ព័ត៌មានជាតិ
សិស្សនិស្សិតគាំទ្រឱ្យបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់
សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គម Facebook និង Tic Tok របស់ពួកគេដោយភ្ជាប់ខ្លឹមសារ «សូមឈប់ផ្សាយគ្រឿងស្រវឹងដោយដាក់រង្វាន់ទាក់ទាញ» ក្នុងសិក្ខាសាលាមួយស្ដីអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់ គ្រឿងស្រវឹង ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។

មូលហេតុដែលនាំឱ្យសិស្សនិស្សិត និងគរុសិស្សផ្ដូចផ្ដើមបង្ហោះសារនេះឡើង ដោយសារពួកគេសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នមានភាពអូសទាញ ពង្វក់ស្មារតី និងជំរុញ កុមារ និងយុវជនឱ្យចង់ប្រើប្រាស់គ្រឿងស្រវឹងទាំងនៅវ័យក្មេង និងប្រើប្រាស់កាន់តែច្រើន ដោយភ្ជាប់រង្វាន់ភ្លូកទឹកភ្លូកដីដូចជា ទទួលបានប្រាក់ខែដោយមិនចាំបាច់ធ្វើការ រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងជួលតារាល្បីៗដែលមានអ្នកគាំទ្ររាប់ពាន់នាក់ មកផ្សាយស្រា។

ដើម្បីបង្ការកុមារ និងយុវជនពីគ្រោះថ្នាក់បណ្ដាលមកឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងនេះ សិស្សនិស្សិត និងគរុសិស្សបានបង្ហោះសារលើបណ្ដាញសង្គម Facebook និង Tic Tok ក្នុងគោលបំណងស្នើសុំឱ្យរាជរដ្ឋាភិបាលបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់ជាមួយរង្វាន់គ្រប់ទម្រង់។

លោក ឈឺន ពៅ គរុនិស្សិត ឯកទេសសេដ្ឋកិច្ច នៃវិទ្យាស្ថានជាតិអប់រំ (NIE) លើកឡើងថា ក្នុងនាមលោកជាពលរដ្ឋ ក៏ដូចជាគរុនិស្សិតម្នាក់ លោកសូមគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅវិធានការទប់ស្កាត់ការផលិតស្រាបៀរ ដោយមិនតម្រូវឱ្យក្រុមហ៊ុនទាំងអស់ដាក់រង្វាន់ក្នុងក្រវិលកំប៉ុងតទៅទៀត។

គរុនិស្សិតរូបនេះ យល់ឃើញថា ដារាបណាបើស្រាបៀរនៅតែបន្តមានរង្វាន់ដូចបច្ចុប្បន្ន ច្បាស់ណាស់អ្នកដែលរងគ្រោះពិតប្រាកដគឺ ពលរដ្ឋខ្មែរ ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី នឹងពុំមានឱកាសក្នុងការអភិវឌ្ឃសង្គមជាតិបានពេញលេញផងដែរ។

លោក ឈឺន ពៅ បានឱ្យដឹងទៀតថា គ្រឿងស្រវឹង មិនត្រឹមតែបំផ្លាញធនធានយុវជននោះទេ តែផ្ទុយទៅវិញ គ្រឿងស្រវឹងបានបង្កភាពស្មុគស្មាញដល់សង្គមជាតិ ដូចជា៖ គ្រោះថ្នាក់ចរាចរ អំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់សុខភាពសាធារណៈ ដែលទាំងនេះហើយនាំឱ្យសង្គមជាតិមានកំណើនអភិវឌ្ឃយឺត។
ជាមួយគ្នានោះ កញ្ញា ធម សុភ័ក្រ ជាគរុនិស្សិត ឯកទេសគីមីវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ (NIE) ក៏បានឱ្យដឹងដូចគ្នាថា ក្នុងនាមកញ្ញា ជាគរុនិស្សិតមួយរូប កញ្ញាសូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការហាមមិនដាក់ក្រុមហ៊ុនស្រាបៀរទាំងអស់ដាក់រង្វាន់ក្នុងក្រវិលកំប៉ុងស្រាបៀរ ចាប់ពីពេលនេះតទៅ។

កញ្ញា ធម សុភ័ក្រ យល់ឃើញថា ការធ្វើបែបនេះ នឹងកាន់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងបានមួយកម្រិត ដ្បិតមិនបាន១០០% ប៉ុន្តែក៏អាចកាត់បន្ថយបានខ្លះដែរ។ កន្លងមក គ្រឿងស្រវឹងបានបំផ្លាញអាយុជីវិតប្រជាជនខ្មែរមកច្រើនមកហើយ ក្នុងនោះមានដូចជា៖ គ្រោះថ្នាក់ចរាចរ អំពើហិង្សាក្នុងគ្រួសារ ដែលនាំឱ្យខាតបង់នូវធនធានមនុស្ស ក៏ដូចជាខាតបង់នូវទ្រព្យសម្បត្តិសាធារណៈយ៉ាងច្រើន ផងដែរ។
យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជានាពេលថ្មីៗនេះ ស្ដីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានបង្ហាញថា ប្រជាពលរដ្ឋច្រើនជាង ៩០% បានគាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់តាមរយៈ៖
• គួរហាមកុំអោយភ្ជាប់រង្វាន់ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទាក់ទាញឱ្យប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន
• គួរហាមឱ្យតារា ឬអាយដល (Idol) របស់កុមារនិងយុវជន កុំអោយផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
• ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរមានតែឈ្មោះ និងម៉ាកស្រាបៀរតែប៉ុណ្ណោះ កុំឱ្យមានសារឬរូបភាពអូសទាញពង្វក់
• គួរហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា
• ដកហូតផ្ទាំងប៉ាណូ និងបដាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមដងផ្លូវ និងមុខផ្ទះប្រជាជន ដូចដែលរដ្ឋបាលខេត្តមួយចំនួនបានធ្វើកន្លងមក។
គួរឱ្យដឹងថា ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។ ក្នុងនោះ លើសពី90% យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។

កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ យើងសង្កេតឃើញថា វិធានការមួយចំនួនដូចជាមិនទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២% នៅឆ្នាំ២០១៦ ដល់៥២% នៅឆ្នាំ២០២៣ ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ២០២៣។

តាមការអង្កេតក៏បានរកឃើញថា ប្រជាជនទូទៅ សុទ្ធតែធ្លាប់ទទួលរងនូវបញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ ការរំខានស្រែកឡូឡាពីអ្នកសេពគ្រឿងស្រវឹង មានអារម្មណ៍ភ័យខ្លាច ឬគ្មានសុវត្ថិភាព អំពើហិង្សាលើរាងកាយនិងការសម្លុតគម្រាម ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


