ព័ត៌មានជាតិ
ប្រធានសភាបារម្ភក្រោយឃើញក្មេងៗទិញស្រាបៀរផឹកតាមយករង្វាន់
ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី សំណូមពរឱ្យមានដំណោះស្រាយកែប្រែឥរិយាបថនៃការរស់នៅរបស់ពលរដ្ឋមកគិតគូរពីសុខភាពរបស់ខ្លួនឡើងវិញ បន្ទាប់សម្ដេចឃើញថាក្មេងៗអាយុទើបតែជាង១០ឆ្នាំនាំគ្នាផឹកស្រា ជក់បារី ធ្វើជាការកម្សាន្តសប្បាយ។ សម្ដេចថ្លែងថានេះជាក្ដីបារម្ភពីអនាគតធនធានមនុស្ស សុខភាព និងកម្លាំងផលិតកម្មនាថ្ងៃអនាគតរបស់កម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្ដីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង» កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សម្ដេចប្រធានសភា ឃួន សុដារី បានថ្លែងថាករណីក្មេងៗទើបតែអាយុ១២-១៣ឆ្នាំចូលលុយគ្នាទិញស្រាផឹក ត្រូវបានសម្ដេចឃើញដោយផ្ទាល់ភ្នែកក្នុងពេលចុះមូលដ្ឋានកន្លងទៅ។
សម្ដេចប្រធានសភា៖ «ខ្ញុំចុះទៅមូលដ្ឋាននេះ អាយុទើបតែ១២ឆ្នាំទេស្រាបៀរទិញម្ដងសុទ្ធតែ២កេស។ ពីព្រោះអីប្រកួតប្រជែងគ្នាក្នុងការរកសំណាងផ្សងសំណាង»។

សម្ដេចថ្លែងថាបច្ចុប្បន្នទាំងរដ្ឋាភិបាល និងសភាបានធ្វើការជាច្រើនដើម្បីផ្សព្វផ្សាយសារសុខភាព និងអប់រំពីជំងឺមិនឆ្លង តែហាក់ដូចមិនទាន់កែប្រែឥរិយាបថពលរដ្ឋលើករណីនេះនៅឡើយ។ សម្ដេចចង់ឱ្យមានដំណោះស្រាយដែលមានប្រសិទ្ធភាពដើម្បីកែប្រែស្ថានភាពឱ្យមានភាពល្អប្រសើរឡើង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP)លោក យង់ គិមអេង ថាការផ្សព្វផ្សាយសារអប់រំតែម្យ៉ាងមិនគ្រប់គ្រាន់ទេ ត្រូវមានវិធានការច្បាប់ និងការពង្រឹងត្រួតពិនិត្យផងដែរ។ លោកជំរុញឱ្យកម្ពុជាពន្លឿនការរៀបចំច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹងឱ្យបានឆាប់។

លោក យង់ គិមអេង៖ «នៅប្រទេសជុំវិញមានច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹងតែកម្ពុជាអត់ទាន់មាន។ ដូច្នេះកម្ពុជាគួរតែពន្លឿនច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹងនេះដើម្បីជាប្រយោជន៍សាធារណៈ »។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីសិក្ខាសាលាកាលពីថ្ងៃទី១ ខែមេសា អគ្គលេខាធិការរងសភាលោក ឈាង វណ្ណារិទ្ធ ថាបច្ចុប្បន្នប្រជាប្រិយភាពនៃសារអប់រំសុខភាពនៅមានកម្រិតនៅឡើយបើធៀបនឹងការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនគ្រឿងស្រវឹង។ លោកថាសភាជាតិនឹងជំរុញដល់តំណាងរាស្ត្រ សហជីពកម្មករ និងអ្នកពាក់ព័ន្ធដែលធ្វើការផ្ទាល់ជាមួយពលរដ្ឋធ្វើយ៉ាងណាបញ្ជ្រាបសារសុខភាពឱ្យបានច្រើនដល់ពលរដ្ឋថែមទៀត។

របាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថាបញ្ហាជំងឺមិនឆ្លងបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ៦៤%នៅកម្ពុជា ហើយចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត។ ក្រសួងក៏បានឱ្យដឹងទៀតថាជំងឺមិនឆ្លងសំខាន់ចំនួន៤ដែលសម្លាបមនុស្សច្រើនជាងគេគឺជំងឺសសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


