ព័ត៌មានជាតិ
សម្តេចធិបតី ថា មិនខឹងKanitha Showទេ តែចង់ឲ្យពលរដ្ឋឈប់បន្តជជែកវែកញែកពីGumball 3000
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧កញ្ញានេះ បានឆ្លើយតបទៅ Kanitha Show បន្ទាប់ពីបានឃើញវីដេអូសុំទោសចំពោះកំហុសឆ្គងលើការបញ្ចេញមតិពាក់ព័ន្ធកម្មវិធី Gumball 3000 ។ សម្ដេចធិបតីបញ្ជាក់ថា សម្ដេចមិនបានប្រកាន់ខឹងលើ Kanitha Show នោះទេ ព្រោះនេះជាការបញ្ចេញមតិ តែសម្ដេចសូមឲ្យពលរដ្ឋឈប់បន្តជជែកវែកញែកពី Gumball 3000 តទៀត ព្រោះវាបានកន្លងហួសច្រើនថ្ងៃមកហើយ ដោយសម្ដេចសូមឲ្យពលរដ្ឋនាំគ្នាងាកមកអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងសម័យសន្តិភាពវិញ។

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចធិបតីដែលបានលើកឡើងនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧កញ្ញានេះ៖
ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ។
ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។
រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។
ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ អ្វីដែលខ្ញុំសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះ បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។
Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះមិនទាន់ចប់ពាក់ព័ន្ធប្រធានបទនេះ។ ខ្ញុំគិតថា ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទនេះហើយ ហើយយើងនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងសម័យសន្តិភាព។
ខ្ញុំសូមអរគុណប្អូនស្រីដែលបានយល់អំពីគោលបំណងនៃការរៀបចំទទួលកម្មវិធី Gumball 3000 នៅកម្ពុជា ទោះជាការរៀបចំមានទិដ្ឋភាពខ្លះមិនស្របជាមួយនឹងគំនិតរបស់ប្អូនក៏ដោយ។ សូមជូនពរប្អូននិងក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


