Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ចាប់ផ្ដើមយក​ចិត្ត​ទុក​ដាក់​ខ្លាំង និង​បារម្ភ​អំពី​បច្ចេកវិទ្យា​ដ្រូន

បានផុស

នៅ

អង្គការណាតូ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែង ដែលបង្កឡើងដោយប្រព័ន្ធ​បច្ចេកវិទ្យា​អាកាសគ្មានមនុស្សបើក (UAS) ឬ​ជាទូទៅ​គេ​ហៅថា «ដ្រូន​យោធា»។ ការ​ព្រួយ​បារម្ភ​នេះ ធ្វើ​ឡើង​​ក្រោយ​​ពី​អ៊ុយក្រែន​បាន​រៀបចំប្រតិបត្តិការ«សំណាញ់​ពីងពាង» អស់រយៈពេល ១៨​ខែដោយសម្ងាត់ ដោយ​​បញ្ជូនយន្តហោះគ្មានមនុស្សបើកជាង ១០០​គ្រឿងចូល​វាយ​ក្នុង​ទឹកដីរុស្ស៊ី បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​មួយ​ពិភពលោក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​ជា​សមាជិ​កណាតូ កំពុង​ញាប់​ដៃ​ញាប់​ជើង​ពង្រឹងសមត្ថភាព​​ប្រឆាំង​​ដ្រូន​របស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមដែល​​អាច​កើតមាន​នាពេល​អនាគត​ដូច​ករណី​នៅ​រុស្ស៊ី​អ៊ីចឹង​ដែរ។

អ្នកជំនាញបាន​ឲ្យ​ដឹង​ថា នេះគឺជាការវាយប្រហារដ៏ធំបំផុតសម្រាប់រុស្ស៊ីនៅក្នុងជម្លោះជាង ៣ឆ្នាំ ហើយក៏ជាយុទ្ធនាការដ៏គួរ​ឲ្យ​ចាប់អារម្មណ៍បំផុតរបស់អ៊ុយក្រែននៅក្នុងសង្រ្គាមដែលពួកគេត្រូវបាន​វាយតម្លៃទាបជាងរុស្ស៊ីទាក់ទងនឹងសមត្ថភាពយោធា។

កាល​ពី​ថ្ងៃ​ទី​១​ខែ​មិថុនា​ឆ្នាំ​២០២៥ អ៊ុយក្រែន បានបើកការវាយប្រហារដោយ​ប្រើ​​ដ្រូនចំនួន ១១៧​គ្រឿង មាន​គោលបំណង​បំផ្លាញ​សមត្ថភាព​យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី។ អ៊ុយក្រែនអះអាងថា ការវាយប្រហារបានបំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូចខាតយ៉ាងធ្ងន់ធ្ងរ​ដល់​យន្តហោះជាង ៤០​គ្រឿង​របស់​ក្រុង​មូស្គូ ក្នុង​នោះ​​មាន​យន្តហោះទម្លាក់គ្រាប់បែក Tu-95, Tu-22M និង Tu-160 ក៏ដូចជាយន្តហោះឈ្លបការណ៍ A-50។ ការ​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ​៧​ពាន់​លាន​ដុល្លារ។

យ៉ាង​ណា​រូបភាពពីផ្កាយរណប និង​ប្រភព​ពី​មន្ត្រី​អាមេរិក បានវាយតម្លៃថា មាន​យន្តហោះចម្បាំងរុស្ស៊ីប្រហែល ២០​គ្រឿង​ប៉ុណ្ណោះ​ដែល​​ត្រូវបានវាយប្រហារ ហើយ​ក្នុង​នោះ​មាន​ប្រហែល ១០​គ្រឿង​ដែល​ត្រូវបាន​បំផ្លាញ​ទាំង​ស្រុង។

ការណ៍​នេះ​​ហើយ​បានជំរុញ​ឲ្យ​មន្ត្រីការពារជាតិ និងអ្នកជំនាញជាច្រើនក្នុង​អង្គការ​ណាតូ រួមទាំងសហរដ្ឋអាមេរិក ប្រញាប់ប្រញាល់វាយតម្លៃថាតើពួកគេអាចងាយរងគ្រោះ​ដែរ​ឬ​ទេ ប្រសិនបើគូប្រជែងរបស់ពួកគេប្រើ​ប្រាស់​ដ្រូន​ ដូចអ៊ុយក្រែនបានធ្វើជាមួយរុស្ស៊ី។

លោក James Patton Rogers អ្នកជំនាញខាង​​​សង្គ្រាម​យន្តហោះ​គ្មាន​មនុស្ស​បើក​​នៅសកលវិទ្យាល័យ Cornell បាននិយាយថា «នេះមិនមែនគ្រាន់តែជាការវាយ​ប្រហារ​​​សាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់​ឲ្យ​យើងនូវទិដ្ឋភាពនៃលក្ខណៈជម្លោះនាពេលអនាគត ដែលសង្រ្គាមនឹងមិនត្រូវបានកំណត់ត្រឹមជួរមុខនោះទេ»។

លោកបានបន្ថែមថា បញ្ហាបន្ទាន់សម្រាប់អង្គការណាតូបន្ទាប់ពី«ការវាយប្រហារដ៏គួរ​ឲ្យ​ចាប់អារម្មណ៍»​របស់អ៊ុយក្រែន គឺកំណត់ភាពងាយរងគ្រោះនៅក្នុងមូលដ្ឋានទ័ពអាកាស យន្តហោះទម្លាក់គ្រាប់បែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។

(រូបថត៖ Reuters)

ទន្ទឹម​នោះ លោកស្រី Stacie Pettyjohn អ្នកឯកទេសខាងសង្គ្រាមយន្តហោះគ្មានមនុស្សបើក និងការទប់ស្កាត់នុយក្លេអ៊ែរនៅមជ្ឈមណ្ឌលសន្តិសុខអាមេរិក បាន​ប្រាប់​ថា មន្ទីរបញ្ចកោណគួរតែព្រួយបារម្ភអំពីរឿងនោះ ពីព្រោះការវាយប្រហារដូចជាប្រតិបត្តិការ«សំណាញ់​ពីងពាង» អាចកើតឡើងនៅលើដី​អាមេរិក ឬនៅលើមូលដ្ឋានទ័ពជើងទឹក និងអាកាសរបស់ទីក្រុងវ៉ាស៊ីនតោននៅបរទេស។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅទៀត ដ្រូន​មាន​តម្លៃ​ទាប​ជាង​គ្រាប់មីស៊ីល ឬ​សព្វាវុធ​ផ្សេងៗ តែ​ប្រសិទ្ធភាព​របស់​វា​ពិត​ជា​មិន​ធម្មតា​ឡើយ។ ជា​ឧទាហរណ៍​ជាក់ស្ដែង ក្រុមឧទ្ទាម​ហ៊ូធី​នៅ​ប្រទេស​យេម៉ែនក៏បានប្រើប្រាស់​​ដ្រូន​ដែលមានតម្លៃ​ថោក ដើម្បីវាយប្រហារលើកប៉ាល់នៅសមុទ្រក្រហម ដោយរំខានដល់ផ្លូវដឹកជញ្ជូនសកលសំខាន់ៗ។ នោះបានជំរុញ​ឲ្យ​រដ្ឋបាល​​អាមេរិក​របស់លោក ដូណាល់ ត្រាំ ចាប់ផ្តើមការ​វាយ​បក​ ដែល​ចំណាយ​អស់​ខ្ទង់​​ជាង ១​ពាន់លានដុល្លារ ប៉ុន្តែបានបរាជ័យក្នុងការបញ្ឈប់ក្រុមហ៊ូធីពីការបន្តការវាយប្រហាររបស់ពួកគេ។

លោក Bryan Fenton មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក (USSOCOM) បានប្រាប់សភាកាលពីខែមេសាថា លក្ខណៈ​នៃសង្គ្រាមកំពុងផ្លាស់ប្តូរក្នុងល្បឿនលឿនជាងអ្វីដែលយើងធ្លាប់បានឃើញ។ គាត់បាននិយាយថា «គូប្រជែងកំពុងប្រើ​ដ្រូន​អត្តឃាត​តម្លៃ​ ១០ ០០០​​ដុល្លារ ហើយយើងត្រូវប្រើមីស៊ីល​​តម្លៃ ២​លានដុល្លារដើម្បីបាញ់​ទម្លាក់​វា»។

បច្ចុប្បន្ន ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​ បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ​ដើម្បី​អភិវឌ្ឍ​​ដ្រូន​​របស់​ខ្លួន​ចាប់​តាំង​ពី​ជម្លោះ​បាន​កើត​ឡើង។ កាលពី​២​ឆ្នាំមុន អ៊ុយក្រែនផលិត​ដ្រូន​បានប្រហែល ៨០​ម៉ឺន​គ្រឿង ហើយនៅឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថាផលិតបានជាង ៥​លានគ្រឿង ហើយ​គ្រោង​នឹង​​បង្កើន​សមត្ថភាព​ផលិត​​ឲ្យ​បាន​ ១០​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំៗ ជាមួយ​នឹង​​​ទំហំ​​វិនិយោគ​ចំនួន ១១​ពាន់​លាន​ដុល្លារ។​​​

ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា ប្រទេសរុស្ស៊ី ដែលត្រូវបានគេរំពឹងថានឹងចំណាយច្រើនជាង ៧ភាគរយនៃ GDP របស់ខ្លួនលើវិស័យការពារជាតិនៅឆ្នាំនេះ បានដាក់ពង្រាយ​ដ្រូន​ចំនួន ១ ០០០​គ្រឿង​ជា​រៀងរាល់សប្ដាហ៍​ចាប់តាំងពីខែមីនា ដើម្បីធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ​លើ​អ៊ុយក្រែន។ ភាគច្រើននៃដ្រូន​ទាំង​នោះ​​​ជា​ប្រភេទ Shahed រចនាដោយអ៊ីរ៉ង់ ដែលខ្លះមានតម្លៃត្រឹមតែ ២​០ ០០០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​មួយ​គ្រឿង៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

ណាតូ ចាប់ផ្ដើមយក​ចិត្ត​ទុក​ដាក់​ខ្លាំង និង​បារម្ភ​អំពី​បច្ចេកវិទ្យា​ដ្រូន

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រុង​ក្រចេះ បញ្ចប់​ការ​វាស់វែង​ដីធ្លីជាប្រព័ន្ធ ខណៈ​អាជ្ញាធរ​ខេត្ត​បន្ត​ជំរុញ​បញ្ចប់​​ទូទាំំង​ខេត្ត​នៅ​ឆ្នាំ​២០២៥

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រមុខការពារជាតិ៖ កម្ពុជា មិនដកកងទ័ពចេញពីតំបន់ជម្លោះតាមការស្នើសុំរបស់ថៃឡើយ ព្រោះវាជាទឹកដីរបស់កម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

ស្ថានទូតកម្ពុជានៅបាងកក បើកដំណើរការជាធម្មតា បើទោះមានពលរដ្ឋថៃធ្វើបាតុកម្ម

ព័ត៌មានជាតិ៣៦ នាទីutes មុន

ឥណទានក្នុងវិស័យធនាគារនៅកម្ពុជា ២០២៥ អាចនឹងមានកំណើនតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម