ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ប្រាប់ឱ្យបញ្ឈប់រាល់ការតែងនិពន្ធ និងច្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ
ក្រសួងវប្បធម៌ និងសិល្បៈ ណែនាំដល់អ្នកសិល្បៈនិងបុគ្គលដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការតែងនិពន្ធ ច្រៀង រាល់ការផ្សព្វផ្សាយបទចម្រៀង ព្រមនិងស្នាដៃសិល្បៈនានាដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងស្នើឱ្យលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។
នេះបើតាមសេចក្តីណែនាំរបស់ក្រសួង ស្តីពី ការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្បៈកម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរសង្គម នៅរសៀលថ្ងៃទី១៤ កុម្ភៈនេះ។

សេចក្តីណែនាំនេះ ធ្វើឡើង បន្ទាប់ពីក្រសួងវប្បធម៌ សង្កេតឃើញថា មានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួនក្នុងបណ្ដាញសង្គម ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ ។
ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្ដីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។
ក្រសួងក៏សូមអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមាន ទាំងនោះក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្ដៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។
ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួមសហការអនុវត្តតាមសេចក្ដីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


