Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​បន្ថែម​៖ សពបុរសខ្មែរស្លាប់​ដោយកូវីដ មិនអាច​ទុកយូរ ត្រូវបូជាភ្លាមៗ

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃនេះ​ថា ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ម្នាក់​ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀតបាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ គឺ​ដោយសារ​អ្នកជំងឺ​មាន​បញ្ហា​រលាក​សួត​រ៉ាំរ៉ៃ​ ដែល​បណ្តាល​មក​ពី​គាត់​ពិសា​បារី​ជាច្រើន​ឆ្នាំ​។

មន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត នឹង ព្យាបាល ជំងឺ ត្រចៀក ច្រមុះ និង បំពង់ ក  ដោយ ឥត គិត ថ្លៃ — ខ្មែរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្តថា​«​អ្នកជំងឺ​កូ​វី​ដដែល​ ស្លាប់​នឹង​គាត់​ជា​អ្នកជំងឺ​ម្នាក់​មាន​បញ្ហា​សួត​រ៉ាំរ៉ៃ​ដោយសារ​គាត់​ជា​អ្នក​ជក់បារី​ច្រើន​ និង​ជក់​ច្រើន​ឆ្នាំ​ហើយ​ ដែល​មាន​ការ​រលាក​សួត​ហើយ​ដល់​គាត់​មាន​កូ​វីដ​១៩​វិជ្ជមាន​ទៀត​ វា​ធ្វើ​ឲ្យ​សួត​គាត់​កាន់​ទ្រុឌទ្រោម​»​។ លោកស្រី​បាន​បន្តទៀតថា​ គ្រូពេទ្យ​បាន​ខិតខំ​ព្យាយាម​យកចិត្តទុកដាក់​ព្យាបាល​គាត់​ជាទីបំផុត​ ដោយ​បាន​ដាក់​អុកស៊ីហ្សែន​ជួន​គាត់​ជាច្រើន​ថ្ងៃ​ ហើយ​ចុង​ក្រោយនេះ ​គ្រូពេទ្យ​បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទៀត​ តែដោយសារ​តែ​សួត​របស់​គាត់​មានការ​រលាក​ខ្លាំង ទើប​យើង​មិន​អាច​ជួយសង្គ្រោះ​គាត់​បាន​។​

​បើ​យោង​តាម​ក្រសួងសុខាភិបាល​ជនរងគ្រោះ​ ដែល​ស្លាប់​ដោយសារ​កូ​វីដ​១៩​នេះ​ ជា​ជនជាតិខ្មែរ មាន​អាយុ​៥០​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ឲ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។

​សព​នេះ ត្រូវ​បាន​រកឃើញថា ​មាន​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ដែលមាន​លទ្ធផល​បញ្ជា​ក់ដោយ​មន្ទីរពិសោធន៍ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ទៀតថា សព​របស់​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩​នេះ មិនអាច​រក្សាទុក​បាន​យូរ​នោះ​ទេ ពោល​នឹង​ត្រូវ​រៀបចំ​បូជា​តាម​អ្វី​ដែល​ជា​ការ​កំណត់​រប​ស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល នា​ពេល​ថ្មីៗ​នេះ​។

​គួរបញ្ជាក់​ថា​នេះ ​គឺជា​ករណី​ទី​១​ហើយ​នៅ​ប្រទេស​កម្ពុជា​ ដែល​មាន​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ ក្នុងចំណោម​អ្នកជំងឺ​សរុប​ចំនួន​១១៦៣​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន​៥៩៧​នាក់​និង​អ្នកជំងឺ​៥៦៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​អត្តសញ្ញាណជនជាតិ​ខ្មែរ​ស្លាប់​​ដំបូង​ ធ្លាប់​បើកឡាន​ឲ្យ​ចិន ​រស់នៅ​ចាក់អង្រែ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម