ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យក្លាយជាខេត្តទី១៨ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
បន្ទាយមានជ័យបានចូលរួមជាផ្លូវការក្នុងបញ្ជីខេត្តដែលបានសម្រេចគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) របស់កម្ពុជា ដែលជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់សុខភាពសាធារណៈ អនាម័យ និងសុខុមាលភាពសហគមន៍។ ការប្រកាសជាផ្លូវការធ្វើឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឫទ្ធិសែន បានលើកឡើងក្នុងពិធីអបអរសាទរនោះថា ការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យបានបង្កើតរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ លោកសង្ឃឹមថាក្នុងឆ្នាំ២០៣០ ពេលដែលប្រទេសកម្ពុជាឈានដល់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ពលរដ្ឋទូទាំងប្រទេសនឹងមានទឹកស្អាំតប្រើប្រាស់ ព្រមទាំងប្រតិបត្តិអនាម័យបាន១០០%។
លោកថា៖ «បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព»។

ការចម្លងរោគទឹក អាហារ និងដីដោយលាមកមនុស្ស ដែលជាលទ្ធផលផ្ទាល់នៃការបន្ទោបង់ពាសវាលពាសកាល បង្កឱ្យមានការរីករាលដាលនៃជំងឺជាច្រើន។ ជំងឺរាករូស កើតព្រូន គ្រុនពោះវៀន និងរលាកថ្លើមប្រភេទអា គឺជាហានិភ័យទូទៅបំផុត ដែលអាចបណ្តាលឱ្យកុមារប្រឈមមុខនឹងភាពងាយរងគ្រោះខ្ពស់ដូចជា កង្វះអាហារូបត្ថម្ភ និងបញ្ហាការលូតលាស់។
អង្គការទស្សនៈពិភពលោកបានអនុវត្តកម្មវិធីអនាម័យទឹកស្អាតក្នុងខេត្តបន្ទាយមានជ័យ ជាមួយនឹងការជួយបង្គន់អនាម័យចំនួនជាង ៣ ០៦៦ ត្រូវបានសាងសង់នៅតាមផ្ទះ សាលារៀន មណ្ឌលសុខភាព និងទីសាធារណៈ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារចំនួនជាង ១៨៧ ០០០គ្រួសារ ក្នុងភូមិចំនួន៦១២ ក្នុងនេះមានកុមារជាង ២៤៩.៧០០នាក់ ។
អ្នកជំនាញជាន់ខ្ពស់ផ្នែកទឹក អនាម័យ និងអនាម័យ (WASH) នៃអង្គការទស្សនៈពិភពលោកកម្ពុជាលោក នង ដាវីត បានមានប្រសាសន៍ថា “បង្គន់អនាម័យមិនគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធទេ វាជាផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសុខភាព ការអប់រំ និងវឌ្ឍនភាពសង្គមរបស់ប្រជាជនកម្ពុជា”។ លោកបន្ថែមថាសមិទ្ធផលនេះរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់សុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ តាមរយៈការកែលម្អអនាម័យ និងការទទួលបានទឹកស្អាត ផ្តើមពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជួយការពារជំងឺ និងគាំទ្រអនាគតដែលមានសុខភាពល្អសម្រាប់ទាំងអស់គ្នា។

គ្រូបង្រៀនថ្នាក់ទី៤ នៅស្រុកភ្នំព្រឹក ខេត្តបន្ទាយមានជ័យ អ្នកគ្រូ សៀង គី បានថ្លែងថាកាលពីមុនទាំងគ្រូ និងសិស្ស ត្រូវទ្រាំទ្រនឹងការរង់ចាំជាយូរដោយគ្មានបង្គន់ប្រើប្រាស់ ដោយពឹងផ្អែកបង្គន់អ្នកភូមិដែលនៅក្បែរ ឬងាកទៅរកការបន្ទោបង់ពាសវាលពាសកាល។ ការខ្វះខាតបង្គន់អនាម័យនេះនាំឱ្យមានអនាម័យមិនល្អ ជំងឺញឹកញាប់ និងការរំខានដល់ការសិក្សា។ ឥឡូវនេះ ជាមួយនឹងការទទួលបានទឹកស្អាត និងបង្គន់អនាម័យ សិស្ស ជាពិសេសសិស្សស្រី អាចចូលរៀនបានទៀងទាត់ជាងមុន និងផ្តោតលើការសិក្សារបស់ពួកគេដោយគ្មានការព្រួយបារម្ភអំពីសុខភាព។
អ្នកគ្រូបានចែករំលែកថា៖ «ឥឡូវនេះយើងសប្បាយចិត្ត និងមានសុខភាពល្អជាងមុន។ ការមានបង្គន់ស្អាតនៅសាលារៀនមានន័យថាសិស្សអាចរៀនដោយមិនមានការលំបាក ហើយមិនមានជំងឺរាករូសដូចមុន»។

តាមរយៈកិច្ចសហការជាមួយរដ្ឋាភិបាលកម្មវិធីទឹកស្អាតនិងអនាម័យ (WASH) របស់អង្គការទស្សនៈពិភពលោកកំពុងបង្កើតផលផ្លាស់ប្តូរទូទាំងខេត្តចំនួន៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប ដោយមានផលជះវិជ្ជមានដល់ប្រជាជនជិត១លាននាក់។ តាមកម្មវិធីនេះកំពុងជំរុញការផ្លាស់ប្តូរយូរអង្វែងដោយផ្តល់ឱ្យមានការប្រើប្រាស់ទឹកស្អាត អនាម័យប្រសើរឡើង និងការអប់រំអនាម័យ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងអណ្តូងទឹក បង្គន់ និងស្ថានីយលាងដៃ កម្មវិធីនេះកំពុងបង្កើនសុខុមាលភាពសហគមន៍ និងលើកកម្ពស់ជីវិតដែលមានសុខភាពល្អ និងធន់ជាងមុន។
គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៨ហើយ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល ODF និង ODF+៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
កីឡា៨ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម