ព័ត៌មានជាតិ
ខណៈពិភពលោកកាន់តែស្មុគស្មាញ ប្រមុខការពារជាតិកម្ពុជា ថា ទាមទារឱ្យអាស៊ានមានឯកភាពគ្នា
ខណៈពិភពលោកកំពុងតែបន្តកើនឡើងនូវភាពស្មុគស្មាញ មិនប្រាកដប្រជាកាន់តែខ្លាំង គឺទាមទារឱ្យប្រជាជាតិអាស៊ានមានការឯកភាពគ្នាជាធ្លុងមួយ ដើម្បីជាការឆ្លើយតបរួមគ្នាទៅនឹងបញ្ហាទាំងនេះ ពិសេសការគំរាមកំហែងផ្នែកភូមិសាស្ដ្រនយោបាយ។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីការពារជាតិអាស៊ាន។

ប្រទេសម៉ាឡេស៊ី បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ ដែលបានរៀបចំធ្វើនៅទីក្រុងប៉េណាំង។ ក្នុងពិធីបើកនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយបានថ្លែងចាត់ទុកមូលបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាប្រធាន គឺបានបង្ហាញពីសេចក្ដីប្រាថ្នារួមរបស់រដ្ឋជាសមាជិក ក្នុងការពង្រឹងភាពស្អិតរមួត និងសាមគ្គីភាពរបស់អាស៊ានក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា យើងជួបជុំគ្នានៅទីនេះ ក្នុងខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ការកើនឡើងនូវភាពស្មុគស្មាញ នៃស្ថានភាពភូមិសាស្ត្រនយោបាយ ល្បឿននៃការរីកចម្រើននៃបច្ចេកវិទ្យា និងការកើនឡើងនៃការគំរាមកំហែងឆ្លងដែន ដែលទាមទារឱ្យមានការឯកភាពគ្នា និងជាការឆ្លើយតបរួមគ្នា។
ភាពស្មុគស្មាញ និងហានិភ័យផ្នែកភូមិសាស្ដ្រនយោបាយនៅមិនទាន់ធូរស្បើយទេ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗនៅក្នុងបរិបទនៃបញ្ហាដ៏លំបាកទាំងនេះ ការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ទាក់ទងនឹងបច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើន ដូចជា បញ្ញាសិប្បនិម្មិតAI នៅតែជាបញ្ហា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់របស់អាស៊ាន។ នេះជាការបន្ថែមរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា ក្នុងបរិបទនេះ អាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ ដោយបង្ហាញថា ការរួបរួម និងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែជាការគិតគូរប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់ សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាព។ លោក បានគូសរំលេចពីគំនិតផ្ដួចផ្ដើមរបស់កម្ពុជា តាំងពីឆ្នាំ២០២២ ដែលបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់រដ្ឋជាសមាជិកអាស៊ានវិស័យសំខាន់ៗចំនួន៣ គឺកិច្ចសហប្រតិបត្តិការលើការឃុំគ្រងជំងឺរាតត្បាត, ការពង្រឹងការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មថែរក្សាសន្តិភាព និងការជំរុញការសហការក្នុងផ្នែកអប់រំ នៃវិស័យការពារជាតិ។
ប្រមុខការពារជាតិកម្ពុជា សម្ដែងក្ដីសង្ឃឹមថា គំនិតផ្ដួចផ្ដើមទាំងនេះ នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងសមត្ថភាពស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការលើកកម្ពស់មុខមាត់អាស៊ានក្នុងឆាកអន្តរជាតិ ជាពិសេសទាក់ទងនឹងការចូលរួមរបស់ស្ត្រីអាស៊ាន ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

គួរជម្រាបថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ នៅម៉ាឡេស៊ី បានប្រព្រឹត្តទៅក្រោមមូលបទការរួបរួមគ្នារបស់អាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព បានផ្ដោតលើកិច្ចពិភាក្សាផ្លាស់ប្ដូរទស្សនៈការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើតមាន ព្រមទាំងគិតគូរលើការពង្រឹងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្រោមយន្តការ ADMM និង ADMM-Plus៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


