ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ សម័យAI ឥទ្ធិពលសារព័ត៌មានខ្លាំងណាស់ អាចកែប្រែផ្នត់គំនិតមនុស្សលឿន
អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត យង់ ពៅ បានលើកឡើងថា បច្ចុប្បន្នជាសម័យឌីជីថល និង AI មនុស្សអាចទទួលបានព័ត៌មានឆាប់រហ័ស ហើយឥទ្ធិពលសារព័ត៌មានគឺខ្លាំងណាស់ អាចកែប្រែផ្នត់គំនិតមនុស្សបាន ប្រសិនបុគ្គលណាបង្កើតព័ត៌មានបំពុលសង្គម គឺពុលសង្គមភ្លាមតែម្តង។

លោកបណ្ឌិត លើកឡើងបែបនេះ នៅល្ងាចថ្ងៃទី៦ ខែមិថុនា ក្នុងកម្មវិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានតំបន់មេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹង ក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ដែលរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៧០នាក់ រួមទាំងមន្ត្រី ថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានកម្ពុជា ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនផងដែរ។

បណ្ឌិត យង់ ពៅ បន្ថែមថា សម័យនេះ ជាយុគសម័យបច្ចេកវិទ្យា និង បញ្ញាសិប្បនិមិត្ត (AI) គ្មាននរណាម្នាក់អាចគេចផុតឡើយ ដូចនេះត្រូវទទួលយក និងបង្កើតភាពស៊ាំជាមួយវា អាចនៅជាមួយវាបាន និងអាចគ្រប់គ្រងបាន ពុំដូច្នេះទេ នឹងក្លាយជាពិភព AI ដែលអុកឡុកពិភពលោកជាមិនខាន។ បើក្រឡេកពីការអានព័ត៌មានរបស់មនុស្សនាសម័យនេះ លោកបណ្ឌិតមើលឃើញថា មានការកើនឡើងគុណនឹង១០ ព្រោះមនុស្សម្នាក់ៗមានភាពងាយស្រួលដោយសារឌីជីថលដើរលឿន មនុស្សក៏ទទួលបានព័ត៌មានលឿនដូចគ្នា។ ដូចនេះ ស្ថាប័នព័ត៌មានត្រូវពង្រឹងគុណភាបព័ត៌មានជាចាំបាច់ កាលណាព័ត៌មានអាជីពកើនឡើង ព័ត៌មានដែលមិនអាជីពក៏ថយចុះដែរ។ លោកបន្ថែមថា ប្រសិនជាព័ត៌មានអាជីព មិនបង្កើន និងពង្រឹងសមត្ថភាពទេ នោះព័ត៌មានមិនអាជីពនឹងកើនឡើងហើយ។ មិនតែប៉ុណ្ណោះ លោកបណ្ឌិត យង់ ពៅ ក៏បានស្នើដល់អ្នកសារព័ត៌មានគ្រប់រូប និងស្ថាប័នព័ត៌មានទាំងអស់ ត្រូវពង្រឹងសារព័ត៌មានឱ្យកាន់តែខ្លាំង និងជារឿងចាំបាច់ក្នុងការគិតគូរពីបញ្ហានេះ ដើម្បីបន្សាបនូវព័ត៌មានមិនពិតក្នុងសង្គម ជាពិសេសក្នុងសម័យ AI នេះ។

នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទបញ្ញាសិប្បនិម្មិត្តនាពេលបច្ចុប្បន្ននេះ ការទប់ស្កាត់ព័ត៌មានបន្លំឬដំណឹងក្លែងក្លាយ គឺជារឿងសំខាន់ណាស់។ បណ្ឌិត យង់ ពៅ បានបញ្ចេញទស្សនទានផ្ទាល់ខ្លួន៥ចំណុច ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ដូចជា ទី១ អក្ខរកម្មព័ត៌មាន៖ តាមរយៈការអប់រំពីរបៀបវាយតម្លៃប្រភពព័ត៌មានដើម្បីអាចបែងចែករវាងព័ត៌មានដែលជឿបាន និងព័ត៌មានបន្លំ និងក្លែងក្លាយ ព្រមទាំងលើកទឹកចិត្តដល់កម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជាក់ស្ដែងដូចការរៀបចំរបស់សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ ដើម្បីបំពាក់ឱ្យបុគ្គលម្នាក់ៗនូវជំនាញដែលត្រូវការ ដើម្បីអាចវាយតម្លៃភាពជឿជាក់បាននៃព័ត៌មាន។

ទី២ គុណភាពសារព័ត៌មាន៖ ស្ថាប័នព័ត៌មានខ្លួនឯងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ព្រោះថា នៅពេលដែលមានការផ្តល់សារព័ត៌មានដែលមានគុណភាពខ្ពស់ នោះអង្គភាពព័ត៌មានក៏ទទួលបានការជឿទុកចិត្តពីសាធារណជន ដោយការត្រួតពិនិត្យការពិត គឺជាធាតុផ្សំដ៏សំខាន់ក្នុងការរក្សាលំហូរព័ត៌មានត្រឹមត្រូវ។ ទី៣ ប្រយុទ្ធប្រឆាំងព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយ៖ តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រៀងរួមគ្នា ទាំងរដ្ឋាភិបាល អង្គភាពព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ភាគីពាក់ព័ន្ធដទៃទៀត និងសាធារណជនទូទៅ។ លោកថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានបន្លំ និងក្លែងក្លាយ មិនត្រឹមតែអាចជួយការពារមុខមាត់ប្រទេសប៉ុណ្ណោះទេ ថែមទាំងជួយការពារស្ថិរភាព និងវិបុលភាពនាពេលអនាគតផងដែរ។

ចំពោះទស្សនទានទី៤ ធ្វើវិចារណកម្មព័ត៌មាន៖ អង្គភាព និងអ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សាយព័ត៌មានពិត ប៉ុន្តែមិនមែនគ្រប់រឿងពិតទាំងអស់ត្រូវតែផ្សាយនោះទេ ពោល គឺត្រូវមើលពីស្ថានភាពព័ត៌មាននោះ ថា តើការពិតនោះជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានបែបណាខ្លះដល់ប្រទេសជាតិ។ ទី៥ ធ្វើពិពិធកម្មព័ត៌មាន៖ សង្គមមនុស្សមិនអាចរស់ដោយគ្មានប្រភពព័ត៌មាននោះទេ ប៉ុន្តែ ប្រសិនបើមិនធ្វើពិពិធកម្មព័ត៌មានទាន់ពេលវេលានោះ ស្ថាប័នព័ត៌មាននឹងហួសសម័យ ឬ ស្លាប់តែម្តង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


