួនពីរចំណុច គឺទី១ បង្កើនទំនាក់ទំនងចំពោះការគាំទ្រសហរដ្ឋអាមេរិកនៅលើផ្នែកដោះមីន និងទី២ ធ្វើឱ្យប្រសើរឡើងនូវការជ្រើសរើសបេក្ខភាព ដើម្បីទៅសិក្សានៅមជ្ឈមណ្ឌលសន្តិសុខ សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ តាមរយៈជំនួបជាមួយលោកអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទពេលនេះ លោកឧបការីរង ក៏បានលើកឡើងពីការស្នើសុំដល់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតក្រុមការងារទទួលខុសត្រូវក្នុងការសិក្សារកឱ្យឃើញនូវចំណុចណាដែលនាំឱ្យមានការរីកចម្រើនដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។

ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគាំទ្រចំពោះការលើកឡើងរបស់លោក Jed Royal នៅលើការងារដោះមីននៅកម្ពុជា ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល នៅក្នុងការដោះមីនឲ្យអស់ នៅមុនឆ្នាំ២០២៥ និងការបង្កើតឱ្យមានក្រុមការងារទទួលខុសត្រូវ ដើម្បីរកឃើញនៅចំណុចល្អ និងការរីកចម្រើនរដល់វាងប្រទេសទាំងពីរ។

តែយ៉ាងណាក្ដី លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឧបការីរងការពារជាតិសហរដ្ឋអាមេរិក មកកាន់កម្ពុជាពេលនេះ និងបានចាត់ទុកដំណើរទស្សនកិច្ចនេះ នឹងបង្កើនទំនាក់ទំនងល្អថែមទៀតរវាង កម្ពុជា-សហរដ្ឋអាមេរិក។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ពីជំហរកម្ពុជា នៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្ម ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងពិភពលោក។

លោកអគ្គមេបញ្ជាការ បានរម្លឹកពីទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ដែលមានចាប់តាំងពីឆ្នាំ១៩៥០ និងអរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាង រក្សាសន្តិភាពនៅកម្ពុជា នាដើមទស្សវត្សទី៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងជួយបណ្តុះបណ្តាលកម្លាំងថែរក្សាសន្តិភាព។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ លោក វង្ស ពិសេន បានវាយតម្លៃខ្ពស់ចពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានអនុវត្តនាពេលថ្មីៗ តាមរយៈការផ្តល់ឡើងវិញវគ្គបណ្តុះបណ្ដាលផ្នែកសន្តិសុខ និងភាសាអង់គ្លេសដល់នាយទាហានកម្ពុជា ក៏ដូចជាការចូលរួមកិច្ចប្រជុំនានា ដែលរៀបចំដោយកងទ័ពអាមេរិក។

លោកអគ្គមេបញ្ជាការ ក៏បានស្នើភាគីសហរដ្ឋអាមេរិក បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានចារកិច្ច ដើម្បីទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទក្នុងបេសកកម្មរក្សាសន្តិភាព ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម