Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ឱ្យសហគមន៍ខ្មែរឥស្លាម សហការគ្នា មិនត្រូវយកសាសនាធ្វើអាជីវកម្ម និងបង្កភាពជ្រុលនិយម

បានផុស

នៅ

«សូមបន្តសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ​ដើម្បីចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អ បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍​ »។ នេះគឺជាអនុសាសន៍ទី៦ របស់សម្ដេ​ចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងចំណោមអនុសាសន៍ទាំង៦ចំណុច ដែលសម្ដេចផ្ដល់ឱ្យ នៅក្នុងពិធី“ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥” ដើម្បីសហគមន៍ខ្មែរឥស្លាម និងសាសនិកឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីពិធីដែលរៀបចំឡើងនាល្ងាចថ្ងៃទី២៤ ខែមីនា សម្ដេចនាយករដ្ឋមន្ត្រី ឱ្យថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកប​ដោយសាមគ្គីភាព និងមិត្តភាពព្រមទាំងមានទំនាក់ទំនងល្អ ជាមួយសហគមន៍ សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមាន សមត្ថកិច្ចតាមលំដាប់ថ្នាក់។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រី ឱ្យ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្និទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិ សាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរឥស្លាមរស់នៅឱ្យស្របតាម ក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស ទៅតាមសា្ថប័នមានសមត្ថកិច្ច។

សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសហគមន៍ខ្មែរឥស្លាម បង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃ ជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ​ និងបន្តជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានា យ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម