កីឡា
ឯកឧត្តម ឌី វិជ្ជា ប្រកាសផ្តល់សំបុត្រ VIP ជូនព្រឹទ្ធាចារ្យគាំទ្របាល់ទាត់ អ៊ុំ សួន
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសជូនសំបុត្រ VIP ព្រឹទ្ធាចារ្យ អ៊ុំ សួន ដែលជាអ្នកគាំទ្រដ៏ស្ម័គ្រស្មោះមួយរូបរបស់បាល់ទាត់កម្ពុជា ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រវាងក្រុមព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុម FK Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ១០ ខែ ឧសភា។

សំបុត្រវគ្គផ្តាច់ព្រ័ត្រពានក្លិបអាស៊ីកម្រិតទី ៣ បានដាក់លក់ពីរថ្ងៃហើយ តាំងពីថ្ងៃទី ១ ខែ ឧសភា ម្សិលមិញ និងនៅថ្ងៃទី ២ ខែ ឧសភានេះ។ យ៉ាងណា ឃើញថាមានសន្ទុះគាំទ្រពីសំណាក់អ្នកគាំទ្រខ្លាំងមែនទែន ទាំងការទិញលើ App របស់ក្លិប និងទិញផ្ទាល់នៅតាមបញ្ជរលក់សំបុត្រនានា។
ដោយការយល់ឃើញពីទុក្ខធុរៈរបស់លោក អ៊ុំ សួន ដែលពិបាកក្នុងការទិញសំបុត្រ និងជាការលើកទឹកចិត្តជូនលោកអ៊ុំ ដែលជាអ្នកគាំទ្របាល់ទាត់ជាតិចាស់វស្សាមួយរូបតាំងពីសម័យសង្គមផងនោះ គឺឯកឧត្តមឌី វិជ្ជា បានសម្រេចផ្តល់ជូនសំបុត្រ VIP មួយជូនលោកអ៊ុំ។
ជុំវិញការផ្តល់ជូនសំបុត្រនេះ ឯកឧត្តមបានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ថ្ងៃទី ០២ ខែ ឧសភា នេះថា៖ «ខ្ញុំនឹងផ្តល់សំបុត្រ VIP ជូនលោកអ៊ុំ សួន សម្រាប់ចូលរួមទស្សនាផ្ទាល់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ»។

គួរដឹងថា លោក អ៊ុំ សួន គឺជាអ្នកគាំទ្របាល់ទាត់របស់កម្ពុជាតាំងពីសម័យសង្គមមកម្ល៉េះ។ លោក អ៊ុំ សួន វ័យ៨៩ឆ្នាំ បានសម្រេចក្តីស្រមៃរបស់ខ្លួន ២ ជាមួយបាល់ទាត់ជាតិ ដោយទី ១ លោកអ៊ុំបានទស្សនាការប្រកួតស៊ីហ្គេម រៀបចំនៅកម្ពុជាដោយផ្ទាល់នៅលើទឹកដីកម្ពុជា និងទី ២ លោកអ៊ុំនឹងបានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានអន្តរជាតិកម្រិតអាស៊ី ដោយផ្ទាល់រវាងក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុម FK Arkadag។
លោក អ៊ុំ សួន ធ្លាប់បានសន្យាថា នឹងគាំទ្រកីឡាជាតិរហូតដល់ជីវិតចុងក្រោយ។ ការស្មោះស្ម័គ្រជាមួយបាល់ទាត់ជាតិយ៉ាងធំធេងបែបនេះហើយ ធ្វើឱ្យលោកអ៊ុំទទួលបានប័ណ្ណទស្សនាការប្រកួតបាល់ទាត់ជាតិគ្រប់ការប្រកួត ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា ហើយឥឡូវនេះលោកអ៊ុំនឹងទទួលបានសំបុត្រ VIP មួយទៀតពីឯកឧត្តមឌី វិជ្ជា ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League នៅទឹកដីកម្ពុជា៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


