Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងជិត៤ពាន់ដូសចាប់ផ្តើមចាក់ជូនមន្រ្តីសុខាភិបាល និងប៉ូលីសនៅខេត្តរតនគិរី

បានផុស

នៅ

ខេត្តរតនគិរីបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីសុខាភិបាល និងមន្ត្រីប៉ូលីស ដែលត្រូវបានចាត់ទុកថាជាក្រុមអាទិភាព ដែលងាយនឹងឆ្លងជំងឺកូវីដ១៩។ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងចំនួន ៣,៦០០ដូស បាននឹងកំពុងចាក់ជូនមន្ត្រីសុខាភិបាល ៥២០នាក់ និងមន្ត្រីប៉ូលីស ១,៣០០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងមន្ទីរពេទ្យបង្អែកខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីបានអំពាវនាវដល់កងកម្លាំងទាំងអស់ឲ្យចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ហើយត្រូវរាយការណ៍ឲ្យបានឆាប់បំផុតប្រសិនជាមានបុគ្គលណាម្នាក់មានជាប់ពាក់ព័ន្ធក្នុងករណីថ្ងៃ២០ កុម្ភៈ ដើម្បីទប់ស្កាត់ការឆ្លង នូវមេរោគកូវីដ-១៩ ចូលមកកាន់សហគមន៍។

លោក អ៊ូ ដេត ប្រធានកម្មវិធីផ្ដល់ថ្នាំបង្ការនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានឲ្យដឹងថា ការចាក់វ៉ាក់សាំងមានរយៈពេល២១ថ្ងៃ ហើយក្នុងមួយថ្ងៃអនុញ្ញាតឲ្យចូលចាក់បាន ១៥០នាក់។ ក្រោយពីចាក់វ៉ាក់សាំងរួច ត្រូវតមការពិសាគ្រឿងសមុទ្រ និងផឹកគ្រឿងស្រវឹងរយ:ពេលមួយសប្តាហ៍៕

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចិន ស៊ីណូហ្វាម ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការចាក់វ៉ាក់សាំងជំហានទី១ បានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០កុម្ភៈ និងជំហានទី២ធ្វើឡើងនៅតាមបណ្តាខេត្តចំនួន៩ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ វៀតណាម និងឡាវ កាលពីថ្ងៃទី ២២កុម្ភៈ និងជំហ៊ានទី៣ដល់បណ្តាខេត្តចំនួន១៥ផ្សេងទៀត។ គិតជាតួលេខសរុប ប្រទេសកម្ពុជាមានទីតាំងចំនួន ១៦៦កន្លែងនៅទូទាំងរាជធានី-ខេត្ត ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងនេះនៅតែបន្តទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងក្រុមមនុស្សអាទិភាពទទួលវ៉ាក់សាំង។ ក្រុមមនុស្សអាទិភាពរួមមានក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខ។

អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម