ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ ណែនាំមន្ត្រីព័ត៌មានរាជធានី-ខេត្ត ត្រូវក្តាប់សភាពការណ៍ជាតិ-អន្តរជាតិ ឱ្យបានច្បាស់លាស់ ដើម្បីរៀបចំយុទ្ធសាស្រ្តឆ្លើយតបព័ត៌មានក្លែងក្លាយបានទាន់ពេលវេលា
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យតាមដាន និង ក្តាប់ព័ត៌មាន ឬ ព្រឹត្តិការណ៍ជាតិ និង អន្តរជាតិ ឱ្យបានច្បាស់លាស់ ដើម្បីរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានជ្រាបត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និង ជៀសវាងការទទួលបានព័ត៌មានមិនពិត ឬ ការបកស្រាយខុសពីប្រភពផ្សេងៗ។

ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និង តម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និង សាធារណមតិ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកោះកុង កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦។

លោក ទេព អស្នារិទ្ធ បានលើកឡើងទៀតថា នៅក្នុងបរិបទដែលបច្ចេកវិទ្យាវិវត្តន៍យ៉ាងឆាប់រហ័ស លំហូរព័ត៌មានក្លែងក្លាយក៏កើតមានឡើងយ៉ាងច្រើន ដែលទាមទារឱ្យមន្ត្រីព័ត៌មានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង មានវិធានការគ្រប់គ្រងព័ត៌មាន និង ឆ្លើយតប ឱ្យបានម៉ឺងម៉ាត់។ លោកបានគូសបញ្ជាក់ថា វិធីសាស្ត្រប្រឆាំងដ៏មានប្រសិទ្ធភាព គឺការយកព័ត៌មានពិតទៅបំផ្លាញព័ត៌មានក្លែងក្លាយឱ្យអស់។

លោកបានសង្កត់ធ្ងន់ថា នៅពេលដែលមន្ត្រីសាធារណមតិមានធាតុចូល និង ព័ត៌មានគ្រប់គ្រាន់ក្នុងដៃ យើងអាចផ្សព្វផ្សាយឆ្លើតបបានភ្លាមៗ និង មានមូលដ្ឋានគ្រឹះត្រឹមត្រូវ ការឆ្លើយតបបានលឿន និង ច្បាស់លាស់ ជួយកាត់បន្ថយការភាន់ច្រឡំរបស់សាធារណជន ហើយការពារមិនឱ្យមតិអវិជ្ជមានពីបរទេស ឬ ក្រុមមជ្ឈដ្ឋានមិនល្អ បំភ្លៃការពិតអំពីស្ថានភាពប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋាន។

លោកគូសបញ្ជាក់ថា មន្ទីរព័ត៌មាន ដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋ តាមរយៈការងារសាធារណមតិ ដែលជាសេនាធិការមិនអាចខ្វះបានទាំងនៅថ្នាក់រដ្ឋបាលរាជធានី-ខេត្ត និង ថ្នាក់ជាតិ។
លោក ទេព អស្នារិទ្ធ បញ្ជាក់ថា យន្តការការងារព័ត៌មាន និង សាធារណមតិ នៃមន្ទីររាជធានី-ខេត្ត កំពុងដើរតួនាទីដ៏សំខាន់ជា «ខ្សែប្រយុទ្ធ»ក្នុងសមរភូមិព័ត៌មានសម្រាប់មូលដ្ឋានរាជធានី-ខេត្តរៀងៗ ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវកម្លាំងសរុប និង ប្រសិទ្ធភាពការងារ ក្រុមការងារទាំងអស់ ត្រូវតែមានការគាំទ្រ និង សហការគ្នាជាធ្លុងមួយ ដើម្បីធានាសាមគ្គីភាពរឹងមាំផ្ទៃក្នុង ព្រមទាំងបន្តពង្រឹងកិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងទម្រង់ជាបណ្តាញការងារព័ត៌មាន និង សាធារណមតិរឹងមាំក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ផលិត និង ផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍមូលដ្ឋាន និង ព្រឹត្តិការណ៍នានាក្នុងខេត្ត តាមរយៈគេហទំព័រ និង បណ្តាញសង្គមផ្លូវការរបស់មន្ទីរ ឱ្យបានផុលផុសផងដែរ។
លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានប្តេជ្ញាពង្រឹងសមត្ថភាពក្រុមការងារ និង ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផលិតមាតិកាព័ត៌មានស្តីពីសកម្មភាពថ្នាក់ដឹកនាំ និង សមិទ្ធផលអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែសកម្ម និង ទាន់ពេលវេលា។ ជាមួយគ្នានេះ មន្ទីរ នឹងពង្រឹងប្រសិទ្ធភាពបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងទាំងមូល៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


