Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បដិសេធថា មិនមានលទ្ធភាពផ្តល់លុយជិត៧លានដុល្លារដល់លោក សាពូន មីដាដា នោះទេ

បានផុស

នៅ

តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី២៤ ខែមេសា នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញមកបដិសេដថា សម្ដេចមិនមានលទ្ធភាពផ្តល់លុយជិត៧លានដុល្លារដល់លោក សាពូន មីដាដានោះទេ។ សម្ដេចបានបដិសេដបែបនេះ បន្ទាប់ពីលោក សាពូន មីដាដា បានបង្ហោះសារលើហ្វេសប៊ុក ដោយនិយាយថាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយជាជំនួយជាទឹកប្រាក់ ៦លាន ៧សែន ដុល្លារសហរដ្ឋអាមេរិក ផ្ទះវីឡានៅបុរីប៉េងហួតបឹងស្នោនិងឡានម៉ាកសេឺដេសពណ៌ក្រហម ខ្សែរកប្រាំតម្លឹង ស្រោបពេជ្រ12ការ៉ាត ដល់រូបលោក និងភរិយា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេររបស់សម្ដេចតេជោ នៅលើទំព័រហ្វេសប៊ុក សម្ដេចតេជោ បានចោទសួរទៅលោក សាពូន មីដាដា ថា ទឹកប្រាក់ជិត៧លានដុល្លារច្រើនណាស់ បើលោក សាពួន មីដាដា ទទួលបានពីសម្ដេចតេជោ ពិតមែន តើលោក សាពូន មីដាដា យកប្រាក់ទាំងនោះទៅណា? សម្ដេចតេជោ ចោទសួរបន្តថា តើលោក សាពួន មីដាដា ឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដ៏ទៃ?

ក្រៅពីចោទសួរ សម្ដេចតេជោ បានទម្លាយឱ្យដឹងថា ជាង១០ឆ្នាំមុន សម្ដេចតេជោ បានហៅលោក សាពូន មីដាដា និងភរិយា ព្រមទាំងកូនៗ ទៅលេងសម្ដេច ដល់គេហដ្ឋាននៅឯករាជ្យ ក្នុងពេលនោះសម្ដេចតេជោ បានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់គ្រួសារលោក សាពូន មីដាដា ទិញផ្ទះនៅ។

សម្ដេចបន្ថែមថា ក្រោយមកដោយឃើញថាមារយាទរបស់លោក សាពូន មីដាដា និងភរិយាមិនកើត ក៏សម្ដេចតេជោ និងភសម្ដេច ប៊ុន រ៉ានី សម្រេចមិនជួយគ្រួសារលោក សាពូន មីដាដា ទៀតទេ បើទោះបីជា លោក សាពូន មីដាដា បានសុំឱ្យសម្ដេចតេជោ ជួយ ដើម្បីបង់រំលោះផ្ទះដែលទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។

គួរជម្រាបបន្ថែមថា តាមសំណេររបស់លោក សាពូន​ មីដាដា នាព្រឹកថ្ងៃពុធ នេះ លោក បានសរសេរថា លោក សច្ចាកើតគ្រប់ជាតិណាៗ សូមបម្រើដោយឆន្ទៈស្មោះត្រង់បំផុតចំពោះសម្តេចតេជោ សម្តេច ប៊ុន រ៉ានី គ្រប់ៗជាតិ។

ប៉ុន្តែសម្ដេចតេជោ បានឆ្លើយតបនៅល្ងាចថ្ងៃពុធ ថា សម្ដេចមានចិត្តជួយលោក សាពូន មីដាដា ប៉ុន្តែលោក សាពូន មីដាដា មិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែថែមទាំងចង់បំផ្លាញដល់សម្ដេចតេជោ តាមរយៈការបង្ហោះសារថា សម្ដេចតេជោ ធ្លាប់បានជួយជាថវិកាជិត៧លានដុល្លារទៅវិញ។ សម្ដេចតេជោ បានបន្ថែមថា «លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះ(លោក សាពូន មីដាដា)ឡើយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម