Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បង្ហើបថាមាន​បរទេស​ញុះញង់ឱ្យធ្វើរដ្ឋប្រហារ​​ទើបនាំឱ្យមានអំពើប្រល័យពូជ​សាសន៍នៅកម្ពុជា

បានផុស

នៅ

នាពិធីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃទី​២២​​​ ខែឧសភានេះ​ ប្រធាន​ព្រឹទ្ធ​សភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា​សម្តេចតេជោ​​​ ហ៊ុន​​ សែន បានថ្លែងថា​ ការធ្វើរដ្ឋប្រហារនៅកម្ពុជា ដែល​នាំ​មាន​អំពើប្រល័យពូជសាសន៍ គឺមានការញុះញង់ពីសំណាក់បរទេសដែលធ្វើឱ្យខ្មែរបែកបាក់គ្នា។
សម្តេចបានលើកយកទិដ្ឋភាពថា៖«មុននេះប្រទេសមហាអំណាចខ្លះបានលើកកងទ័ពចូលទៅប្រទេសនេះឬប្រទេសនោះអាហ្នឹងរឿងម្ខាង។ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់សម្រាប់ប្រទេស​ ឧទាហរណ៍ដូចកម្ពុជា កម្ពុជាមានការ​ធ្វើរដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះនរោត្តម សី​ហនុ សូមកុំភ្លេចបើគ្មានរដ្ឋប្រហារ​​ ១៨ មីនា១៩៧០ ទេ គឺគ្មា​ន​អំពើ​ប្រល័យពូជសាសន៍​កើតឡើងទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងបទពិសោធន៍ដ៏ជូរចត់របស់ខ្មែរដែលមានការញុះញង់ពីសំណាក់បរទេស សម្តេចតេជោ ថ្លែងទៀត​ថា​៖«ពេលមុនគេនិយមធ្វើរដ្ឋប្រហារ បរទេស​ញុះញង់ឱ្យធ្វើ ឥឡូវនេះ​គេមិនធ្វើរដ្ឋប្រហារ​ទេតែគេធ្វើបដិវត្តន៍​ពណ៌តែម្តង អ៊ីចឹង!បើឃើញមាន​ការធ្វើ​បដិវត្តន៍​ពណ៌​ដាក់វាទៅ ព្រោះនេះនាំដល់អំពើប្រល័យពូជ​សាសន៍ទៀត​ហើយ​នាំដល់សង្គ្រាម»។

បើតាមសម្តេចតេជោ អះអាងថា នៅកម្ពុជាមានការប៉ុនប៉ងឆ្នាំ​​២០១៣ម្តង ប៉ុន្តែសម្តេច ​បានរកឃើញគន្លឹះរបស់វា ពោលគន្លឹះបដិវត្តន៍ពណ៌ឋិតនៅលើចំណុចអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ​  និងរដ្ឋបាលស៊ីវិល។
ត្រង់ចំណុចនេះ សម្តេចផ្តាំដល់មេបញ្ជាការកងទ័ពជើងគោក​ ​រដ្ឋមន្រ្តីក្រសួងការពារជាតិ អគ្គបញ្ជាការ​ មេប៉ូលិស ត្រូវចាំ​ឱ្យច្បាស់ថា អព្យាក្រឹត្យបានតែចំពោះមុខរវាងបក្សនិងបក្សទេ​ ពោលបើយើងការពារឱ្យបក្សនយោបាយ​ណាមួយត្រូវការពារនយោបាយបក្សដទៃដូចគ្នា​​។ ​ប៉ុន្តែរវាងបក្សនយោបាយ ជាមួយរដ្ឋាភិបាលអត់មានអព្យាក្រឹត្យ​ទេ ពោលបើមានបក្សណាចង់ផ្តួលរំលំរដ្ឋាភិបាល ត្រូវតែកម្ចាត់ចោល ដើម្បីការពារប្រជាជន ១៧ លាននាក់​។

សម្តេចតេជោ ​ផ្តល់ដំបូលន្មានថា៖«មធ្យោបាយដើម្បីការពារកុំឱ្យមានរបបប្រល័យពូជសាសន៍​ ដំបូងបំផុត​ត្រូវ​ការ​ពារ​​សន្តិ​​ភាព​ឱ្យបាន បើការពារសន្តិភាពបានហើយមិនចាំបាច់ព្រួយបារម្ភរឿងអំពើមានប្រល័យពូជសាសន៍ទេ»៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម