ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះវីរុសអូមីក្រុងបំប្លែងថ្មី JN.1 ជាពិសេសនារដូវវស្សាខាងមុខ
ក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះ គឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

បច្ចុប្បន្នអង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ បើតាមក្រសួងសុខាភិបាល ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ត្រូវបានរកឃើញមានជាង១៥% នៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មី JN.1 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអ៊ិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ JN.1 បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស (mutations in the spike protein)។
ថ្វីត្បិតតែជេអ៊ិន១ (JN.1) មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺ រួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។ ទន្ទឹមនឹងនោះ នៅក្នុងប្រទេសកម្ពុជានាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលក្នុងលិខិតដដែល។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈ និងឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នា។ ក្នុងនោះពាក់ព័ន្ធនឹងការការពារ និងការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការ រីករាលដាលក្នុងសហគមន៍ ក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ។
រីឯចំពោះវិធានការណ៍បង្កការឆ្លង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ក្នុងរយៈពេល ៤០វិនាទី ឬជាមួយអាល់កុលជែលក្នុងរយៈពេល ២០វិនាទី។ ពាក់ម៉ាសក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស ឬទាញម៉ាសដាក់ក្រោមចង្ការ និងត្រូវដូរម៉ាសថ្មី នៅពេលវាសើម។ ជៀសវាងការខាកស្តោះពាសវាលពាសកាល ហើយត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស ប្រើផ្នត់កែងដៃ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួច ខ្ទប់បោះចោលក្នុងធុងសម្រាបបិទជិត។

ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ រក្សាគម្លាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ។ បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាព ស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរភាពនៃការរស់នៅ ធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី។
ប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌល សុខភាពឬ មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាសដើម្បីបង្កាការឆ្លងទៅអ្នកដទៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


