ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ក្រសួងព័ត៌មានប្រឹងពង្រឹងសមត្ថភាពអ្នកកាសែត ដើម្បីឱ្យឈប់យកលុយជនខិលខូចជាថ្នូរនឹងការមិនផ្សាយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា អះអាងថា បច្ចុប្បន្នក្រសួងព័ត៌មាន កំពុងប្រឹងប្រែងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឱ្យមានសមត្ថភាពផលិតព័ត៌មានប្រកបដោយគុណភាព អាចប្រមូលបានទឹកប្រាក់ស្របច្បាប់ពីក្រុមហ៊ុនផ្សេងៗ តាមរយៈការផ្សាយពាណិជ្ជកម្ម ក្នុងគោលដៅបញ្ឈប់កុំអ្នកសារព័ត៌មានមួយចំនួនតូចធ្វើសកម្មភាពទទួលលុយជាប្រចាំខែជាមួយក្រុមជនខិលខូច តាមទីតាំងលេងល្បែងស៊ីសង ជាថ្នូរនឹងការមិនផ្សាយព័ត៌មានទាំងនោះតទៅទៀត។ លោករដ្ឋមន្ត្រីថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» រៀបចំឡើងនៅទីស្ដីក្រសួង កាលរសៀលថ្ងៃទី៣១ ខែមីនា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្ដុះបណ្ដាលព័ត៌មានប្រមាណ ៩០វគ្គ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួងផង និងសមត្ថភាពរបស់អ្នកសារព័ត៌មានផង សំដៅពង្រឹងសមត្ថភាពអ្នកសារព័ត៌មានអនឡាញមួយចំនួនឱ្យបំពេញការងារប្រកបដោយគុណភាព ធានាបានសុវត្ថភាពព័ត៌មាន និងគុណភាពព័ត៌មានសម្រាប់អ្នកអាន និងទស្សនា។

លោករដ្ឋមន្ត្រី មើលឃើញថា រយៈពេល៤ឆ្នាំចុងក្រោយកំណើន នៃសារព័ត៌មានអនឡាញ មានកើនឡើងច្រើន ប៉ុន្តែនៅពេលដែលក្រសួងព័ត៌មានរៀបចំសណ្ដាប់ធ្នាប់ព័ត៌មាននៅកម្ពុជាឱ្យមានរបៀបរៀបរយ កុំឱ្យរញ៉ៃរញ៉ៃ អនុវត្តតាមច្បាប់ ស្រាប់តែស្ថាប័នមួយចំនួនតូចដែលបើកទ្វារដើម្បីទទួលសំណូកពីក្រុមជនខិលខូច ល្បែងស៊ីសង ជាថ្នូរ មិនផ្សាយព័ត៌មានស្រាប់តែបិទទ្វារ។ លោក រដ្ឋមន្ត្រីថាដើម្បីកុំឱ្យស្ថាប័នទាំងនោះបិទទ្វារ គឺក្រសួងនឹងពង្រឹងសមត្ថភាពឱ្យអ្នកសារព័ត៌មាន ចេះបង្កើត ផលិតព័ត៌មាន មាតិកា ប្រកបដោយគុណភាព មានអ្នកអានទស្សនាច្រើន ងាយស្រួលផ្សាយពាណិជ្ជកម្មទទួលចំណូលស្របច្បាប់ពីក្រុមហ៊ុនផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងសង្កត់ធ្ងន់ដូច្នេះ៖« នៅពេលដែលក្រសួងព័ត៌មានកំពុងពង្រឹងសណ្ដាប់ធ្នាប់ និងលើកកម្ពស់គុណភាព គឺសារព័ត៌មានអនឡាញមួយចំនួនបានចាប់ផ្ដើមប្រកាសបិទទ្វារ ដោយសារតែក្ស័យធុន! ក្ស័យធុនព្រោះខ្លឹមសារ មាតិការ ក្នុងសារព័ត៌មានគ្មានគុណភាពល្អ អត់អាចរកចំណូលពីពាណិជ្ជកម្មទប់ទល់ការផ្សាយបានទេ។ អ៊ីចឹងបងប្អូនមួយចំនួនដែលពឹងអាស្រ័យទៅលើការដាក់ខែជាមួយនឹងបទល្មើស ជាមួយនឹងអ្នកបើកល្បែងស៊ីសង ខុសច្បាប់ឬក៏អី គឺអត់មានចំណូល។ អ៊ីចឹងបានអ្វីដែលក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងនេះ គឺការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានដើម្បីឱ្យបងប្អូនអ្នកសារព័ត៌មានឈរជើងនឹង មាននិរន្តភាពតាមរយៈការទទួលបានចំណូលស្របច្បាប់ …គឺចំណូលបានមកពីការផ្សាយពាណិជ្ជកម្ម»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា អះអាងថា បើអង្គភាពព័ត៌មានមួយ ផលិតព័ត៌មាន និងមាតិកា មានគុណភាពល្អ នោះនឹងទទួលបានការជួលឱ្យផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុនកាន់តែច្រើន។
លោករដ្ឋមន្ត្រី ក៏គូបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៩ កន្លងទៅ ការចំណាយថវិកាទៅលើការផ្សាយពាណិជ្ជកម្មនៅបណ្ដាញផ្សព្វផ្សាយឌីជីថល មានចំនួនត្រឹមកន្លះលានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៤ ការផ្សាយពាណិជ្ជកម្មនៅបណ្ដាញផ្សព្វផ្សាយឌីជីថល បានកើនឡើងដល់ទំហំ១៧០លានដុល្លារ ដែលកំណើននេះក្រុមហ៊ុន បានផ្ដោតទៅលើការផ្សាយតាមសារព័ត៌មានអនឡាញ។

លោក នេត្រ ភក្ត្រា មើលឃើញថា ការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មម៉ាកផលិតផលរបស់ក្រុមហ៊ុននីមួយៗ នៅឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងថែមទៀត ហេតុដូច្នេះហើយអ្នកសារព័ត៌មានអនឡាញ ត្រូវតែព្រឹងសមត្ថភាពផលិតព័ត៌មាន និងមាតិកាឱ្យកាន់តែមានគុណភាព ទាក់ទាញ ដើម្បីទទួលបានចំណូលស្របច្បាប់ពីក្រុមហ៊ុនទាំងនោះ។
ពីសន្និសីទសារព័ត៌មានដដែល រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ថ្លែងថា ការបង្កើត ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបង្កើតព័ត៌មានបំភ្លៃ ការបំភ្លើសខុសពីការពិត មិនមែនជាសេរីភាពសារព័ត៌មាន មិនមែនជាសេរីភាពបោះពុម្ពផ្សាយឡើយ ប៉ុន្តែរំលោភបំពានទៅលើច្បាប់ ហើយទង្វើបែបនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ស្របពេលជាមួយក្រសួងព័ត៌មាន ដាក់ចេញ«យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» លោករដ្ឋមន្ត្រីព័ត៌មាន អះអាងថា ការដាក់ចេញយុទ្ធនាការនេះមិនមែនជាការគាបសង្កត់សេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែជាការផ្ដល់សុវត្ថិភាព ជាការការពារសិទ្ធិរបស់ពលរដ្ឋដែលត្រូវទទួលបានព័ត៌មានពិត និងព័ត៌មានដែលមានសុវត្ថិភាពសម្រាប់ប្រជាជនរាប់លាននាក់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ថាប្រព័ន្ធផ្សាយព័ត៌មានទាំងប្រពៃណី និងទំនើបនៅកម្ពុជា បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការនាំព័ត៌មាន នាំបញ្ហាទុក្ខលំបាកពលរដ្ឋពីគ្រប់ទិសទី ជូនឱ្យប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន បានដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេល មិនមែនជាព័ត៌មានបំភ្លៃ បំភ្លើស មូលបង្កាច់ខុសពីការពិត ដែលនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តខុស ដោះស្រាយបញ្ហា មិនចំបញ្ហាឡើយ។លោករដ្ឋមន្ត្រី អរគុណអ្នកសារព័ត៌មាន ដែលប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ តម្កល់ប្រយោជន៍រួម ផ្ដល់ការពិត នាំយកទុក្ខលំបាក និងការពិត រិះគន់ក្នុងន័យស្ថាបនា ដើម្បីភាពរីកចម្រើនដល់សង្គម។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឱ្យដឹង នៅកម្ពុជាមានអង្គភាព សារព័ត៌មានចុះបញ្ជីស្របច្បាប់ចំនួនជាង១៦០០ ក្នុងនោះមានអ្នកសារព័ត៌មានកំពុងប្រកបវិជ្ជាជីវៈជាង១ម៉ឺននាក់ ដោយក្នុងឆ្នាំ២០២៤ ក្រសួងបានផ្ដល់បណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានជាង៨ពាន់បណ្ណ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ