ព័ត៌មានអន្ដរជាតិ
អាជីវករវៀតណាមនៅក្រុងធំៗបិទតូបខ្លួន នៅពេលអាជ្ញាធរបង្រ្កាបទំនិញក្លែងក្លាយ
អាជីវករលក់ទំនិញប្រណីត នាឡិកា និងថ្នាំពេទ្យនៅតាមបណ្ដាផ្សារផ្សេងៗក្នុងក្រុងហាណូយ និងហូជីមិញ នៃប្រទេសវៀតណាម បានបិទតូបលក់របស់ខ្លួន ចំពេលដែលអាជ្ញាធរបង្កើនការបង្ក្រាបលើការជួញដូរទំនិញក្លែងក្លាយ ជំរុញដោយសំណើរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

នៅទីក្រុងហូជីមិញ តូបមួយចំនួនធំបានបិទនៅសប្តាហ៍នេះ ដូចជានៅកន្លែងលក់ទំនិញល្បីៗដូចជា Saigon Square នៅសង្កាត់ ១, An Dong Plaza នៅសង្កាត់ ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្មឱសថ និងបរិក្ខារពេទ្យក្នុងសង្កាត់ ១០ ជាដើម។
VnExpress បានផ្សាយថា ម្ចាស់តូបដើរតាមផ្សារដើម្បីតាមដានស្ថានការណ៍តែមិនបានបើកទេ ព្រោះខ្លាចគេចាប់ឆែកឆេររករបស់លក់ក្លែងក្លាយ។
ហាងមួយចំនួននៅ Saigon Square បន្តបើកដំណើរការ ប៉ុន្តែការជួញដូរមិនកាក់កប។ អាជីវករម្នាក់ឈ្មោះ Hang បាននិយាយថា ចំនួនអ្នកដើរមើលទំនិញបានធ្លាក់ចុះ ហើយភាគច្រើនគេគ្រាន់តែមើល ប៉ុន្តែមិនទិញ ដោយមានការប្រុងប្រយ័ត្នទាំងអ្នកលក់ និងអ្នកទិញ។
ផ្សារ Vinh Phat នៅទីក្រុងហាណូយ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្លៀកបំពាក់ និងក្រណាត់នៅជាយក្រុង មានភាពស្ងប់ស្ងាត់ខុសពីធម្មតាក្នុងសប្តាហ៍នេះ ដោយហាងជាច្រើនបានបិទ ហើយហាងខ្លះថែមទាំងបិទបាំងស្លាកលេខទូរសព្ទរបស់ពួកគេ ដើម្បីចៀសវាងការទាក់ទងទៀតផង។

ទិដ្ឋភាពបែបនេះ កើតឡើងក្រោយ អាជ្ញាធរផ្សារវៀតណាម បានធ្វើការវាយឆ្មក់ជាច្រើនដងកាលពីចុងខែឧសភា។ នៅក្រុងហូជីមិញ ក្រុមមន្រ្តីឆែកឆេរ បានរកឃើញផលិតផលរាប់ពាន់មុខដែលមានឈ្មោះម៉ាកល្បីៗដូចជា Rolex, Channel និង Gucci ដែលអ្នកលក់មិនអាចផ្តល់ឯកសារបញ្ជាក់ភាពត្រឹមត្រូវ។ តម្លៃផលិតផលទាំងនោះ គឺទាបជាងផលិតផលពិតប្រាកដ។
មន្រ្តីគ្រប់គ្រងផ្សារ Ben Thanh ក្នុងទីក្រុងហូជីមិញ បាននិយាយថា ការគ្រប់គ្រងទំនិញក្លែងក្លាយទាំងមូល គឺពិបាក បើគ្មានការដោះស្រាយបញ្ហារត់ពន្ធឆ្លងព្រំដែនទេនោះ។ អ្នកគ្រប់គ្រងទីផ្សារផ្សេងទៀតបាននិយាយថា ខណៈការបង្រ្កាបទំនិញក្លែងក្លាយមានគោលបំណងការពារអ្នកប្រើប្រាស់ និងអនុវត្តច្បាប់ វាដាក់សម្ពាធលើអាជីវករតូចៗដែលខ្វះវិក្កយបត្រត្រឹមត្រូវ ឬអ្នកជំនាញផ្នែកច្បាប់។
គួរគូសបញ្ជាក់ថា កន្លងមកមានសេចក្ដីរាយការណ៍ថា វៀតណាមកំពុងបង្កើនការបង្រ្កាបលើទំនិញនាំចូលក្លែងក្លាយ និងការលួចចម្លងតាមប្រព័ន្ធឌីជីថល ក្រោយសហរដ្ឋអាមេរិកបានចោទប្រកាន់វៀតណាមថាជាមជ្ឍមណ្ឌលសម្រាប់សកម្មភាពខុសច្បាប់ទាំងអស់នេះ។
ការបង្រ្កាបទំនិញក្លែងក្លាយដែលជាកង្វល់មួយរបស់អាមេរិក ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការចរចាពន្ធជាមួយសហរដ្ឋអាមេរិក ដែលដាក់ពន្ធគយបដិការ ៤៦ ភាគរយ លើទំនិញវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


